ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំ​ពូ​ល​ភ្លើង​បំពាក់​លំអវិមាន​ឯករាជ្យ​ធ្វើ​មិន​ទាន់​រួច​​ផង​ ​ត្រូវ​​ជនមិនស្គាល់មុខ​​​​បំផ្លាញ​គ្មាន​​សល់

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អំ​ពូ​ល​ភ្លើង​ព​ណ៌ដែល​អាជ្ញាធរ​រៀបចំ​បំពាក់ ដើម្បី​លំអ​​ជុំវិញ​ខឿន ​«​វិមាន​ឯករាជ្យ​» ដែល​កំពុង​សាងសង់​នៅ​ក្នុង​ក្រុង​បាត់ដំបង ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​វាយ​កំទេច​ចោល​អស់​គ្មាន​សល់ ដែល​គេ​ប៉ាន់ស្មាន​អាច​កើតឡើង​វេលា​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៥ កក្កដា…

ខេត្តបាត់ដំបង ​៖ អំ​ពូ​ល​ភ្លើង​ព​ណ៌ដែល​អាជ្ញាធរ​រៀបចំ​បំពាក់ ដើម្បី​លំអ​​ជុំវិញ​ខឿន ​«​វិមាន​ឯក
រាជ្យ​» ដែល​កំពុង​សាងសង់​នៅ​ក្នុង​ក្រុង​បាត់ដំបង ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​វាយ​កំទេច​ចោល​អស់​គ្មាន​សល់ ដែល​គេ​ប៉ាន់ស្មាន​អាច​កើតឡើង​វេលា​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៥ កក្កដា ខណៈ​ដែល​ក្រុម​ជាង​កំពុង​ដំណើរការ​នៅឡើយ ​។

ប្រភព​ពី​ក្រុម​ជាង​បាន​ឲ្យ​ដឹង​ថា អំ​ពូ​ល​ភ្លើង​ព​ណ៌​យ៉ាងតិច​៤០​គ្រាប់ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​កំទេច​ចោល​គ្មាន​សល់​។ អំ​ពូ​ល​ភ្លើង​ទាំងនោះ​បាន​បំពាក់​នៅ​ជុំវិញ​ខឿន​​ផ្នែក​ខាងក្រោម នៃ​តួ​​វិមាន​ឯករាជ្យ​ទាំងមូល តែ​មិន​ទាន់​រួចរាល់​ផង​ ក៏​ត្រូវ​គេ​វាយ​បំផ្លាញ​ចោល​អស់​ទៅ​ហើយ​។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង អំ​ពូ​ល​ភ្លើង​ទាំងនោះ​ត្រូវ​បាន​បំពាក់​ជុំវិញ​តួ​​វិមាន​ឯករាជ្យ​ ។ ជា​ប្រភេទ​អំ​ពូ​ល​ភ្លើង​ចម្រុះ​​ព​ណ៌ សម្រាប់​បំភ្លឺ​លំអ​ពេល​រាត្រី ហើយ​ត្រូវ​បាន​គេ​វាយ​កំទេច​ស្ទើរ​អស់ទាំង​ស្រុង បន្សល់​ទុក​តែ​ខ្សែភ្លើង​ត្រឹ​ម​អិដ្ឋការ៉ូ​ ។

ពុំ​មាន​សាក្សី​ណា​ម្នាក់​បាន​ប្រទះ​ឃើញ​ហេតុ​ការណ៍​​នេះ​ផ្ទាល់​ទេ ហើយ​ក៏​ពុំដែល​ឃើញ​មាន​សមត្ថកិច្ច​ចុះ​យាមល្បាត​ពេល​យប់​នៅ​ម្ដុំ​សួន​នាគ​បាញ់​ទឹក​ខាងលើ​នេះ​ដែរ​ ។ ប៉ុន្តែ​មាន​ប្រភព​ខ្លះ​បាន​ដាក់​ការ​សង្ស័យ​ថា ជន​ដែល​វាយ​បំផ្លាញ​អំ​ពូ​ល​ភ្លើង​នៅ​វិមាន​ឯករាជ្យ​នេះ អាច​ជា​ពួក​ជន​អន្ធពាល​ដែល​ដើរ​លេង​ពេល​យប់ ឬអាច​ជា​ពពួក​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ក៏​ថា​បាន​ ។

អភិបាលក្រុង​បាត់ដំបង លោក លាង វាសនា បាន​ឆ្លើយ​បំភ្លឺ​ហាក់​មិន​ច្បាស់លាស់​អំពី​ករណី​វាយ​បំភ្លេច​បំ​ផ្ល​ញ​សម្បត្តិ​សាធារណៈ​ខាងលើ​នេះ​។ សូ​ម្បី​តែ​អំ​ពូ​ល​ដែល​ត្រូវ​ជន​អគតិ​វាយ​បំផ្លាញ​ចោល​អស់​ប៉ុន្មាន​ក៏​លោក​មិនដឹង​ដែរ នៅ​ពេល​សួរនាំ​អំពី​ចំនួន​អំ​ពូ​ល​ដែល​ខូចខាត (​បាន​ន័យថា ​លោក​មិន​បាន​ចុះ​ពិនិត្យ​) ហើយ​ជម្រុញ​ឲ្យ​សួរនាំ​ទៅ​លោក​អធិការ​ក្រុង​វិញ​ ។

