ខេត្តតាកែវ ៖ ដោយសារភូមិសាស្ត្រខេត្តមានព្រំប្រទល់ជាប់ជាមូយប្រទេសវៀតណាម ហើយមានច្រករបៀងច្រើន ទើបជាអំណោយផលដល់ឈ្មួញទុច្ចរិតលួចនាំទំនិញគេចពន្ធ ឬទំនិញខូចគុណភាពដូចជាសាច់មាន់ ជើងជ្រូក ជើងមាន់ ជើងទា ចូលមកលក់ចែកចាយនៅក្នុងខេត្ត ឬយកលក់ចែកចាយគ្រប់ខេត្ត ក្រុងដោយមិនបានគិតពីផលប៉ះពាល់ដល់សុខភាពអ្នកដែលទិញយកទៅបរិភោគឡើយ ។

ករណីទប់ស្កាត់ឈ្មួញលួចនាំចូលទំនិញខូចគុណភាព ឬគេចពន្ធនេះ ត្រូវបានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ។ ជាក់ស្តែង កាលពីវេលាម៉ោងប្រមាណ២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តសាំយ៉ុង១គ្រឿង ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ផ្លាកលេខ ភ្នំពេញ ២AE-២១៥៦ ដឹកស៊ុតមាន់ចំនួន២៤.០០០គ្រាប់ ចូលពីប្រទេសវៀតណាមតាមច្រកភ្នំដិន ស្រុកគិរីវង់ ចូលមកលក់ចែកចាយនៅខេត្តព្រះសីហនុ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។

មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានឱ្យដឹងថា រថយន្តដឹកពងមាន់នេះ ត្រូវបានចាប់ឃាត់នៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ រួចក្រុមការងារអគ្គនាយកដ្ឋានបាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។មន្ត្រីរពេទ្យសត្វខេត្តបានឱ្យដឹងថា ចំពោះការលួចនាំចូលស៊ុតមាន់ ស៊ុតទា ដោយខុសច្បាប់នេះកើតមានជាយូមកហើយ គឺចូលតាមច្រករបៀងនានាក្នុងស្រុកគិរីវង់ ដោយមានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចខិលខូចមួយចំនួន ជាអ្នកសម្រួលឲ្យឈ្មួញផងដែរ ។

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា ចំពោះស៊ុតទាមួយផ្នែកជាស៊ុតទាក្នុងស្រុក និងនាំចូលពីស្រុកយួនមួយចំនួន ។ ដោយឡែក ស៊ុតមាន់គឺឈ្មួញលួចនាំចូលមកយកទៅលក់នៅខេត្តនានា ពីព្រោះមាន់មិនមានចិញ្ចឹមក្នុងស្រុកច្រើនដូចទាឡើយ អុីចឹងហើយទើបធ្វើឱ្យឈ្មួញចេះតែលួចនាំចូលមកពីស្រុកយួន ៕





ចែករំលែកព័តមាននេះ