ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ស្រី​​បង្កើត​​​ឆក់​យក​ប្តីរបស់​​​បង​ស្រី ទៅ​ក្រេប​រស​ជាតិ​ទឹកឃ្មុំចាកចោល​ទ្រនំ​ដែល​ធ្លាប់​ជួបជុំ​កំសត់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្រាប់​ស្ត្រីដូច​គ្នា​​ប្រហែល​ជា​យល់​ច្បាស់​​ណាស់​ថា ​តើ​​នឹង​ត្រូវ​ឈឺ​ចុក​ចាប់​កម្រិត​ណា​ បើ​ជួប​នឹង​រឿង​រ៉ាវ​​ស្នេហា​​បែក​បាក់​ ហើយ​តើ​ត្រូវ​និយាយ​បែប​​ណា​នៅ​ពេល​ដែ​ល​​ស្ត្រី​ម្នាក់​ជា​ប្អូន​ស្រី​បង្កើត​​បាន​​ក្លាយ​​ជា​អ្នក​​ឆក់​យក​​បុរស​ជា​បង​ថ្លៃ​ពង្រាត់​ពី​បង​ស្រី​របស់​​ខ្លួន​ឱ្យ​ជួប​​តែ​ទុក្ខ​​ចំបែង​​និយាយ​មិន​ចេញ​​បង្ហូរ​ទឹក​ភ្នែក​​មិន​កើត​ ព្រោះ​តែ​រឿង​រ៉ាវ​

រាជធានីភ្នំពេញ ៖ សម្រាប់​ស្ត្រីដូច​គ្នា​​ប្រហែល​ជា​យល់​ច្បាស់​​ណាស់​ថា ​តើ​​នឹង​ត្រូវ​ឈឺ​ចុក​ចាប់​កម្រិត​ណា​ បើ​ជួប​នឹង​រឿង​រ៉ាវ​​ស្នេហា​​បែក​បាក់​ ហើយ​តើ​ត្រូវ​និយាយ​បែប​​ណា​នៅ​ពេល​ដែ​ល​​ស្ត្រី​ម្នាក់​ជា​ប្អូន​ស្រី​បង្កើត​​បាន​​ក្លាយ​​ជា​អ្នក​​ឆក់​យក​​បុរស​ជា​បង​ថ្លៃ​ពង្រាត់​ពី​បង​ស្រី​របស់​​ខ្លួន​ឱ្យ​ជួប​​តែ​ទុក្ខ​​ចំបែង​​និយាយ​មិន​ចេញ​​បង្ហូរ​ទឹក​ភ្នែក​​មិន​កើត​ ព្រោះ​តែ​រឿង​រ៉ាវ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​​ដល់​​កិត្តិ​យស​គ្រួសារ​ ហើយ​ជា​ការ​ពិត​នោះ​​វិប្ប​ដិសារៈ នឹង​ជេរ​ស្តី​មិន​ខាន​​សម្រាប់​​ថ្ងៃ​អនាគត ។

ទាក់​ទិន​រឿង​រ៉ាវ​ក្រឡាប់​​ចាក់​បេះ​ដូង​នេះ​ ការិយា​ល័យ​និពន្ធ​​កោះ​សន្តិ​ភាព​នា​ព្រឹក​​​ថ្ងៃ​ទី​១០ ឧសភា ​បាន​ទទួល​ទូរស័ព្ទ​​ពី​ស្ត្រី​ម្នាក់​រស់​នៅ​ភូមិ​មាន​ជ័យ ​សង្កាត់​ស្ទឹង​មាន​ជ័យ ​ដែល​បាន​ពឹង​ពាក់​សុំ​ឱ្យ​​​ជួយ​ចុះ​ផ្សាយ​​នៅ​លើ​ទំព័រ​សារ​ព័ត៌​មាន​​ដែល​កំពុង​មាន​ប្រជា​ប្រិយ​ភាព​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ អំពី​រឿង​រ៉ាវ​ស្នេហា​​ដែល​ស្មាន​មិន​ដល់​មួយ គឺ​ប្អូន​ស្រី​​ក្រមុំ​អាយុ​២១​ឆ្នាំ លួច​​​មាន​សហាយ​​ស្មន់​​ជា​មួយ​​ប្តី​​របស់​បង​ស្រី​បង្កើត​​ខ្លួន​ឯង រហូត​ពង្រត់​​​គ្នា​ទៅ​បាត់​កាល​ពីល្ងាច​ថ្ងៃ​ទី​៩ ឧសភា ។

