ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុង​តាម​រក​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​​ដឹក​នារី​បរទេស​បង្ហូ​ស​សណ្ឋាគារ​ក្នុង​បំណង​មិនល្អ

8 ខែ មុន
  • បាត់ដំបង

កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ស្វែង​រកមុខ​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា ដែល​ដឹក​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​បង្ហូ​ស​សណ្ឋាគារ​ដែល​នាង​ត្រូវ​ស្នាក់​នៅ ហើយ​បម្រុង​ដឹក​យក​នាង​ទៅ​កន្លែង​ស្ងាត់ ក្នុង​ចេតនា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ធ្វើ​ឲ្យ​នាង​ភ័យ​ក៏​សម្រេចចិត្ត​

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ស្វែង​រកមុខ​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា ដែល​ដឹក​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​បង្ហូ​ស​សណ្ឋាគារ​ដែល​នាង​ត្រូវ​ស្នាក់​នៅ ហើយ​បម្រុង​ដឹក​យក​នាង​ទៅ​កន្លែង​ស្ងាត់ ក្នុង​ចេតនា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ធ្វើ​ឲ្យ​នាង​ភ័យ​ក៏​សម្រេចចិត្ត​លោ​.​ត​ចុះ​ពីលើ​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​តែ​ម្តង បណ្ដាល​នារី​រង​គ្រោះ​រង​របួស​បាក់​ម្រាមដៃ​១ និង​របួស​លើ​ផ្ទៃមុខ​ទៀត​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​។

ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ព្រោងព្រាត​តាម​បណ្ដាញ​សង្គម ដែល​បាន​ចែករំលែក​ផ្សព្វផ្សាយ​បន្ត​គ្នា ក្រោយ​ពី​មាន​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា «Sam Achhara» បាន​បង្ហោះ​ជា​សាធារណៈ​ដំបូង​គេ ដោយ​ភ្ជាប់​នូវ​រូបថត​ជន​រង​គ្រោះ ដែល​មាន​ស្នាម​របួស​ផង​ដែរ​។

យោង​ទៅ​លើ​ខ្លឹមសារ​ដែល​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ បាន​សរសេរ​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៣ ខណៈ​ពេល​ស្ត្រី​ជា​ជនជាតិ​បារាំង​រូប​នេះ ចុះ​ពីលើ​រថយន្តក្រុង​ដឹក​អ្នកដំណើ ហើយ​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិះ​ទៅ​កាន់​សណ្ឋាគារ​ដែល​នាង​ត្រូវ​ស្នាក់​នៅ​។

ម្ចាស់​អាក់​ខោ​ន​ខាងលើ​នេះ មិន​បាន​ប្រាប់​ឈ្មោះ​ជនបរទេស​នោះ​ទេ តែ​បាន​បញ្ជាក់​ថា «​នាង​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង​»​។ គាត់​បាន​ឲ្យ​ដឹង​ទៀត​ថា «​ភ្ញៀវ​ទេសចរ​រូប​នេះ បាន​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្តក្រុង​ពេល​យប់ ដោយ​ចេញពី​ភ្នំពេញ​ឆ្ពោះ​មក​កាន់​ខេត្តបាត់ដំបង លុះ​មក​ដល់​ចំណតរថយន្ត​នៅ​វេលា​ទៀប​ភ្លឺ នាង​ចុះ​ពី​រថយន្ត រួច​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ឲ្យ​ដឹក​រូប​នាង​ទៅ​កាន់​សណ្ឋាគារ «​ឡាក់​គី​» នៅ​ក្នុង​ក្រុង​បាត់ដំបង​។ ប៉ុន្តែ​ពេល​ដឹក​ទៅ អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា មិន​បាន​ដឹក​នាង​ទៅ​កាន់​សណ្ឋាគារ​នោះ​ទេ បែរជា​ព្យាយាម​ដឹក​នាង​ទៅ​កន្លែង​ស្ងាត់ បើ​ទោះជា​នាង​បាន​ប្រាប់​ម្ដង​ហើយ​ម្ដងទៀត ឲ្យ​អ្នកបើកបរ​នោះ​ដឹក​នាង​ទៅ​សណ្ឋាគារ​ក្ដី​»​។

ម្ចាស់​អាក់​ខោ​ន​ខាងលើ​នេះ បាន​បញ្ជាក់​ទៀត​ថា «​នោ​ពេល​ឃើញ​សភាព​បែប​នេះ ធ្វើ​ឲ្យ​នាង​ភិត​ភ័យ ទើប​នាង​សម្រេចចិត្ត​លោ​.​ត​ចុះ​ពីលើ​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​តែ​ម្តង រហូត​ធ្វើ​ឱ្យ​នាងរង​បួស​បាក់​ម្រាមដៃ​១ និង​របួស​លើ​ផ្ទៃមុខ​ទៀត​ផង​»​។

