ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ កន្លងមក ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួនបានចំនួន០៣នាក់ និងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ។
សមត្ថកិច្ច បានអោយដឹងថា ការឃាត់ខ្លួនក្រុមជនសង្ស័យ បានកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាល បាននិយាយឲ្យដឹងថា លោកអធិការនគរបាលស្រុកសំរោងទង ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសំបូរ បានឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន០៣នាក់ ។
ជនសង្ស័យដែលឃាត់ខ្លួនបាន រួមមានឈ្មោះ៖
១- ឈ្មោះ ម៉ៃ មី ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២- ឈ្មោះ យឹម សាវិន ហៅបឿ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិពោធិប្រេង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
និងទី៣- ឈ្មោះ ឆាយ វិបុល ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្ត្រីនគរបាល បានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យនេះ គឺកម្លាំងប៉ុស្តិ៍សំបូរ បានធ្វើការល្បាតផ្លូវខាងជើងវត្តអង្គខ្មៅ បានឃាត់ម៉ូតូ០១គ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍ ហើយរាយការណ៍ជូនលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ ទើបដឹងថា ម៉ូតូខាងលើពាក់ព័ន្ធករណីគាស់ផ្ទះលួចយកម៉ូតូ កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅភូមិទួលសេរី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រតិបត្តិការខាងលើកម្លាំងនគរបាលដកហូតវត្ថុតាង ៖
-ម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ដោយស្លាកលេខ(កំពង់ស្ពឺ1Q-6105) ត្រូវបានជនសង្ស័យ ដោះកប់ដី នៅក្រោយផ្ទះ ។
ករណីខាងនេះជំនាញព្រហ្មទណ្ឌស្រុកសំរោងទង កំពុងធ្វើការសាកសួរ និងប្រគល់ជូននគរបាលស្រុកភ្នំស្រួច ចាត់ការបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត តាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ៕




ចែករំលែកព័តមាននេះ