លោក លាង វាសនា បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ កក្កដា យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ទាន់​ច្បាស់​ទេ ពី​ចំនួន​អំ​ពូ​ល​ដែល​ខូចខាត បង​សួរ​ទៅ​លោក​អធិការ​ក្រុង​ទើប​ដឹង ព្រោះ​ខាង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​»​ ។ តើ​រហូត​ដល់​ពេល​នេះ លោក​អភិបាល បាន​ស្រាវជ្រាវ​ដឹង​ពីមុខ​សញ្ញា​ជនសង្ស័យ​ហើយ​ឬ​នៅ ? លោក​អភិបាលក្រុង​រូប​នេះ បាន​បញ្ជាក់​ថា «​ជន​ប្រព្រឹត្ត​អាច​ជា​ពួក​ជនអនាថា ដែល​តែង​ដើរ​ពេល​យប់​ ។ កន្លង​មក ​ក្រុម​នេះ​តែង​ដើរ​វាយ​បំផ្លាញ​មិន​សល់​អី​ទេ ​។ ពេល​នេះ​ អាជ្ញាធរ​និង​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ពួក​ជនអនាថា​ទាំងនោះ​ហើយ​»​ ។

ដោយឡែក លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង ក៏​បាន​យល់​ឃើញ​ដូច​លោក​អភិបាលក្រុង​ដែរ ចំពោះ​ជន​ដៃដល់​។ លោក​បាន​ចង្អុល​ចំ​ៗ ទៅ​លើ​ជនអនាថា ជា​អ្នក​វាយ​កំទេច​អំ​ពូ​ល​ភ្លើង​ខាង​លើ​នេះ តែ​លោក​អធិការបាន​រាយ​ការ​ណ៍​ផ្ទុយ​ពី​សេចក្ដី​រាយ​ការ​ណ៍​របស់​ជាង​បំពាក់​អំ​ពូ​ល​ភ្លើង ​។ លោក​អធិការបាន​ប្រាប់​ថា បើ​តាម​លោក​ចុះ​ពិនិត្យ និងបាន​រាប់​អំ​ពូ​ល​ផ្ទាល់ ដែល​ខូចខាត​មាន​ចំនួន​​៣៦​អំ​ពូ​ល ផ្ទុយ​ពី​ជាង​ដែល​អះអាង​ថា បែក​អស់​ប្រមាណ​៤០​អំ​ពូ​ល​ ។

លោក ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់​ថា ពេល​នេះ ​លោក​កំពុង​តាម​រកមុខ​ស​ញ្ញ​ជន​ដៃដល់ ដែល​លោក​កំណត់​ថា ជា​ជនអនាថា ជា​អ្នក​វាយ​កំទេច​អំ​ពូ​ល​ភ្លើង​នៅ​វិមាន​ឯករាជ្យ​​នេះ​។ គេ​កត់​សម្គាល់ថា កន្លង​មក ​នៅ​ក្នុង​ក្រុង​បាត់ដំបង សំបូរ​ទៅ​ដោយ​ក្រុម​ចោរលួច​កាត់​ខ្សែភ្លើង​នៅ​ពេល​យប់​ ។ សមត្ថកិច្ច​ហាក់​មិនសូវ​អើពើ​ទេ នៅ​ពេល​បទល្មើស​កំប៉ិកកំប៉ុក​បែប​នេះ កើតឡើង​ចំ​លើ​ប្រជា​ពលរដ្ឋ ​។

មិន​ត្រឹ​ម​មិន​អើពើ​ប៉ុណ្ណោះ​ទេ សមត្ថកិច្ច​ថែម​ទាំង​ស្ដីបន្ទោស​ទៅ​លើ​អ្នក​រាយ​ការ​ណ៍​​ទៀត​ផង ដែល​គេ​ចាត់ទុកជា​រឿង​តូចតាច ជា​ការ​រំខាន​ចំ​ពេល​សមត្ថកិច្ច​កំពុង​ផឹកស៊ី​សប្បាយ​ ។ ប៉ុន្តែ​ក្រោយ​ពី​មាន​ក្រុម​ចោរលួច​កាត់​យក​ខ្សែភ្លើង​អស់​រាប់រយ​ម៉ែត្រ នៅ​ម្ដុំ​វេទិកា​បុណ្យអុំទូក​មាត់​ស្ទឹង​សង្កែ ទើប​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ពី​លោក​អភិបាលខេត្ត រហូត​ចេញ​បញ្ជា​យ៉ាង​តន់​ហន់​ដល់​សមត្ថកិច្ច​ទាំង​កម្លាំង​កងរាជអាវុធហត្ថ ទាំង​កម្លាំង​នគរបាល ឲ្យ​តាម​ចាប់​ជន​ដៃដល់​ឲ្យ​ខាង​តែ​បាន ​។

