រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ លោកញឹម ពិសាល ចៅក្រមស៊ើបសួរ
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន៣គ្រាប់រឿងប្រចណ្ឌប្រពន្ធ ។

បុរសនោះឈ្មោះ វង្ស ប៊ុនហាក់ អាយុ៤០ឆ្នាំ មុខរបរជាអ្នកបង្កើតវីដេអូក្នុងYou Tube មានទីលំនៅភូមិមល សង្កាត់ដង្កោ រាជធានីភ្នំពេញ ។ ដីកាឃុំខ្លួនបានដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០ ២៣ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញ ត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។
សូមរម្លឹកថា កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវបេតុង អតីតផ្សារPCចាស់ ចុះពីផ្លូវលេខ៣៧១ ចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធមួយបានកើតឡើង ដែលបុរសម្នាក់ជាជនបង្កបានឆែកមើលទូរស័ព្ទដៃប្រពន្ធ ឃើញមានឆាតលេងជាមួយប្រុសដទៃ ខណៈដែលប្រុសនោះ ត្រូវជាអ្នកធ្វើការនៅក្រុមហ៊ុនជាមួយគ្នា ។

បន្ទាប់ពីបានមើលសារឆាតចុះឡើងរវាងប្រពន្ធ និងប្រុសនោះរួចហើយ បុរសជាប្តីក៏មានចិត្តខឹងសម្បា បង្កើតនូវភ្លើងប្រចណ្ឌបានបើកបររថយន្តម៉ាក FORD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BP-8001 ធ្វើដំណើរតម្រង់ទៅកាន់ផ្ទះបុរសនោះ លុះពេលទៅ ដល់ភ្លាម ជនបង្កបានដកកាំភ្លើងបាញ់សំដៅទៅផ្ទះជនរងគ្រោះចំនួន៣ គ្រាប់ ហើយក៏បើករថយន្តចេញបាត់ ។
ប៉ុន្តែមិនបានប៉ុន្មានក្រោយមកកម្លាំងសមត្តកិច្ចកងរាជអាវុធមូលដ្ឋានខណ្ឌ មានជ័យ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រហូតចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