ខេត្តស្ទឹងត្រែង ៖ លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះថា «ទន្លេមេគង្គ» កម្ពស់ទឹកនៅអាងទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់៨ម៉ែត្រ៨៧ហើយ ខណៈកាលពីម្សិលមិញមានកម្ពស់៨ម៉ែត្រ៣០ ដែលកំរិតប្រកាសអាសន្ននៅក្នុងកម្ពស់១០ម៉ែត្រ៧០។ ចំណែកទន្លេសេកុងវិញ មានកម្ពស់៩ម៉ែត្រ៧០ ដែលកាលពីម្សិលមិញមានកម្ពស់៩ម៉ែត្រ៩២ ស្រក់ចុះ០,២២ម៉ែត្រ ហើយកំរិតប្រកាសអាសន្ន១១ម៉ែត្រ៥០។ រីឯទន្លេសេសាន កម្ពស់ទឹក៨ម៉ែត្រ៩៦ ដោយឡែកកាលពីម្សិលមិញកម្ពស់ទឹក៨ម៉ែត្រ៥៦ កើនឡើង០,៤០ម៉ែត្រ ហើយកំរិតប្រកាសអាសន្នគឺ១០ម៉ែត្រ៥០។
លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់ថា ទឹកទន្លេទាំង៤ក្នុង ខេត្តស្ទឹងត្រែង មានទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក សុទ្ធតែបានហក់ឡើងជារៀងរាល់ថ្ងៃដូចៗគ្នា ។
លោកប្រធានមន្ទីរបន្តថា ខណៈភ្លៀងនៅតែបន្តធ្លាក់រ៉ាយប៉ាយទាំងក្នុងខេត្តស្ទឹងត្រែង និងប្រទេសជិតខាងដែលស្ថិតនៅមេគង្គលើបែបនេះបន្តទៀត ច្បាស់ណាស់ថា ទឹកទន្លេនៅតែបន្តហក់ឡើងពីតិចទៅច្រើនគួរឱ្យព្រួយបារម្ភបំផុត។ ហេតុដូច្នោះ បងប្អូនប្រជាជន គួរតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេមេគង្គទាំងអស់តែម្តង។
ដោយឡែក លោក ញ៉ែម វណ្ណយុត្តិ នាយរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះថា អាជ្ញាធរខេត្ត មានកងកម្លាំងប្រដាប់អាវុធបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈទឹកទន្លេនៅបន្តហក់ឡើងគួរឱ្យកត់សម្គាល់។ ហើយក៏បានទំនាក់ទំនងជាប់ជាប្រចាំជាមួយអាជ្ញាធរស្រុក-ក្រុង ដើម្បីផ្តល់ទិន្នន័យនៃកម្រិតទឹកហក់ឡើង ដើម្បីបានដឹងទុកជាមុន និងមានវិធានការជួយសង្គ្រោះ។
ចំពោះគ្រូពេទ្យ ក៏អាជ្ញាធរខេត្តបានត្រៀមក្រុមគ្រូពេទ្យ ដើម្បីចុះដល់ចំណុចដែលរងគ្រោះ ឬងាយរងគ្រោះដោយសារទឹកជំនន់ ដើម្បីជួយដល់ប្រជាពលរដ្ឋនៅសេវាសុខភាពឱ្យបានទាន់ពេលផងដែរ៕
ចែករំលែកព័តមាននេះ