រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា ទឹកទន្លេមេគង្គនឹងហក់ឡើងខ្ពស់នៅរយៈពេល៣ទី៤ថ្ងៃខាងមុខនេះ ដូច្នេះសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គបានលើកឡើងថា យោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី៣ទៅ៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់៧,៦៥ ម៉ែត្រ, ខេត្តក្រចេះទឹកនឹងអាចឡើងដល់កម្ពស់ ១៦,៧០ម៉ែត្រ និងខេត្តកំពង់ចាមទឹកនឹងអាចឡើងដល់កម្ពស់៩,៩០ ម៉ែត្រ ។

ក្រសួងបានបន្ថែមថា ទឹកទន្លេដែលហក់ឡើងនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្ដាព្រែកមួយចំនួន ។

ជាមួយគ្នានោះដែរ ក្រសួងបានលើកឡើងថា សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕
ចែករំលែកព័តមាននេះ