ក្រោយ​មានការ​ភ្ញាក់ផ្អើល​នៅ​យប់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៣​ភ្លាម សមត្ថកិច្ច​ក៏​បាន​តាម​ស្រាវជ្រាវ​ស្វែងរក​ស្ត្រី​បរទេស​ដែល​ជា​ជនជាតិ​បារាំង​រូប​នេះ ដើម្បី​សួរនាំ​អំពី​ដំណើររឿង ហើយ​ក៏​បាន​ជួប​នាង និង​សួរនាំ​នាង​ដឹង​អំពី​រឿង​នេះ​។ ប៉ុន្តែ​សមត្ថកិច្ច​ហាក់​ជួប​ការ​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​រកមុខ​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា​ដ៏​កំ​ហូ​.​ច​រូប​នោះ ដោយសារ​តែ​ពុំ​ស្គាល់​អត្តសញ្ញាណ ឬ​ភិនភាគ​ជន​ទុ​ច្ច​រិ​.​ត​នោះ​ឡើយ ប៉ុន្តែ​តាម​រយៈ​ការ​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​នានា នៅ​តាម​ដងផ្លូវ និង​នៅ​ចំណតរថយន្ត សមត្ថ​កិច្ច​ហាក់​មាន​តម្រុយ​ខ្លះ​ៗ​ហើយ​។

អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ដែរ​ថា កម្លាំង​របស់​លោក​​បាន​និង​កំពុង​តាមដាន​តម្រុយ​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​តាំងពី​ចំណតរថយន្ត និង​តាម​ដងផ្លូវ​ដែល​ជន​នេះ​ដឹក​ភ្ញៀវ​ខាងលើ​។

លោក​ប្រាប់​បន្ត​ថា នៅ​តាម​ដងផ្លូវ​ត្រង់​ចំណុច​ផ្លូវកែង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចា គេ​បាន​ប្រទះ​ឃើញ​បំណែក​កញ្ចក់​មួយ​ចំហៀង ដែល​គេ​សង្ស័យ​ថា គឺជា​បំណែក​កញ្ចក់​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​បើក​លឿន រហូត​បត់​ដួល ហើយ​ក៏​មាន​ជាប់​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​គេ​បំពាក់​ខាង​មុន​ផ្ទះ​ខ្លះ​ៗ​ផង​ដែរ​។ ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​តាម​តម្រុយ​នេះ​ហើយ​។

បើ​តាម​ប្រភព​ព័ត៌មាន​ដទៃ​ទៀត បាន​និយាយ​ឱ្យ​ដឹង​ថា អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ មិន​ព្រម​ដឹក​​ស្ត្រី​បរទេស​រូប​នោះ​ទៅ​តាម​ផ្លូវជាតិ​ក្នុង​ក្រុង​ទេ តែ​បែរជា​ដឹក​នាង​ចេញពី​ចំណត​នៅ​ក្នុង​ផ្សារ «​ភូ​ពុ​យ​» ទៅ​តាម​ផ្លូវ​ខាងជើង​ផ្សារ ដែល​ស្ងាត់ឈឹង​គ្មាន​ភ្លើង រួច​ឆ្ពោះទៅ​ទិស​ខាងកើត​។ លុះដល់​ចំណុច​កើតហេតុ ស្ត្រី​បរទេស​ក៏​លោ​.​ត​ចុះ​ស្រែក​រក​គេ​ជួយ​តែ​ម្ដង ចំណែក​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​វិញ ទំនងជា​ភ័យ​ស្លន់ស្លោរ​ក៏​បន្ថែម​ល្បឿន​បត់​ត្រឡប់​ក្រោយ ទើប​បណ្ដាល​ឲ្យ​ក្រឡាប់​បែក​កញ្ចក់​មួយ​ចំហៀង​បន្សល់​ទុក​បំណែក​នៅ​កន្លែង​កើតហេតុ តែ​គេ​ពុំ​ស្គាល់​ជន​ទុ​ច្ច​រិ​.​ត​នោះ​ទេ​។

យ៉ាងណា​ម៉ិ​ញ សមត្ថកិច្ច​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជន​ទុ​ច្ច​រិ​.​តម្នាក់​នេះ​ឲ្យ​ឃើញ ព្រោះ​អំពើ​ទុ​ច្ច​រិ​.​តរបស់​ជន​នេះ មិនមែន​ត្រឹមតែ​ធ្វើ​ឲ្យ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​នេះ​ភ័យ​ខ្លាច​នោះ​ទេ វា​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ណាស់​ទៅ​លើ​ភ្ញៀវ​ទេសចរ​បរទេស​គ្រប់​ជាតិ​សាសន៍​ដទៃ​ទៀត ដែល​មាន​បំណង​មក​លេង​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