ខេត្តព្រះសីហនុ៖ ស្ថានភាពជំនន់ទឹកភ្លៀង តាមផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១១៥-១១៦ នៅចំណុចស្ពានស្ទឹងសំរោង ក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ តាមកំណាត់ផ្លូវជាតិលេខ៤ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នេះ ជំនន់ទឹកភ្លៀង បានស្រកខ្លះហើយ។ ប៉ុន្តែចរាចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវទឹកភ្លៀងជន់លិចនេះ ត្រូវបានអាជ្ញាធរ នៅតែបន្តបិទផ្អាកជាបណ្តោះអាសន្ន នៅឡើយ។
សូមរម្លឹកថា ទឹកភ្លៀងចាប់តាំងពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានបណ្តាលឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៤ នៅជិតពេជ្រនិល ហើយក្រោយមកកំណាត់ផ្លូវជាតិលេខ៤ នៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក៏ត្រូវទឹកជន់លិច។ នៅរសៀលថ្ងៃទី៣០កក្កដានេះ ទឹកលិច នៅលើកំណាត់ផ្លូវជាតិលេខ៤ មានកម្ពស់ ០,៦៨ម៉ែត្រ ហើយលិចកាត់តាមបណ្តោយផ្លូវជាតិ មានប្រវែងប្រហែល ៤១០ម៉ែត្រ។ ចរាចរណ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈមេឃនៅតំបន់នោះ បន្តធ្លាក់ភ្លៀងស្រិចៗ។
យ៉ាងណាក៏ដោយ ចរាចរណ៍ភ្នំពេញ-ខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន មិនប៉ះពាល់នឹងភ្លៀងលិចផ្លូវនោះទេ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សីលា និងកម្លាំងអាវធហត្ថ ស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា បានជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងប្រចាំការតាមដានសភាពការណ៍ នៅតំបន់ទឹកលិចកំណាត់ផ្លូវជាតិលេខ៤។
យ៉ាងណាក៏ដោយ បើភ្លៀងរាំង បានប្រមាណជា ៤-៥ម៉ោងនោះ ស្ថានភាពទឹកលិចកំណាត់ផ្លូវជាតិលេខ៤ នឹងស្រកទៅវិញ។ ចំណែកចរាចរណ៍ ក៏នឹងបើកឱ្យយានយន្ត ធ្វើដំណើរឆ្លងកាត់ជាធម្មតាឡើងវិញ នៅពេលទឹកស្រកអស់។
សូមរម្លឹកថា ដោយសារតែអាកាសធ្លាក់ភ្លៀង ដែលបង្កដោយឥទ្ធិពលខ្យល់ព្យុះ ដុកស៊ូរី ដែលក្រសួងធនធានទឹក និងឧតុនិយម បានព្យាករកាលពីសប្តាហ៍មុន គឺបណ្តាលឱ្យមានភ្លៀង ផ្គរ រន្ទះ លាយឡំខ្យល់កន្ត្រាក់។ ក្នុងនោះ នៅខេត្តកំពត ដែលមានភូមិសាស្ត្រជាប់នឹងខេត្តព្រះសីហនុ ក៏ត្រូវទឹកភ្លៀងជន់លិចតំបន់មួយចំនួនផងដែរ នៅពេលនេះ៕






ចែករំលែកព័តមាននេះ