ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៣ សីហា ។ ទស្សនកិច្ច​នោះ​ត្រូវ​បាន​គេ​មើលឃើញ​នឹង​ជា​ការ​ឆ្លុះ​បញ្ចាំង​ជា​ថ្មី​អំពី​គោលនយោបាយ​ចិន ក្នុង​ការ​គាំទ្រ​ដល់​កម្ពុជា…

រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៣ សីហា ។ ទស្សនកិច្ច​នោះ​ត្រូវ​បាន​គេ​មើលឃើញ​នឹង​ជា​ការ​ឆ្លុះ​បញ្ចាំង​ជា​ថ្មី​អំពី​គោលនយោបាយ​ចិន ក្នុង​ការ​គាំទ្រ​ដល់​កម្ពុជា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី ១០ ខែសីហា បានអោយ​ដឹង​ថា ទស្សនកិច្ច​របស់​លោក វ៉ាង យី នឹង​ក្លាយជា​ឱកាស​សម្រាប់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ត្ប​ង​ពេជ្រ​រវាង​ប្រទេស​ទាំង​ពីរ​ ។ ការ​ប្រកាស​របស់​ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៣ ជា​សក្ខីភាព​ថ្មី​ដែល​ឆ្លុះ​បញ្ចាំង​ថា គោលនយោបាយ​ការ​បរទេស​របស់​ចិន គឺ​មិន​ចោល​កម្ពុជា​ដាច់ខាត​ទោះជា​កម្ពុជា​នឹង​មាន​រដ្ឋាភិបាល​ថ្មី​ចូល​មក​គ្រប់គ្រង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​២២ ខែសីហា ខាង​មុខ​នេះ​ក៏​ដោយ​ចុះ ។

ក្រសួងការបរទេស​ចិន​បាន​ប្រកាស​ជា​ផ្លូវការ​ថា លោក វ៉ាង យី ( Wang Yi) សមាជិក​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​នឹង​បំពេញ​ទស្សនកិច្ច​ប្រទេស​នៅ​ប្រទេស​បី​នៅ​អាស៊ាន បន្ទាប់​ពី​លោក​ចូល​កាន់​តំណែង​ជា​ប្រមុខ​ការទូត​ចិន​ឡើង​វិញ ដោយនៅ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ខែសីហា​តទៅ ។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស​ចិន​មិន​មាន​បញ្ជាក់​ថា លំអិត​នៃ​កម្មវិធី​នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ទាំង​បី​ប្រទេស​នេះ​ទេ ហើយ​ចំពោះ​កម្ពុជា​ក៏​មិន​លំអិត​ដែរ​ដោយ​គ្រាន់តែ​លើក​ឡើង​ថា ប្រទេស​ចិន និង​កម្ពុជា កំពុងធ្វើការ​ដើម្បី​ឈាន​ទៅ​រក​យុគសម័យ​ថ្មី​នៃ​ការ​កសាង​សហគមន៍​ចិន​-​កម្ពុជា ដែល​មានគុណ​ភាព​ខ្ពស់​កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់​ជាមួយនឹង​អនាគត​រួម​គ្នា​តែ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​ប្រកាស​នោះ តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ ក៏​មិន​បាន​បញ្ជាក់​លំអិត​អំពី​ដំណើរ​ទស្សនៈកិច្ច​នេះ​ដែរ ដោយ​គ្រាន់តែ​ដឹង​ថា ដំណើរ​ទស្សនៈកិច្ច​នេះ គឺ​ស្រប​តាម​ការ​អញ្ជើញ​ពី​សម​ភាគី​របស់​លោក វ៉ាង យី នៅ​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​កម្ពុជា​តែ​ប៉ុណ្ណោះ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ដដែល​នោះ​ថា ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី​១០ នៃ​ចក្ខុវិស័យ​នៃ​ការ​កសាង​សហគមន៍​ជាមួយនឹង​អនាគត​រួម​គ្នា​សម្រាប់​មនុស្សជាតិ និង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ ហើយ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​កំពុង​តែ​ឈានមុខ​គេ​ក្នុង​ការ​ជំរុញ​ចក្ខុវិស័យ​នៃ​ការ​កសាង​សហគមន៍​ជាមួយនឹង​អនាគត​រួម​គ្នា​សម្រាប់​មនុស្សជាតិ ហើយ​ប្រជាជាតិ​ទាំងនេះ​ក៏​កំពុង​តែ​ជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​ផង​ដែរ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជំរុញ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​បី ហើយនឹង​ជំរុញ​ឲ្យ​ចរិតលក្ខណៈ​ថ្មី​នៃ​ទំនាក់ទំនង​ចិន​-​សិង្ហ​បុរី​ឱ្យទៅ​ជា​សកម្មភាព​ជាក់ស្តែង ហើយ​ក៏​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​វឌ្ឍន​ភាពរឹងមាំ​ក្នុង​ការ​កសាង​សហគមន៍​មួយ​ដែល​មាន​អនាគត រួម​គ្នា​ទាំង​ជាមួយ​ម៉ា​ឡេ​ស៊ី និង​ជាមួយ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​លើកកំពស់​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ឡើង​ដល់​កម្រិត​ថ្មី​មួយ ។

ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​ជាមួយ​ប្រទេស​ទាំង​បី ដើម្បី​អនុវត្ត​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល និង​គំនិត​ផ្តួចផ្តើម អរិយធម៌ សកល ដើម្បី​ជំរុញ​ការ​ស្តារ​សេដ្ឋកិច្ច និង​ការពារ​សន្តិភាព​ឲ្យ​កាន់តែ​ស៊ីជម្រៅ ។
ក្រសួងការបរទេស​កម្ពុជា​នៅ​មិន​ទាន់​បញ្ជាក់​អំពី​ដំណើរ​ទស្សនៈកិច្ច​លោក វ៉ាង យី នៅ​កម្ពុជា​នៅឡើយ​ទេ នៅ​ត្រឹម​ថ្ងៃត្រង់​ទី​១០ ខែសីហា ប៉ុន្តែ​គេ​ជឿ​ថា នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ លោក វ៉ាង យី នឹង​ជួប​សម​ភាគី​កម្ពុជា​ហើយ​ក៏​នឹង​ជួប​ដោយ​ខានមិនបាន គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ និង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ជា​នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​ថ្ងៃ​ទី​២២ ខែសីហា​តទៅ ។

គោលបំណង​របស់ លោក វ៉ាង យី មក​កម្ពុជា​លើក​នេះ គឺ​ទំនងជា​ផ្តោត​សំខាន់​លើ​ការ​ធានា និង​បញ្ជាក់​អំពី​ជំហ​ការទូត​របស់​មហាអំណាច​នេះ​ចំពោះ​កម្ពុជា​ជូន​មេដឹកនាំ​ដែល​នឹង​ត្រូវ​ចាកចេញ និង​មេដឹកនាំ​ដែល​នឹង​ត្រូវ​ចូល​មក​កាន់​តំណែង​នេះ បើ​ទោះបី​អ្នកវិភាគ​ជា​ច្រើន​បាន​ប៉ាន់​ប្រមាណ​រួច​ហើយ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​គ្មាន​អ្វី​ប្រែប្រួល​ក៏​ដោយ​ចុះ ។ ក្រៅពី​នេះ​ក៏​ជា​ឱកាស​ដែល​ចិន​ប្រាប់​ពិភពលោក​អំពី​គោលនយោបាយ​របស់​ចិន​ចំពោះ​កម្ពុជា​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នៅ​ក្នុង​បទ​អត្ថាធិប្បាយ​មួយ​នៅ​សារព័ត៌មាន ឆា​ណែ​ល ញូ​វ​អេ​ស៊ៀ លោក​បណ្ឌិត ឈាង វ​ណ្ណា​រិ​ទ្ធ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​សរសេរ​ថា​ទំនាក់ទំនង​រវាង​កម្ពុជា និង​អា​មេ​រិ​ក​មាន​ភាព​តានតឹង​ដោយសារ​ការ​ជ្រៀតជ្រែក​របស់​អា​មេ​រិ​ក​ក្នុង​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​។ លោក​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ការ​បោះ​ឆ្នោត សហរដ្ឋអាមេរិក​បាន​ចំអក​ការ​បោះ​ឆ្នោត​ថា «​មិន​សេរី ឬ​យុត្តិធម៌​» ហើយ​បាន​ប្រកាស​ពី​ការ​ហាមប្រាម​ទិដ្ឋាការ​លើ​បុគ្គល​ដែល​ខ្លួន​និយាយ​ថា បាន​ធ្វើ​ឱ្យ​ខូច​ដល់​លទ្ធិប្រជាធិបតេយ្យ និង​បាន​ផ្អាក​កម្មវិធី​ជំនួយ​មួយ​ចំនួន​មក​កម្ពុជា​ផង​ដែរ ប៉ុន្តែ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ដៃគូ​ដ៏​សំខាន់​របស់​កម្ពុជា​បាន​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់​គណបក្សកាន់អំណាច ។

លោក​បណ្ឌិត​បាន​ចែករំលែក​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង បាន​សរសេរ​លិខិត​អបអរសាទរ​របស់​លោក​ជូន​សម​ភាគី​កម្ពុជា ដោយ​លើក​ឡើង​ថា ចិន និង​កម្ពុជា​ជា​សហគមន៍​មួយ​ដែល​មាន​អនាគត​រួម​ ។ លោក​បណ្ឌិត​ក៏​បាន​បន្ត​ទៀត​ថា ទំនាក់ទំនង​កម្ពុជា​-​ចិន នៅ​តែ​ជា​ស្នូល​នៃ​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ក្រោម​រដ្ឋបាល​នៃ​ការ​ដឹកនាំ​របស់​អ្នក​ជំនាន់​ក្រោយ ប៉ុន្តែ​រដ្ឋាភិបាល ដែល​មាន​ក្បាលម៉ាស៊ីន​ថ្មី​ក៏​ត្រូវការ​នូវ​ការ​អនុវត្ត​ដ៏​រឹង​មាំ​នៃ​យុទ្ធសាស្ត្រ​ការពារ​ហានិភ័យ និង​ការ​ធ្វើ​ពិពិធ​កម្ម​ការទូត​ដែរ ។

សរុប​មក​វិញ​សម្រាប់​កម្ពុជា ចិន​នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​មូលដ្ឋាន​ស្នូល​មួយ​នៃ គោលនយោបាយ​ការ​បរទេស​កម្ពុជា ដូច្នេះ​ហើយ​ទើប​ចិន​នៅ​តែ​បន្ត​ធានា និង​ពង្រឹង​ចំពោះ​ទំនាក់ទំនង​នេះ​ទោះជា​ចិន​ដឹង​ថា កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​ការទូត ដើម្បី​រក្សា​ភាព​ជាក់លាក់​ជា​មូលដ្ឋាន​សម្រាប់​ការ​រក្សា​ស្វ័យភាព និង​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ក៏​ដោយ ៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