ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វរការពារ​ព្រំដែន​បង្ក្រាប​រថយន្ត​យីឌុប​ដឹក​ដំឡូងមី​បង្កប់​ឈើ​ប្រណីត

14 ឆ្នាំ មុន

ខេត្តរតនគិរី ៖ រថយន្ត​យីឌុប​មួយ​គ្រឿង​​ដឹក​ដំឡូង​មី​ចេញពី​ខេត្ត​រតន​គិរី​ឆ្ពោះ​ទៅ​ប្រទេស​​យួន​ឆ្លង​​កាត់​ច្រក​​​អន្តរ​ជាតិ​អូរ​យ៉ាដាវ ដែល​សង្ស័យ​មាន​​បង្កប់​ឈើ​ប្រណីត​ប្រភេទ​បេង​ នាង​នួន និង​គ្រញូង ​ត្រូវបាន​កម្លាំង​របស់​​វរ​​ការ​​ពារ​ព្រំដែន​​ធ្វើ​ការ​បង្ក្រាប និង​រឹប​អូស​​យក​​មក​ប្រគល់​​ឱ្យ​​មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ឆែក​ឆេរ​ត្រួត​ពិនិត្យ​​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ​

ខេត្តរតនគិរី ៖ រថយន្ត​យីឌុប​មួយ​គ្រឿង​​ដឹក​ដំឡូង​មី​ចេញពី​ខេត្ត​រតន​គិរី​ឆ្ពោះ​ទៅ​ប្រទេស​​យួន​ឆ្លង​​កាត់​ច្រក​​​អន្តរ​ជាតិ​អូរ​យ៉ាដាវ ដែល​សង្ស័យ​មាន​​បង្កប់​ឈើ​ប្រណីត​ប្រភេទ​បេង​ នាង​នួន និង​គ្រញូង ​ត្រូវបាន​កម្លាំង​របស់​​វរ​​ការ​​ពារ​ព្រំដែន​​ធ្វើ​ការ​បង្ក្រាប និង​រឹប​អូស​​យក​​មក​ប្រគល់​​ឱ្យ​​មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ឆែក​ឆេរ​ត្រួត​ពិនិត្យ​​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ​ឃើញ​មាន​ឈើ​​ប្រណីត​ប្រភេទ​គ្រញូង​​ច្រក​ក្នុង​ការុង​ចំនួន​៤​ការុង និង​​ថូផ្កា​ប្រភេទ​ឈើ​​ធ្នង់​​ចំនួន​៥​គូ ។

​តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា រថយន្ត​​ដឹក​ដំឡូង​មី​បង្កប់​​ឈើ​ប្រណីត​នេះ​ម៉ាក KIA (កូរ៉េ) ​ពណ៌ស​ ក្បាល​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-7489 បើក​បរ​ដោយ​ឈ្មោះ​សល់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​នៅភូមិ​២ សង្កាត់​​​ឡា​បាន​សៀក ​ក្រុង​បាន​​លុង ដឹក​ដំឡូង​មី​ចេញពី​ឃ្លាំង​​មួយ​នៅ​ភូមិ​តឺន ឃុំតឺន ស្រុក​កូន​មុំ ដែល​មាន​ថៅកែ​ជា​ជន​ជាតិ​យួន​ឈ្មោះ​ឡឹក ជា​អ្នក​ប្រមូល​ទិញ​ដើម្បី​ដឹក​ជញ្ជូន​​ទៅ​លក់​​នៅ​ប្រទេស​យួន ។ ប្រភព​បាន​បន្ត​ទៀត​ថា ​ឈើ​ប្រណីត​ និង​ថូ​ផ្កា​​​នេះ​ជា​របស់​ម​ន្ត្រី​យោធា​​នៅ​ស្រុក​កូន​​មុំ ។ ​បន្ទាប់​ពី​ធ្វើ​ការ​ដឹក​ជញ្ជូន​ដោយ​មាន​ការ​​រត់​​ការ​ផ្លូវ​គ្រប់​ស្ថាប័ន​​ក្នុង​តំបន់​ឆ្លង​កាត់​រួច​មក​​ លុះ​ទៅ​ដល់​មុខ​​ទី​បញ្ជា​ការ​​យោធាវរ​ការ​ពារ​ព្រំដែន​​ស្ថិត​ក្នុង​ឃុំ​ប៉ក​ញ៉ៃ ​ស្រុក​អូរ​យ៉ា​ដាវ ​ទំនង​មិន​ត្រូវ​​ថ្លៃ​ក្នុង​ការ​បង់​ប្រាក់ ទើប​​ធ្វើ​ការ​ឃាត់​ទុក​តែ​ម្តង ព្រោះ​អ្នក​រត់​ការ​បាន​ប្រាប់​ថា ​មាន​​តែ​ថូ​ផ្កា​៥​​គូ​ប៉ុណ្ណោះ ​ឯ​កង​កម្លាំង​សង្ស័យថា ​មាន​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ផ្សេង​ទៀត ព្រោះ​​តាម​ដំណឹងដែល​​រាយ​ការណ៍​​ប្រាប់​ថា មាន​បង្កប់​​ឈើ​ប្រណីត​កន្លះ​រថយន្ត​យីឌុប។  ​

