ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើនាយករដ្ឋមន្ត្រីថ្មីរបស់​កម្ពុជា​ មានប្រវត្តិ​បែបណា?

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ តាមគម្រោង នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ នេះ ព្រះករុណា ព្រះមហាក្សត្រ នឹងចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី​របស់​កម្ពុជា នៅក្នុងនីតិកាលទី៧ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨​។ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ទើប​រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ចេញរូបរាង​ជាផ្លូវការ​។ តើ​លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រវត្តិបែបណា? 

កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ក្នុងអំឡុងពេល ដែលសម័យខ្មែរក្រហម គ្រប់គ្រងប្រទេស​កម្ពុជា​លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ លោកបណ្ឌិត​ ហ៊ុន ម៉ាណែត​ បានរៀបការ​ជាមួយលោកស្រី​ ពេជ ច័ន្ទមុនី ​មានកូន ៣នាក់ (ស្រី ២នាក់ ប្រុសម្នាក់)។

ក្នុងជួរ​កងទ័ព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយឧត្តមសេនីយ៍ ផ្កាយមាស៤ ដែលមានតំណែង​ជាអគ្គមេបញ្ជាការ​រងនៃកងយោធពល​ខេមរភូមិន្ទ និង​ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម ព្រមទាំង​ជាមេបញ្ជាការរងនៃកងអង្គរក្ស​របស់នាយករដ្ឋមន្រ្តី តាំងពីឆ្នាំ២០១៨។ 

នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជាប់ឆ្នោត​ជាអ្នកតំណាងរាស្ត្រ លំដាប់លេខរៀងទី១ នៅមណ្ឌល​រាជធានីភ្នំពេញ របស់​គណបក្ស​ប្រជាជនកម្ពុជា​។

ក្នុងការសិក្សា កាលនៅថ្នាក់វិទ្យាល័យ លោក ហ៊ុន ម៉ាណែត គឺជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូ​ទាំងប្រទេស។ លោក ហ៊ុន ម៉ាណែត ក៏ជាជនជាតិកម្ពុជា​ដំបូងគេ ដែលបានសិក្សា នៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក និងបញ្ចប់ថ្នាក់​អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York ព្រមទាំង​បញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

ក្នុងសំបុត្រសម្ងាត់មួយ ដែលសម្តេចតេជោ ទម្លាញឲ្យដឹងលើបណ្តាញសង្គម បង្ហាញថា ក្នុងសំបុត្រសម្ងាត់ នៅឆ្នាំ១៩៩៤ កូនប្រុសសម្តេច គឺលោក ហ៊ុន ម៉ាណែត ដែលពេលនោះ កំពុងសិក្សានៅសាកលវិទ្យាល័យមួយ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានសសេរលិខិតសម្ងាត់ មួយច្បាប់ មកសម្តេច ដើម្បីស្នើសុំសម្តេច ចូល​រៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយ ជាមួយនឹងការប្តេជ្ញា រៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។

សំបុត្រសម្ងាត់ ក៏បានបង្ហាញថា លោក​ ហ៊ុន ម៉ាណែត បានចូលទៅធ្វើកម្មសិក្សា នៅធនាគារ​ពិភពលោក ដែលត្រូវបានបញ្ជូនទៅធ្វើការងារ នៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅសកលវិទ្យាល័យញ៉ូវយ៉ក។ លោក ហ៊ុន ម៉ាណែត ធ្លាប់បានទៅរស់នៅជាមួយគ្រួសារ​បារាំងមួយ នៅប្រទេសបារាំង ដោយស៊ីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសារនេះ ដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិត នៅប្រទេសអង់គ្លេស លោក ហ៊ុន ម៉ាណែត បានចូលបង្រៀនគណិតវិជ្ជា សម្រាប់និស្សិតឆ្នាំទី២ និងទី៣ ដើម្បីបានប្រាក់ខ្លះ សម្រាប់ចំណាយកាត់បន្ថយការចំណាយរបស់​ឪពុកម្តាយ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅពេលកូវីដឆ្លងរាតត្បាត លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួម​យ៉ាងសកម្ម ពិសេសតាមរយៈក្រុមគ្រូពេទ្យធីតា ក្រោមការដឹកនាំរបស់ភរិយា​លោក​ផ្ទាល់។ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា លោក​ ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ និងត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែ​មិថុនា ឆ្នាំ២០២០។ លោក ហ៊ុន ម៉ាណែត ក៏ជាអនុប្រធានក្រុមការងារ​ចុះជួយរាជធានី​ភ្នំពេញ របស់គណបក្ស​ប្រជាជនកម្ពុជា ផងដែរ​។ 

