រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ចាប់ពីដើម ឆ្នាំ២០២៣ មកទល់បច្ចុប្បន្នសត្វផ្សោតកើតថ្មីមានចំនួន៥ក្បាល និងមានស្លា.ប់៣ក្បាលនាំឱ្យចំនួនសត្វផ្សោតសរុបមានចំនួន៩២ក្បាល ។
ការបញ្ជាក់របស់ក្រសួងកសិកម្ម បន្ទាប់ពីមានសត្វកូនផ្សោតមួយក្បាលបានជាប់មង អ្នកនេសាទបណ្តាលឲ្យងា.ប់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នៅថ្ងៃទី៩ សីហា ឆ្នាំ២០២៣បានលើកឡើងថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣វេលាម៉ោង៥និង៣០នាទីព្រឹក មានកូនផ្សោតញី១ក្បាល ប្រវែង១,០១ម៉ែត្រ ទម្ងន់១៤,៤គីឡូក្រាម អាយុប្រមាណ២ខែបានងា.ប់ដោយជាប់មង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ក្រសួងកសិកម្មបានលើកឡើងថា គិតត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែងនៃតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង១៨០គីឡូម៉ែត្រ ។ ក្រសួងបញ្ជាក់ថា៖«ចាប់ពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន សត្វផ្សោតកើតថ្មីមានចំនួន៥ក្បាល និងមានស្លា.ប់៣ក្បាល នាំឱ្យចំនួនសត្វផ្សោតសរុបមានចំនួន៩២ក្បាល» ។
ជាមួយគ្នានោះដែរ ក្រសួងកសិកម្មបានលើកឡើងថា នៅរដូវទឹកដំឡើងសត្វផ្សោតតែងតែបន្លាស់ទីចេញពីររន្លង់ ដើម្បីតាមហ្វូងត្រីដែលជាចំណី ។ តាមការស្រាវជ្រាវលក្ខណៈជីវសាស្ត្រកូនផ្សោតរស់នៅជាមួយបេ និងបៅដោះរយៈពេលប្រមាណ១ឆ្នាំ ។ ហេតុដូច្នេះ កូនផ្សោតដែលប្រទះឃើញស្លា.ប់នេះទំនងជាបានផ្លាស់ទីតាមមេរបស់វា ឬជាមួយផ្សោតផ្សេងទៀតពីទន្លេមេគង្គលើក្នុងភូមិសាស្ត្រ ខេត្តក្រចេះ និងស្ទឹងត្រែង មកដល់ខេត្តកណ្តាល ហើយត្រូវជាប់មងស្លា.ប់ ។
ជាមួយគ្នានោះដែរ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏សូមអំពាវនាវដល់បងប្អូនអ្នកនេសាទ នៅតាមដងទន្លេមេត្តាជួយឃ្លាំមើល និងចូលរួមថែ រក្សាការពារសត្វផ្សោត ដែលជារតនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជា និងពិភពលោក ។ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទតាមដងទន្លេ ប្រទះឃើញវត្តមានសត្វផ្សោត សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ហើយប្រសិនបើមានសត្វផ្សោតជាប់មង ត្រូវជួយអន្តរាគមន៍ដោះលែងជាបន្ទាន់ និងផ្តល់ព័ត៌មានដល់មន្ត្រី ជំនាញជលផលដែលនៅជិត ឬតាមទូរស័ព្ទ ០១៧ ៨១៨៣៨២, ០៩៩ ៧៩១៩១៩ និង០១២ ៨៩៧៩៤៣៕
ចែករំលែកព័តមាននេះ