ខេត្តកំពង់ឆ្នាំង ៖ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានកើនឡើង បណ្ដាលឱ្យទំនប់បង្ហៀរ ឈ្មោះទំនប់បារាំង ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង ត្រូវបានលិច និងមានទឹកហូរខ្លាំងកាត់ពីលើបណ្ដាលឱ្យខ្នងទំនប់ជួបការលំបាកក្នុងការធ្វើដំណើរ និងមានអាហានិភ័យខ្ពស់អាចបង្កគ្រោះថ្នាក់ អាជ្ញាធរក្រុងកំពង់ឆ្នាំង អំពាវនាវឲ្យបងប្អូនអ្នកធ្វើដំណើរឆ្លងកាត់រួមទាំងអ្នកនេសាទផងសូមមានការប្រុងប្រយ័ត្ន ។

លោក ហេង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់នៅរសៀលថ្ងៃទី២៩ ខែកក្កដានេះថា យោងទៅតាមស្ថានភាពជំនន់ទឹកភ្លៀងបានហូរកាត់លើខ្នងទំនប់បារាំងដែលមានហានិភ័យដល់ការធ្វើដំណើរឆ្លងកាត់ដូចជា ជិះ ម៉ូតូ និងថ្មើជើងជាដើម ប៉ុន្តែក៏មានរថយន្តអាចបើកឆ្លងកាត់បាននៅឡើយ ។ យ៉ាងនេះក្តីលោកសូមអំពាវនាវដល់បងប្អូនដែលធ្វើដំណើរឆ្លងកាត់ សូមសូមមេត្តាប្រុងប្រយ័ត្ន ឬសូមវាងតាមស្ពានឈើបណ្ដោះអាសន្ន នៅចំណុចដើមពោធិ៍ ដែលអាចធ្វើដំណើរថ្មើជើង និងសែងម៉ូតូឆ្លងកាត់បាន ។ សម្រាប់ប្រជានេសាទទៅនេសាទបង់សំណាញ់ ដងត្រី នៅទីនោះក៏សូមមេត្តាប្រុងប្រយ័ត្នផងដែរ ព្រោះកន្លងមក កន្លែងនោះតែជាបង្កគ្រោះថ្នាក់ឆ.ក់យកជីវិតមនុស្សជារើយៗផងដែរ។

ជុំវិញផលលំបាកក្នុងការធ្វើដំណើរនៅចំណុចខាងលើជារៀងរាល់ឆ្នាំនេះដែរ លោកអភិបាលក្រុង កំពង់ឆ្នាំង បានបញ្ជាក់ថា សាលាក្រុងមានគម្រោងនឹងធ្វើស្ពានថ្ម នៅចំណុចដើមពោធិ៍សម្រាប់ការធ្វើដំណើរឆ្លងកាត់នោះហើយ ដើម្បីបញ្ចៀសផលលំបាកក្នុងការធ្វើដំណើរលើខ្នងទំនប់មួយនេះ ។ ស្ថិតក្នុងស្ថានភាពលំបាកក្នុងការធ្វើដំណើរប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទំនប់បារាំងត្រូវជួលរម៉កកង់បីដឹកម៉ូតូ របស់ខ្លួន បើកឆ្លងកាត់ទឹកហូរលើខ្នងទំនប់បារាំង ក្នុងម៉ូតូមួយគ្រឿងថ្លៃ៥ពាន់រៀល ចំណែកនៅស្ពានឈឺ ចំណុចដើមពោធិ៍វិញ ថ្លៃសែងម៉ូតូឆ្លងកាត់ស្ពាន និងសែងឡើងតាមកាំជណ្ដើរក្នុងម៉ូតូមួយគ្រឿង៦ ពាន់រៀល ។

សូមបញ្ជាក់ដែរថា ផ្លូវមួយខ្សែដែលឆ្លងកាត់ទំនប់បារាំងមួយនេះ គឺមានសារៈសំខាន់សម្រាប់ការដឹកទំនិញនិងការអត់ធ្វើដំណើរឆ្លងកាត់ពីភូមិកំពុងអូស និងពីស្រុកជលគិរី មកពីរួមខេត្តកំពង់ឆ្នាំង ។ ដោយឡែកយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាស្ថានភាពទឹកទន្លេផ្សាក្រោម ថ្ងៃទី២៩ កក្កដានេះ មានកម្ពស់ ៥,១៥ម៉ែត្រ ទាបជាងឆ្នាំ២០២២ មានកម្ពស់ ៥,៦២ ម៉ែត្រ ៕



ចែករំលែកព័តមាននេះ