លោក សុខ លូ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​ខ្សែភ្លើង​នៅ​វេទិកាបុណ្យអុំទូក​នេះ​។ លោក បាន​ស្ដី​ប​ន្តោ​ស​យ៉ាង​ចាស់ដៃ​ទៅ​លើ​កម្លាំង​សមត្ថកិច្ច រហូត​លោក​ព្រលយ​ពាក្យ​ថា «​ប៉េ​អឹ​ម​ក្រុង ប៉ូលិស​ក្រុង មិនដឹង​ធ្វើ​អី​ទេ​រាល់​ថ្ងៃនេះ បានជា​ចោរលួច​កាត់​ខ្សែភ្លើង​កណ្ដាល​ក្រុង​មិនដឹង​។ តិច​ទៀត​ចោរ​ចូល​លួច​កាត់​ដល់​តាម​មន្ទីរ​រដ្ឋ​ហើយ​មើលទៅ​»​។ ជាមួយនឹង​ការ​ស្ដីបន្ទោស​របស់​លោក​ចៅហ្វាយខេត្ត​ខាងលើ​នេះ ប៉ុន្មាន​ថ្ងៃក្រោយ គេ​ឃើញ​ស្នងការ​ខេត្ត លោក​សាត គឹ​ម​សាន បាន​កោះ​ប្រជុំ​មន្ត្រី​ក្រោយ​ឱវាទ​ ស្រែក​បន្ទរ​តាម​លោក​អភិបាលខេត្ត ដោយ​បញ្ជា​ឲ្យ​លោក​អធិការ​តាម​បណ្ដា​ស្រុក និង​ក្រុង ត្រូវ​រៀបចំ​ប៉ុ​ស្ដិ៍​​ប្រជា​ការពារ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឡើង​វិញ ហើយ​ត្រូវ​ឲ្យ​មាន​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ យាម​ប្រចាំការ​គ្រប់ពេល​ទៀត​ផង​ ។

ប៉ុន្តែ​ផែនការ​ដូច​ផែនស្ករ​នេះ ត្រូវ​គេកត់​សម្គាល់​ឃើញ​ថា «​អនុវត្ត​បាន​ត្រឹ​ម​តែ​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ ក៏​រលាយ​សាបសូន្យ​បាត់​ទៅ​វិញ ​រហូត​ដល់​សព្វ​ថ្ងៃនេះ​»​។ បច្ចុប្បន្ន គេ​ឃើញ​សមត្ថកិច្ច​មួយ​ចំនួន​កំពុង​សកម្ម​ខ្លាំង​សម្បើម​ណាស់ ក្នុង​រឿង​បង្កើត​«​ល្បែងស៊ីសង​ខុសច្បាប់​» ហាក់​លែង​គិតរ​វីរ​វល់​ពី​បញ្ហា​សន្តិសុខ ដែល​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​អស់​ទៅ​ហើយ​ ។ មន្ត្រី​មួយ​ចំនួន កំពុង​តាំងខ្លួន​ជា​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ផង តាំងខ្លួន​ជា​អ្នក​បង្កើត​បទល្មើស​ផង​ ។

ជា​ពិសេស ​កំពុង​ក្លាយ​ខ្លួន​ជា​មេបន​ល្បែងស៊ីសង​ខុសច្បាប់​យ៉ាង​ចំហ​តែ​ម្ដង​។ គេ​សង្កេត​ឃើញ មន្ត្រី​ទាំងនេះ​ បាន​និង​កំពុង​ពង្រីក​ទីតាំង​ល្បែង​របស់​ខ្លួន​ស្ទើរ​គ្រប់កន្លែង ចាប់ពី​ក្នុង​ក្រុង​បាត់ដំបង រហូត​ដល់​តាម​បណ្ដា​ស្រុក​នានា​។ ល្បែង​ដែល​មន្ត្រី​ខិលខូច​កំពុង​ពង្រីក​ទីតាំង​នេះ គឺ «​ល្បែង​ឆ្នោត និង ល្បែង​អន​ឡាញ​» ពេល​នេះ ​ពួក​គេ​កំ​ពុង​មមារញឹក​ខ្លាំង​ណាស់ គ្មាន​ស្ថាប័ន​ណា​ចេញ​មុខ​បង្ក្រាប​ទេ ព្រោះ​នៅ​ពីក្រោយនៃ​បន​ល្បែង​សុទ្ធ​សឹង​ជា​សមត្ថកិច្ច​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