រាជធានីភ្នំពេញ ៖ លោកស្រី សាយ ស្រីល័ក្ខណ៍ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យ២នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីដឹកនាំ និងថតរឿងក្តៅសាច់ ។

ដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ២នាក់ ម្នាក់ឈ្មោះ សេក ដារ័ត្ន ហៅខេនឌី ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ឈ្មោះឈុន សុខលីម ហៅសុខ លីមរក្សា ភេទប្រុស អាយុ៣៦ឆ្នាំ ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ផលិត រក្សាទុក និងចែកចាយរូបភាព វីដេអូអាសអាភាស តាមប្រព័ន្ធបណ្តាញសង្គមប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៤០ និងមាត្រា៤១នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។ ដីកាបានបង្គាប់ឲ្យសមត្ថកិច្ចនាំជនត្រូវចោទទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ហៅថាពន្ធនាគារព្រៃស «ម១» រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃអគ្គស្នងការនគរបាលជាតិបានបញ្ជូនជនសង្ស័យ២នាក់ដែលម្នាក់ជាអ្នកដឹកនាំ និងថតរឿង អប់រំបែបសិចស៊ីអាសអាភាស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាការប្រគល់ជូនទៅស្ថាប័នអយ្យការដើម្បីធ្វការសាកសួរ ជុំវិញការថត និងឡាយ និងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយផ្សព្វផ្សាយតាមបណ្តាញសង្គម ។

ជនសង្ស័យម្នាក់ឈ្មោះ សេក ដារ័ត ហៅខេនឌី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបុរីឡាយគង់ ផ្ទះលេខ០៣៥បេ ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងម្នាក់ឈ្មោះ ឈួន សុខលីម ហៅសុខ លីមរក្សា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅជាមួយគ្នា ។
តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ឲ្យជនសង្ស័យទាំង២នាក់ចូលបង្ហាញខ្លួននៅការិយាល័យប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងរំលោភផ្លូវភេទនៃក្រសួងមហាផ្ទៃឲ្យបានមុនថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «បំពារបំពានផ្លូវភេទ ផលិតនិងចែកចាយរូបភាពអាសអាភាស» តាមពាក្យបណ្តឹងរបស់ឈ្មោះ ឈួន សេងលាប ភេទស្រី អាយុ២៥ឆ្នាំ ឈ្មោះ ស៊ លីហុង ភេទស្រី អាយុ១៧ឆ្នាំ ឈ្មោះ ផែន គឹមហៀង ភេទស្រី អាយុ១៧ឆ្នាំ និងឈ្មោះ ផែន គឹមហៃ ភេទស្រី អាយុ១៤ឆ្នាំ ។

សូមជម្រាបថា នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៣ ម្ចាស់ហ្វេសប៊ុកផេក ឡាយ ហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង អប់រំ បែបរោល រាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី បានចូលទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ តាមដីការបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ។
ម្ចាស់ហ្វេសប៊ុកផេក ឡាយហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង អប់រំ បែបរោលរាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី និងបក្ខពួកបានថតឡាយនិងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយតាមបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីយកភាពល្បីល្បាញ និងរកប្រាក់ចំណូលពីបណ្តាញសង្គម ។

នារីជាតួសម្តែងមិនបានពេញចិត្តទៅនឹងការផលិតវីដេអូ អាសអាភាស ទើបស្នើសុំឱ្យលោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង និងជាម្ចាស់ផេក ឡាយ្វ ហ្វាម Life Film សុំមិនឱ្យចេញឈុតឆាករឿងរោលរាលបែបនេះនៅលើបណ្តាញសង្គម ព្រោះប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងក្រុមគ្រួសារ និងសង្គមជាតិ ។
ផ្ទុយទៅវិញ អ្នកដឹកនាំថតរឿង លោក ឈួន សុខលីម មិនព្រមតាមការស្នើសុំរបស់នារីតួសម្តែងនោះ គឺកាន់តែបង្ហោះចែកចាយ និងផ្សព្វផ្សាយលើបណ្តាយសង្គមថែមទៀតផង រហូតឈានទៅដល់ការប្តឹងផ្តល់ ពីសំណាក់នារីតួសម្តែងទាំង៤នាក់នោះ ។ អង្គហេតុដូចបានរៀបរាប់ខាងលើ ទើបតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ និងបញ្ជានទៅសាកសួរ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