​រឿង​រ៉ាវស្នេហា​ត្រី​កោណ​​ខាង​លើ​នេះ ​បើ​តាម​ប្រភព​ព័ត៌​មាន​ពី​ស្ត្រី​ឈ្មោះ​ហាក់ វណ្ណា អាយុ​​២៨ឆ្នាំ មាន​មុខ​របរ​ជា​ជាង​​​កាត់​ដេរ ​បាន​រៀប​រាប់​ប្រាប់​កោះ​​ស​ន្តិ​ភាព​ថា រូប​នាង​និង​បុរស​​ឈ្មោះ​​គឹម សាមឿន អាយុ​២៩​ឆ្នាំ ​បាន​ស្រឡាញ់​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​​រយៈ​ពេល​ជាង​១០​ឆ្នាំ ​កន្លង​មក​ហើយ តែ​​ពេល​នេះ​​ប្តីរបស់​នាង​លួច​​មាន​សហាយ​​ស្មន់​ជា​មួយ​ប្អូន​ស្រី​បង្កើត​​របស់​នាង​ឈ្មោះ​ហាក់ វ៉ាន់​ណេត រហូត​ពួក​គេ​​សម្រេច​ចិត្ត​​​ពង្រត់​គ្នា​ចេញ​បាត់​ពី​ផ្ទះ​ចោល​រូប​នាង​ឱ្យ​នៅ​ជា​មួយ​កូន​ប្រុស​​២​នាក់ ដោយ​មិន​មាន​ការ​ខ្មាស​អៀន​​ញាតិ​ក្នុង​ស្រុក​ណា​ម្នាក់​ឡើយ ។ ​

បន្ទាប់​​ពី​​រឿង​អាស្រូវ​បាន​កើតឡើង​​នាង​ហាក់ វណ្ណា ជា​ប្រពន្ធ និង​ជា​បង​ស្រី​​បាន​សម្រេច​ចិត្ត​ទៅ​ប្តឹង​អាជ្ញា​ធរ​សង្កាត់​ស្ទឹង​មាន​ជ័យ និង​ចុះ​ផ្សាយ​តាម​កាសែត​​កោះ​សន្តិ​ភាព​ដើម្បី​​ប្តឹង​សុំ​លែង​លះ​ប្តី​​ឱ្យ​ដាច់​​ស្រេច​គ្នា​ ​ហើយ​​សំណូម​ពរ​​សុំ​ឱ្យ​សមត្ថ​កិច្ច​អ្នក​អនុ​វត្ត​ច្បាប់​​គ្រប់​លំដាប់​ថ្នាក់​​ជួយ​ចាត់​ការ​ប្តី​ឈ្មោះ​គឹម សាមឿន ទៅតាម​ច្បាប់​ឯក​ពន្ធ​ភាព​ផង​ដែរ ។

នាង​ហាក់ វណ្ណា បាន​រៀប​រាប់​ថា ​នាង​ជា​កូន​ច្បង​​​ដែល​កំព្រា​ដោយ​សារ​ឪពុ​កម្តាយ​​ស្លាប់​ចោល​អស់​កាល​ពី​ជាង​១០​ឆ្នាំ​មុន ហើយ​រូប​នាង​ជា​អ្នក​មើល​ថែរក្សា​​បីបាច់​ចិញ្ចឹម​​ប្អូនៗ​ចំនួន​៥​នាក់ រាប់​ទាំង​ហាក់​ វ៉ាន់​ណេត ជា​ប្អូនស្រី​ម្នាក់​​ផង​ដែរ ។ នាង​ហាក់​ វណ្ណា​​ បាន​រៀប​រាប់​ទាំង​ហួស​ចិត្ត​ថា ខ្លួន​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​របរ​កាត់​ដេរ​យក​ប្រាក់​​មក​ចិញ្ចឹម​​ប្អូន​ៗ​​តាំងពី​ឪពុក​ម្តាយ​ស្លាប់​ចោល​​ទៅ ប៉ុន្តែ​​ពេ​លនេះ ប្អូន​ស្រីរបស់​នាង​ឈ្មោះ​ហាក់ វ៉ាន់​ណេត បាន​សង​គុណ​រូប​នាង​យ៉ាង​ចាស់​ដៃ​បំផុត គឺ​ស្រឡាញ់​ប្តី​របស់​នាង​ធ្វើ​ឱ្យ​នាង​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ ហើយ​ក្មួយ​​បង្កើត​របស់​ឈ្មោះ​ហាក់ វ៉ាន់​ណេត ២​នាក់​ ​ក្លាយ​​​ជា​កូន​កំព្រា​ឪពុក​ ។

