យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក ទៅលើសត្វគោ-ក្របីទូទាំងខេត្ត
- តាកែវ
ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក ទៅលើសត្វគោ សត្វក្របី នៅតាមបណ្ដាភូមិ-ឃុំ-សង្កាត់ និងក្រុង-ស្រុកនៅទូទាំងខេត្តតាកែវ ដែលបានរៀបចំធ្វើឡើងដោយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ស្ថិតនៅភូមិប៊ិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ដោយមានការអញ្ជើញចូលរួមដោយលោក ញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក កង អាណាន់ អភិបាលក្រុង លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីជំនាញ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីវិទ្យាស្ថានពហុកបច្ចេកទេសភូមិភាគតេជោសែនតាកែវផងដែរ។

យោងតាមការបញ្ជាក់ពីលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាល បានឱ្យដឹងថា ការចុះចាក់វ៉ាក់សាំងជំងឺសារទឹក ជំងឺអុតក្ដាម និងជំងឺដុំពក ដល់សត្វគោ-ក្របីរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីបសុពេទ្យខេត្ត បានចុះចាក់វ៉ាក់សាំងបានជំងឺដុំពក សរុបចំនួន៩៥៦២ក្បាល, ជំងឺអុតក្ដាមដល់សត្វគោសរុបចំនួន១៣១០១ក្បាល សត្វក្របីចំនួន៧១ក្បាល និងជំងឺសារទឹក ដល់សត្វគោចំនួន៤៧៩២ក្បាល និងសត្វក្របីចំនួន៥១៥ក្បាល។

លោក ថែ លី បានបន្ថែមថា កន្លងមក មន្ត្រីការិយាល័យបសុព្យាបាលខេត្ត បានចុះបា.ញ់ថ្នាំសម្លា.ប់មេរោគការពារជំងឺផ្សេងៗទៅលើសត្វចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្ទះ និងនៅតាមកសិដ្ឋានមួយចំនួននៅទូទាំងខេត្តផងដែរ។

លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ជំរុញអោយមន្ទីរកសិកម្ម ត្រូវតែយកចិត្តទុកដាក់អោយមែនទែនដល់ជំងឺសត្វរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវចាត់ជំនាញពេទ្យសត្វចុះពិនិត្យនៅតាមភូមិឃុំ អោយបានល្អ ដើម្បីងាយស្រួលមានវិធានការទប់ស្កាត់ គឺចាក់ថ្មបង្ការដល់ជំងឺគោ ក្របីរបស់ប្រជាពលរដ្ឋយើង។










ចែករំលែកព័តមាននេះ