រាជធានីភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១០ ឧសភា ២០១១ បានប្រជុំសម្រេចទទួលស្គាល់តំណាងរាស្ត្រ២នាក់មកពីគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងគណបក្សសម រង្ស៊ី មណ្ឌលបាត់ដំបង ដែលត្រូវជំនួសតំណាងរាស្ត្រដែលសុំលាលែងពីមុខតំណែង ។ ប៉ុន្តែរដ្ឋសភាមិនបានបញ្ជាក់ពីមូលហេតុថាតើការសុំលាលែងរបស់អ្នកតំណាងរាស្ត្រ២រូបនោះ បណ្តាលមកពីអ្វីពិតប្រាកដនោះនៅឡើយទេ ។
សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍នៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភា ដែលមានសមាជិក សមាជិកាចំនួន១០១រូបចូលរួមថា លោកស្រីឡុង សាខន តំណាងមណ្ឌលព្រៃវែងរបស់គណបក្សប្រជាជនកម្ពុជា បានសុំលាលែងពីតួនាទី ហើយគណបក្សប្រជាជនកម្ពុជាបានស្នើមករដ្ឋសភាដើម្បីផ្លាស់ប្តូរតំណាងរាស្ត្ររូបនេះដោយដាក់ជំនួសលោកពៅ សាមី វិញ ។
សម្តេចប្រធានរដ្ឋសភាបន្តថា រដ្ឋសភាក៏បានទទួលសំណើរបស់គណបក្សសម រង្ស៊ី ផងដែរ ដែលបានដាក់លិខិតមកកាន់រដ្ឋសភាដើម្បីសុំធ្វើការផ្លាស់ប្តូរតំណាងរាស្ត្រមណ្ឌលបាត់ដំបង គឺលោកអេង ឆៃអ៊ាង សុំលាឈប់ពីតួនាទី ហើយគណបក្សបានស្នើមករដ្ឋសភាសុំដាក់ជំនួសវិញដោយលោកវណ្ណា រិទ្ធ ។ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា អ្នកតំណាងរាស្ត្រដែលត្រូវបានតែងតាំងនេះត្រូវតែចូលរួមស្បថមុនពេលចូលកាន់តំណែង ។ នៅចំពោះមុខសមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រថ្មីចំនួន២រូបនេះ គឺលោកពៅ សាមី និងលោកវណ្ណា រិទ្ធ បានបង្ហាញខ្លួនក្នុងសម័យប្រជុំសភាពេញអង្គនេះ ផងដែរ ៕
ចែករំលែកព័តមាននេះ