តាម​ការ​​រៀប​រាប់​របស់​ស្ត្រី​​ដែល​ជា​ម្តាយ​​ធំ​​បានឱ្យ​ដឹង​ថា រឿង​រ៉ាវ​​បែក​បាក់​គ្នា​រវាង​ក្មួយៗ​របស់​គាត់​ គឺ​គាត់​បាន​ខិត​ខំ​​ពន្យល់​​ណែ​នាំ​ក្មួយ​ស្រី​​ឈ្មោះ​ហាក់ វ៉ាន់​ណេត ​ឱ្យ​​​កែ​ប្រែ​ចរិត​​កសាង​ខ្លួន​រក​គូ​ស្រករ​ផ្សេង​ក្រៅ​ពី​ឈ្មោះគឹម សាមឿន ជា​បង​ថ្លៃ ដើម្បី​ទុក​ឱកាស​​ឱ្យ​គេ​​ប្តូរ​ចិត្ត​គំនិត​មក​រួ​ម​រស់​ជា​មួយ​ប្រពន្ធ​កូន​​ក្នុង​​សុភមង្គល​​ល្អ​ដូច​គ្រួសារ​​គេ​ឯង​​​ឡើងវិញ ។ ប៉ុន្តែ​ផ្ទុយ​​​ទៅវិញ​នាង​​ហាក់ វ៉ាន់​ណេត ​អត់​ស្តាប់​ដំបូន្មាន​​គាត់​ជា​ម្តាយ​ធំ​ឡើយ ។ ​ចំពោះ​បញ្ហា​នេះ ក្នុង​នាម​រូប​គាត់​ជា​ម្តាយ​ធំ​សុំ​មិន​ធ្វើ​ការ​​ស្តី​បន្ទោស​ទៅ​លើ​ភាគី​​ណា​មួយ​ឡើយ ប៉ុន្តែ​​កំហុស​វា​អាច​កើត​មាន​ទាំង​ប្រុស​ទាំងស្រី​គឺ​ឈ្មោះ​គឹម សាមឿន ​ដឹង​ថា ខ្លួន​មាន​ប្រពន្ធ ​កូន​ហើយ​ម្តេច​ហ៊ាន​លួច​ស្រឡាញ់​​ប្អូន​ថ្លៃលួង​លោម​ប្រលោម​​ប្រាណ​ទាល់​​តែ​បានហើយ​ពង្រត់គ្នា​ទៅ​បាត់ទៀត​ ។ ​ចំណែក​ឯ​នាង​ហាក់ វ៉ាន់​ណេត ​ក៏ធ្វើ​ខ្លួន​មិន​គប្បី​ដែរ តើ​​ខ្វះ​ណាស់​ទៅ​ ឬ​បុរស​ដែល​អាច​ធ្វើ​ជា​គូគាប់​ ​មិន​គួរ​ណា​​មក​បំផ្លាញ​សុភមង្គល​​គ្រួសារ​​បង​ស្រី​ឯង​ដោយ​គ្មាន​​ខ្មាស​អៀន​ខ្លួន​ឯង​​ជា​ស្រី​​ក្រមុំ​ព្រហ្ម​ចារី​បែប​នេះឡើយ ។

ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​នេះ​ ស្ត្រី​ឈ្មោះ​ហាក់​ វណ្ណា ជា​បង​បាន​និយាយ​ទាំង​ក្តី​​​កាត់​រំ​សាយ​វិបត្តិ​​ផ្លូវ​ចិត្ត​​ខ្លួន​ឯង​ថា នាងសុំ​ជូន​ពរ​ប្អូន​ស្រី​​ និង​លោក​ប្តី​ឱ្យ​ជួប​ជុំ​គ្នា​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ប៉ុន្តែ​​មិន​ឱ្យ​រួច​ផុតពី​​សំណាញ់​ច្បាប់​​ទេ ព្រោះ​នាង​ចង់​ឃើញ​ឈ្មោះ​​គឹម សាមឿន ​ជាប់​គុក តើ​នាង​ហាក់ វ៉ាន់​ណេត ឈឺ​ចាប់​​ឬ​យ៉ាង​ណា? ​។ នាង​ហាក់​ វណ្ណា បាន​និយាយ​បន្ត​ថា ​ចាប់ពី​ពេល​នេះ​តទៅ​​នាងសុំ​ឱ្យ​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​​មូល​ដ្ឋាន​ជួយ​ចាត់​វិធាន​ការ​លើ​​អតីត​ប្តី និង​ប្អូន​ស្រី​របស់​ខ្លួន​ទៅតាម​ច្បាប់ ​នៅពេល​​ពួក​គេ​ត្រឡប់​ចូល​ផ្ទះវិញ ។ នាង​ហាក់ វណ្ណា ​​បាន​និយាយ​ថា នាង​ស្នើ​សុំ​ឱ្យ​ឈ្មោះគឹម ​សាមឿន និង​ឈ្មោះ​ហាក់ វ៉ាន់​ណេត​ចុះ​ចេញ​តែ​ខ្លួន​ចុះ ចំណែក​​​ទ្រព្យ​សម្បត្តិ​​និង​ផ្ទះ​សម្បែង​​គឺ​រូប​នាង​ទុក​ចិញ្ចឹម​​ប្អូន​តូចៗ​​និង​កូន​ប្រុស​ទាំង​២​នាក់ ។

ជុំ​វិញរឿង​រ៉ាវ​លើក​ឡើង​ខាង​លើ​នេះ កោះ​សន្តិ​​ភាព​ពុំ​អាច​​​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​ពី​ឈ្មោះ​គឹម ​សាមឿន និង​នាង​ហាក់ វ៉ាន់​​ណេត ​បាន​ឡើយ ។ មន្ត្រី​អ្នក​អនុ​វត្ត​ច្បាប់​បាន​និយាយ​ថា ស្ត្រី​ជា​ប្រពន្ធ​ស្រប​ច្បាប់​អាច​ដាក់​ពាក្យ​បណ្តឹង​​ទៅ​​សមត្ថ​កិច្ច ឬ​​សាលា​ដំបូង​ដើម្បី​ឈាន​ទៅ​អនុ​វត្ត​ច្បាប់​​ឯក​ពន្ធ​ភាព​ប្រឆាំង​ទៅ​នឹង​អំពើ​ក្បត់​លួច​មាន​សហាយ​ស្មន់ ។

​គេ​មិន​ទាន់ដឹង​ថា ស្នេហា​​ខុស​តម្រា​រវាង​បង​ថ្លៃ និង​ប្អូន​ថ្លៃ​ស្រី​នេះ​មាន​ឥទ្ធិ​ពល​កម្រិត​ណា​នោះទេ តែ​បើ​ជា​ការ​ពង្រត់​គ្នា​ទៅ​តាម​តែ​សន្ទុះ​ភ្លើត​ភ្លើង​ក្នុង​​ល្បែង​​ស្នេហា​​នោះ​មិន​មាន​អាយុ​វែង​ប៉ុន្មាន​នោះទេ ហើយ​​ដល់​ពេល​នោះ​ពួក​គេ​​ពិតជា​ស្តាយ​ក្រោយ ។ ​រឿង​រ៉ាវ​ប្អូន​ស្រី​ដណ្តើម​​ប្តី​បង​ស្រី​​ឯង​នេះ បាន​កើត​មាន​១​គូ​មក​ហើយកាល​ពី​ខែ​មុន​នៅ​ខេត្ត​​ព្រះសីហនុ ​រហូត​ដល់​បុរស​ជា​ប្តី​ហ៊ាន​វាយ​ដំនាង​ជា​ប្រពន្ធ​បែក​មុខ​បែក​មាត់ ​លុះ​ពេល​នាង​ប្តឹង​​ទៅតុលា​ការ​លែង​លះ​គ្នា​ក៏​ស្រាប់​តែ​បុរស​ជា​ប្តី​ និង​ប្អូន​ស្រី​នោះ​នាំគ្នា​ឡើង​រថយន្ត​​ក្រុង​ជិះ​មក​រាជ​ធានីភ្នំពេញបាត់​ស្រមោល ។ ​រឿង​រ៉ាវ​ស្នេហា​​បញ្ច្រាស​​ស្រកី​នោះ មិន​គប្បី​ឈ្លក់​វង្វេង​​ទៅតាម​​កាមារម្មណ៍​ដោយ​មិន​គិត​ពី​​អនាគត​របស់​ខ្លួន​នោះ​ឡើយ៕