ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ពិត​នៅ​ពីក្រោយ​ដែល​វត្ត​ទឹក​វិល ធ្វើ​ទីង​មោង​​រូប​តារាចម្រៀង​រ៉េ​ប វណ្ណ​ដា (​វី​ដេ​អូ​)

9 ខែ មុន
  • កណ្តាល

នៅ​ពេល​និយាយ​ទៅ​ដល់​ការ​ដង្ហែ​ទីង​មោង​​របស់​អ្នកស្រុក​ស្អាង អាច​និយាយ​បាន​ថា នេះ​គឺជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​អ្នកស្រុក​នេះ​ទៅ​ហើយ ពោល​គឺ​អោយ​​តែ​ដល់​រដូវ​ដង្ហែ​ទៀន​ព្រះ​វស្សា គេ​តែង​ធ្វើ​ពិធី​មួយ​នេះ​ឡើងជា​រៀង​រាល់​ឆ្នាំ​។ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ

ខេត្តកណ្តាល ៖ នៅ​ពេល​និយាយ​ទៅ​ដល់​ការ​ដង្ហែ​ទីងមោង​របស់​អ្នកស្រុក​ស្អាង អាច​និយាយ​បាន​ថា នេះ​គឺជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​អ្នកស្រុក​នេះ​ទៅ​ហើយ ពោល​គឺ​អោយ​តែ​ដល់​រដូវ​ដង្ហែ​ទៀន​ព្រះ​វស្សា គេ​តែង​ធ្វើ​ពិធី​មួយ​នេះ​ឡើងជា​រៀង​រាល់​ឆ្នាំ​។ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​មាន​វត្ត​មួយ​កន្លែង​ស្ថិត​នៅ​ស្រុក​ស្អាង នៃ​ខេត្តកណ្តាល ក៏​បាន​ធ្វើ​ទីងមោង​រូប​លោក វណ្ណ​ដា និង​រូប​ផ្សេង​ៗ​ទៀត​នោះ ពោល​គឺ​ឃើញ​ថា មាន​រូប​ទី​មោង​បាន​ដង្ហែ​ត្រៀបត្រា​តាម​ដងផ្លូវ​ជា​ច្រើន ដោយ​ការ​ដង្ហែ​នេះ​ពិតជា​មាន​ភាព​អូរ​អរ​យ៉ាង​ក្រៃ​លែង​របស់​អ្នកស្រុក​នេះ​។

ក្នុង​នោះ​ផង​ដែរ នៅ​ឆ្នាំ​នេះ អាច​និយាយ​ថា ការ​ដង្ហែ​ខាងលើ​នេះ ពិតជា​ធំដុំ​លើស​ពី​ឆ្នាំ​ណា​ៗ​ទាំងអស់ ដោយ​កាលពី​កន្លង​ទៅ ពុំ​សូវ​មានការ​ហ៊ឹក​ហាក់​ដូច្នេះ​នោះ​ឡើយ​។ ចំណែក​មូលហេតុ​ដែល​នាំ​អោយ​មានការ​ធ្វើ​រូប​ទី​មោង​ជា​រូប​លោក​វណ្ណ​ដា​នេះ គឺ​ដោយសារ​ការ​ស្រឡាញ់ ការ​គាំទ្រ​តារាចម្រៀង​រូប​នេះ ដែល​តែងតែ​ពាំនាំ​នូវ​វប្បធម៌ អរិយធម៌ ក៏​ដូច​ជា​អ្វី​ផ្សេង​ដែល​ខ្មែរ​មាន​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​អោយ​បរទេស​បានឃើញ​ពី​វប្បធម៌ និង​អរិយធម៌​របស់​ខ្មែរ​យើង​។

