ខេត្តបាត់ដំបង ៖ បុរសម្នាក់ពេលកំពុងជីកដីធ្វើប្រឡាយទឹក ស្រាប់តែប៉ះចំគ្រាប់មីននិងគ្រាប់៦០មម មិនទាន់ផ្ទុះធ្វើឲ្យគាត់ភ័យលស់ព្រលឹង កាលពីរសៀលថ្ងៃទី២៥ កក្កដា នៅចំណុចអូរត្រែង ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋជីកដីប្រទះឃើញនោះមានចំនួន០២គ្រាប់ គឺប្រភេទគ្រាប់មីន PMN.2 (មីនសញ្ញាលេខបូក) និងគ្រាប់កាំភ្លើងត្បាល់ធុន៦០មម ។គ្រាប់នេះ នៅមានគុណភាពស្ទើរ៨០% ។ នេះបើតាមការអះអាងរបស់មន្ត្រីជំនាញ ដែលបានចុះទៅពិនិត្យគ្រាប់កាំភ្លើងនោះ ។
អ្នកភូមិឈ្មោះ យ៉ា ចាន់ចិត្រា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ជាអ្នកប្រទះឃើញកាកសំណល់សង្គ្រាមនេះ ។ គាត់បាននិយាយប្រាប់សមត្ថកិច្ចថា នៅពេលគាត់ទៅជីកដីធ្វើប្រឡាយបង្ហូរទឹកនៅក្បែរអូរ ស្រាប់តែប្រទះឃើញគ្រាប់មីននិងគ្រាប់អារ៦០នោះ ហើយបានកាយកចេញពីដីដាក់មួយកន្លែង រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះត្រួតពិនិត្យភ្លាមៗ ។

បើតាមពិនិត្យស្ថានភាពគ្រាប់មីននិងគ្រាប់៦០មមនោះ គេអាចសន្និដ្ឋានបានថា ជាគ្រាប់សេសសល់តាំងពីសម័យសង្គ្រាម ដែលគេកប់នៅក្នុងដី ព្រោះតំបន់នោះធ្លាប់ជាចំណុចសមរភូមិក្ដៅ ក្នុងទសវត្សឆ្នាំ៨០។ កន្លងមក ប្រជាពលរដ្ឋក៏ធ្លាប់ប្រទះឃើញកាកសំណល់សង្គ្រាមបែបនេះជាញឹកញាប់នៅតំបន់នោះ ជាពិសេស នៅតាមដងស្ទឹង ឬតាមដងអូរ ក្រោយពីមានភ្លៀងធ្លាក់ហូរច្រោះដីក៏លេចចេញនូវគ្រាប់យុទ្ធភណ្ឌរដូករណែល ហើយក៏ធ្លាប់បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលដើរជីកទំពាំងតាមមាត់អូរ ឬស្ទឹង ។
យ៉ាងណាក្ដី ចំពោះគ្រាប់មីននិងគ្រាប់៦០មម ដែលបុរសម្នាក់ជីកប្រឡាយប្រទះឃើញខាងលើនេះ ត្រូវបានអាជ្ញាធររាយការណ៍ទៅកាន់អង្គភាពកំចាត់មីនស៊ីម៉ាក់ឲ្យទៅទទូលយកហើយថែទាំបានចុះពិនិត្យដល់ទិតាំងកើតហេតុទៀតផង៕
ចែករំលែកព័តមាននេះ