រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ឧសភា នេះ ប្រទេសជាច្រើនទូទាំងពិភពលោកចាប់ផ្តើមប្រកាសជាលើកដំបូងនូវទសវត្សសុវត្ថិភាពចរាចរណ៍២០១១-២០២០ ។ ទសវត្សសុវត្ថិភាពចរាចរណ៍រិះរកមធ្យោបាយការពារពីការស្លាប់ និងរបួសស្នាមដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលតាមអ្នកជំនាញបានប៉ាន់ប្រមាណថានឹងបណ្តាលឱ្យមានមនុស្សស្លាប់ប្រចាំឆ្នាំរហូតដល់១លាន៩សែននាក់នាឆ្នាំ២០២០ ។ ដើម្បីជាការចូលរួមការប្រកាសនេះ រដ្ឋាភិបាលនៃប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជាផង នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំ និងប្តេជ្ញាចិត្តចំពោះការអនុវត្តតាមទសវត្សសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ព្រមទាំងការផ្តល់សេវាសង្គ្រោះដល់ជនរងគ្រោះថ្នាក់ទៀតផង។
សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាដ៏ធំមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ។ ចំនួនគ្រោះថ្នាក់ចំនួនអ្នកស្លាប់ និងចំនួនអ្នកពិការដោយសារគ្រោះថ្នាក់ចរាចរណ៍គឺកំពុងតែជាបញ្ហាដ៏ក្តៅគគុក ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ចំនួនអ្នកស្លាប់បានកើនឡើងស្ទើរតែទ្វេដង ។ គ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យមានផលប៉ះពាល់ដ៏ធំចំពោះអ្នកដែលងាយរងគ្រោះបំផុតដែលក្នុងនោះជាង៧០% នៃជនរងគ្រោះដល់ស្លាប់គឺជាអ្នកជិះម៉ូតូហើយជិត២០%ទៀតគឺជាអ្នកថ្មើរជើង និងអ្នកជិះកង់ ។ ជាលទ្ធផល គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១០ បានបង្កឱ្យមានការប៉ះពាល់ចំពោះសុខុមាលភាពសង្គម និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា យ៉ាងធ្ងន់ ដែលតាមការប៉ាន់ស្មានឃើញថា មានការខាតបង់រហូតដល់ទៅ២៧៩លានដុល្លារក្នុងរយៈពេលតែមួយឆ្នាំ ហើយមានការកើនឡើង១៣% ធៀបជាមួយឆ្នាំ២០០៩ កន្លងមក ។
ដើម្បីទប់ទល់នឹងកំណើននៃគ្រោះថ្នាក់ និងជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ រាជរដ្ឋាភិបាលកម្ពុជាបានលើកយកបញ្ហាសុវត្ថិភាពចរាចរណ៍គឺជាបញ្ហាជាតិដែលត្រូវដោះស្រាយ។ ចាប់តាំងពីដើមឆ្នាំ ដោយមានជំនួយឧបត្ថម្ភពីដៃគូធ្វើការងារសវុត្ថិភាពចរាចរណ៍ផង ប្រទេសកម្ពុជាបានបង្កើតផែនការជាតិសុវត្ថិភាពចរាចរណ៍សម្រាប់ឆ្នាំ២០១១ ដល់២០២០ ដោយអនុលោមទៅតាមទសវត្សនៃសកម្មភាពសុវត្ថិភាពចរាចរណ៍សាកល ដែលផែនការនោះមាន៧ចំណុចគឺ ១-ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ ២-ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣-យានយន្តប្រកបដោយសុវត្ថិភាព ៤-ឥរិយាបថប្រកបដោយសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវ ៥-ការជួយសង្គ្រោះដល់ជនរងគ្រោះ ៦-ច្បាប់ចរាចរណ៍ និងការរឹតបន្តឹងច្បាប់ ៧-ការផ្តល់ប័ណ្ណបើកបរ។
ប្រទេសកម្ពុជា បានប្តេជ្ញាចិត្តដើម្បីសម្រេចគោលដៅជាតិក្នុងការកាត់បន្ថយចំនួនជនរងគ្រោះដល់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៣០% នៅក្នុងឆ្នាំ២០២០ ។ ដើម្បីសម្រេចគោលដៅនេះបាននឹងមានការធ្វើអន្តរាគមន៍ពិសេសទៅលើកត្តាគ្រោះថ្នាក់សំខាន់ៗដូចជា ការមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ និងការបើកបរក្រោយពេលពិសាជាតិស្រវឹង នៅក្នុងទសវត្សខាងមុខនេះ។ នេះគឺជាស្នាដៃជាប្រវត្តិសាស្ត្រដែលបង្ហាញនូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ និងជាការរួមចំណែកក្នុងការសម្រេចបាននូវផែនការទសវត្សសុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិ។ បើយើងរួមគ្នាពុះពារអនុវត្តតាមផែនការនោះបាន ប្រទេសកម្ពុជានឹងអាចសង្គ្រោះជីវិតមនុស្សបានចំនួន៤.៧០០នាក់ ក្នុងអំឡុងពេល១០ឆ្នាំខាងមុខនេះ ៕
ចែករំលែកព័តមាននេះ