គួរ​បញ្ជាក់​ថា វត្ត​ដែល​បាន​ធ្វើ​រូប​លោក វណ្ណ​ដា និង​ទី​មោង​ជា​ច្រើន​នេះ​ឡើង គឺ​មានឈ្មោះ​ថា «​វត្ត​ទឹក​វិល​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល​។ ហើយ​វត្ត​មួយ​នេះ ក៏​មានឈ្មោះ​ល្បីល្បាញ​ច្រើន​តាម​រយៈ​ការ​ធ្វើ​ទី​មោង​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ដោយ​កាលពី​ឆ្នាំ​មួយ​នោះ វត្ត​នេះ​ល្បី​ការ​ធ្វើ​ទី​មោង​យក្ស ឬ​អ្នកស្រុក​ស្អាង​ហៅ​ថា «​អ៊ុ​ង​ឌឿ​យក្ស​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ សារព័ត៌មាន​កោះសន្តិភាព លោក អាន វិចិត្រ ដែល​ជា​ក្រុមការងារ​វត្ត​ទឹក​វិល បាន​ជម្រាប​ជូន​ថា ជា​រៀង​រាល់​ឆ្នាំ វត្ត​មួយ​នេះ​តែងតែ​ធ្វើ​ទី​មោង ដើម្បី​ហែ​នៅ​តាម​ភូមិ​-​ស្រុក ពោល​គឺ​ដូច​ជា​ឆ្នាំ​នេះ​អ​ញ្ចឹ​ង គឺ​មាន​ទី​មោង​រូប​តារាចម្រៀង​លោក វណ្ណ​ដា ដោយ​នេះ ជា​ការ​ផ្តួចផ្តើម​ក្រោម​យុវជន​មួយ​ក្រុម ក៏​ដូច​វត្ត​ទាំងមូល​ផង​ដែរ​។ ហើយ​ការ​ដែល​ធ្វើ​ទី​មោង​រូប​របស់​កំពូល​តារាចម្រៀង​លោក​វណ្ណ​ដា​នោះ គឺ​ដោយសារ​ការ​ស្រឡាញ់ ការ​គាំទ្រ​តារាចម្រៀង​រូប​នេះ ដែល​តែងតែ​ពាំនាំ​នូវ​វប្បធម៌ អរិយធម៌ ក៏​ដូច​ជា​អ្វី​ផ្សេង​ដែល​ខ្មែរ​មាន​អោយ​បរទេស​បានឃើញ​។

លោក អាន វិចិត្រ ដែល​មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល បាន​បន្ត​ថា ទី​មោង​សរុប​របស់​វត្ត​ទឹក​វិល គឺ​មាន​ចំនួន​៣២​ទី​មោង ដោយ​គិត​ជា​ថវិកា​ប្រមាណ​ជា​២០​លានជាង​។ ហើយ​ជា​រៀង​រាល់​ឆ្នាំ គឺ​តែងតែ​ចំណាយ​ធ្វើ​ទី​មោង​១ ឬ​២ ដោយ​ក្នុង​មួយ​ទី​មោង មាន​តម្លៃ ៦៥០.០០០​រៀល​។

លោក វិចិត្រ ដែល​ជា​ក្រុមការងារ​វត្ត​ទឹក​វិល បាន​បន្ត​ថា រយៈពេល​នៃ​ការ​ដង្ហែ​មាន​ចំនួន​៥​ថ្ងៃ ដោយ​ថ្ងៃ​ទី​១ បាន​ដង្ហែ​ទៅ​ដល់​ស្រុក​កោះធំ និង​បក​ដល់​វត្ត​ទឹក​វិល​។ ថ្ងៃ​ទី​២ ដង្ហែ​ពី​ឃុំ​ស​ត្បូ​រ ចុះ​រហូត​មក​ដល់​វត្ត​ព្រែក​តូច សម្រាប់​ថ្ងៃ​ទី​៣ ដង្ហែ​ពី​វត្ត​ភ្នំ​ទំពែក ឃុំ​ក្រាំង​យ៉ូ​វ រហូត​ដល់​វត្ត​ទឹក​វិល​វិញ​។ លុះ​ថ្ងៃ​ទី​៤ ដង្ហែ​ពី​គល់​ស្ពាន​កោះអន្លុងចិន រហូត​ដល់​ផ្សារ​ព្រែក​ឃ្លោក និង​ថ្ងៃ​ទី​៥ ដង្ហែ​ពី​វត្ត​ត្រើយ​ស្លា មក​វត្ត​ទឹក​វិល​វិញ​ជា​កិច្ចបញ្ចប់ នៅ​ត្រឹម​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វត្ត​ទឹក​វិល ដែល​ស្ថិត​នៅ​ស្រុង​ស្អាង នៃ​ខេត្តកណ្តាល​នេះ គឺ​មាន​សណ្តាប់ធ្នាប់​ល្អ ព្រោះថា ខណៈ​ពេល​មាន​ពិធីបុណ្យ​ទាន​ផ្សេង​ៗ ឃើញ​ថា វត្ត​ទឹក​វិល​នេះ គឺ​ការ​រៀបចំ​បាន​យ៉ាង​ល្អ ទាំង​បរិស្ថាន ក៏​ដូច​ជា​ការ​តុបតែង​លំអរ​ដោយ​ផ្កា​ផ្ញី​ចម្រុះ​ពណ៌​ជាដើម​។

ជា​ចុង​ក្រោយ លោក អាន វិចិត្រ ជា​អ្នក​ជួយ​សម្រួល​ដល់​កិច្ចការ​វត្ត​ទឹក​វិល សូម​អរគុណ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ ដែល​បាន​ចូល​ជា​បច្ច័យ និង​សម្ភារៈ​ផ្សេង​ៗ ព្រមទាំង​ការ​គាំទ្រ​យ៉ាងច្រើន​កុះករ​នៅ​វត្ត​មួយ​នេះ​ផង​ដែរ​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