កម្លាំង​យោធា​វរកា​រពារ​ព្រំដែន​បាន​​ចាប់​ឃាត់​រថយន្ត​យីឌុប​​នោះ​​នៅ​ព្រឹក​ថ្ងៃ​​ទី​៨ ឧសភា ​រក្សា​ទុក​នៅ​មុខ​ទី​បញ្ជា​ការ​វរៈ​​អស់​រយៈ​ ពេល​មួយ​ថ្ងៃ ទើប​​រឹប​អូស​យក​​មក​ប្រគល់​ឱ្យ​ជំនាញ​ព្រៃ​ឈើ​​នៅព្រឹក​ថ្ងៃ​​ទី​៩ ឧសភា ។ ​ក្រោយ​ពី​ធ្វើ​ការ​រុះ​រើ​ឆែ​កឆេរ​រួច​មក​​មន្ត្រី​ជំនាញ​រដ្ឋ​បាល​​ព្រៃ​ឈើ​​បាន​ធ្វើ​ការត្រួតពិនិត្យ​ឃើញ​មាន​ថូ​ផ្កា​បង្កប់​​នៅពី​ខាង​មុខ​ចំនួន​៥​គូ និង​ឈើ​​ប្រណីត​​ប្រភេទ​គ្រញូង​​ចំនួន​៤​ការុង ។ ​តាម​ម្ចាស់​រថយន្ត​បាន​ឱ្យ​ដឹង​ថា ថូផ្កា​​​​ដែល​មាន​ចំនួន​៥​គូ​​នេះ​គឺ​ប្រវែង​១,៦​ម៉ែត្រ ពីរគូ​ ប្រវែង​១,៨​ម៉ែត្រ ៣គូ និង​ឈើ​គ្រញូង​ចំនួន​១០០​គីឡូ​​ក្រាម ។ ​រថយន្ត​របស់​គាត់​ផ្ទុក​ដំឡូង​មី​នោះ​ទម្ងន់​​ចំណុះ​៣៥​តោន ហើយ​គាត់​ស៊ីឈ្នួល​ដឹក​ ពី​ឃ្លាំង​របស់ «តា​ហួរ» នៅភូមិតឺន ​ទៅ​ប្រទេស​​យួន ក្នុងតម្លៃ​​៣​មឺុន​រៀល ​ក្នុង​មួយ​តោន។

បើ​តាម​ប្រភពព័ត៌មាន​ផ្សេង​ទៀត​បាន​ឱ្យ​ដឹង​ថា រូប​ភាព​ដឹក​ជញ្ជូន​បង្កប់​​ឈើ​ប្រណីត​ក្នុង​ដំឡូង​មី​បែប​នេះ គឺ​​តែង​មាន​ជា​ហូរ​ហែ​ហើយ​ក៏​មាន​ការ​បង់​ថ្លៃ​​តាម​ផ្លូវ​ដល់គ្រប់​ស្ថាប័ន​ផង​ដែរ ។ ​ថ្មីៗ​នេះ​ក៏​មាន​គ្រឿង​សង្ហារិម​​មួយ​ចំនួន​ត្រូវបានគេ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​​យួន​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​អូរ​យ៉ា​ដាវ​នេះ ដែលសុទ្ធ​តែ​​ជា​មន្ត្រី​កង​កម្លាំង​ដែល​​​មាន​​ស័ក្តិ​ធំៗ។ ​មិន​តែ​ប៉ុណ្ណោះ​ នៅ​មាន​រថយន្ត​កាមរី​​ដឹក​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ជា​ច្រើន​​​គ្រឿងដែល​ក្នុង​១​យប់ៗ​មិន​ក្រោម​ពី​​៨​ទៅ​១០​​​គ្រឿង​ឡើយ​ នាំ​ចេញ​តាម​ច្រក​​​របៀង​ភូមិ​ធិះ ​ស្ថិត​ក្នុង​ឃុំ​ប៉ក​ញ៉ៃ ​ស្រុក​អូរ​យ៉ា​ដាវ ។ ​ការ​ដឹក​ជញ្ជូន​នៅ​ពេល​យប់​គ្មាន​សមត្ថ​កិច្ច​ណា​បង្ក្រាប​ឡើយ​ ​ភាគ​ច្រើន​ដឹក​ចេញពី​ស្រុក​វើន​សៃ និងស្រុក​តា​វែង ​ឆ្លង​កាត់​ក្រុង​បាន​លុង​ឆ្ពោះ​​ទៅ​ប្រទេស​​យួន​តាម​​​​ផ្លូវ​ជាតិ​លេខ៧៨A ៕