ក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជន​កម្ពុជា ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយក​រដ្ឋមន្រ្តី សម្រាប់ពេលអនាគត​។​

ក្រោយ​ការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា បានប្រកាស​មិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតឡើយ បន្ទាប់ពី​សម្តេច បានកាន់តំណែងនេះ អស់រយៈពេលជាង ៣៨ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីយូរជាងគេ នៅលើពិភពលោក។ សម្តេចតេជោ បានប្រកាស​ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវក្លាយ​ជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នៅអាណត្តិទី៧ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨​។

​សេចក្តីប្រកាសផ្ទាល់មាត់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​ថា ក្រោយ​គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះមហាក្សត្រ យកថ្ងៃចន្ទ ទី៧ ខែសីហា ដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី គឺ​លោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីឱ្យនាយករដ្ឋមន្ត្រីថ្មី មានលទ្ធភាព រៀបចំ​រាជរដ្ឋាភិបាល​ថ្មី​។

សម្តេចតេជោ ហ៊ុន សែន បន្តថា កាលបរិច្ឆេទប្រជុំសភាថ្មី ក្រោយការបោះឆ្នោត​ គឺព្រះមហាក្សត្រ នឹងកោះប្រជុំរដ្ឋសភាថ្មី នៅថ្ងៃទី២១ ខែសីហា។ នៅពេលល្ងាចថ្ងៃទី២១សីហា​ សមាជិករដ្ឋសភា នឹងស្បថ ចូលកាន់តំណែង។ នៅថ្ងៃទី២២សីហា ពេលព្រឹក រដ្ឋសភា នឹងប្រជុំក្រោម​អធិបតី​ព្រឹទ្ធបុរស ( អ្នកជាប់ឆ្នោតជាតំណាងរាស្ត្រ ដែលមានអាយុច្រើនជាងគេ ) ដើម្បីបោះឆ្នោតជ្រើស​តាំង​ក្បាល​ម៉ាស៊ីនរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មី ហើយនៅ​ល្ងាច ថ្ងៃទី២២សីហា គណៈរដ្ឋមន្ត្រីថ្មី នឹងស្បថចូលកាន់តំណែង។

សម្តេចតេជោ ហ៊ុន សែន ក៏បាន​បញ្ជាក់សាជាថ្មីថា សម្តេច​នៅតែជាតួអង្គនយោបាយ ដែលដឹកនាំ​ប្រទេស គឺសម្តេច នៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ជា​សមាជិករដ្ឋសភា និងជាប្រធាន​ឧត្តម​ប្រឹក្សាព្រះមហាក្សត្រ។ នៅពេលបោះឆ្នោតព្រឹទ្ធសភារួច នៅខែកុម្ភៈ ឆ្នាំ២០២៤ ហើយ​អាច​ថា នៅខែមីនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន នឹង​ក្លាយជាប្រធានព្រឹទ្ធសភា ដែលនឹង​កាន់តំណែងជាប្រមុខរដ្ឋស្តីទី នៅពេលព្រះករុណា ព្រះមហាក្សត្រ យាងចាកចេញ​ទៅក្រៅ​ប្រទេស៕