រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាកម្ពុជារងឥទ្ធិពលព្យុះឈ្មោះខាណុននឹងធ្វើឲ្យមានភ្លៀងកម្រិតតិចទៅមធ្យមលាយឡំបាតុផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។

ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោះ្ម ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន ។ ក្រសួងធនធានទឹកបានឡើងថា លក្ខណៈទាំងនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាមានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤ អង្សាសេអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-៣៣ អង្សាសេ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេសីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងបានលើកឡើងថា នៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ ។
ជាមួយគ្នានោះដែរ ក្រសួងបានបន្ថែមថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕


ចែករំលែកព័តមាននេះ