ខេត្តកំពត ៖ រថយន្តធុនធំរបស់ក្រុមហ៊ុនពីរគ្រឿងបានពន្លះគ្នាយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះ បណ្តាលឱ្យរថយន្តខ្ទេចមុខ និងអ្នកបើកបររងរបួសធ្ងន់ ត្រូវបានគេជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី៩ ឧសភា លើកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ត្រង់ចំណុចខាងលិចអូរស្ពាន ចម្ងាយជាង១០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងខាងលើគេឃើញរថយន្តបែនដឹកដីកង់១០ ពណ៌ត្រេអ៊ី ជារថយន្តក្រុមហ៊ុនគួកដុងរបស់កូរ៉េ ពាក់ស្លាកលេខ AT-103-0221 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបត់ចូលចាក់ដីនៅកន្លែងកើតហេតុ ។ ពេលរថយន្តបែននោះកំពុងថយចាក់ដីគេឃើញរថយន្តម៉ាកនីស្សាន់ ទ្រុងវែងកង់១៦ ពណ៌ត្រេអ៊ីដូចគ្នា ជារថយន្តដឹកឥដ្ឋរបស់ក្រុមហ៊ុនប៉ាស៊ីហ្វិក ពាក់ស្លាកលេខភ្នំពេញ 3A-3376 បើកបរដោយឈ្មោះយឿន ភេទប្រុស អាយុ២៧ឆ្នាំ ព្រមទាំងមានព្រូម្នាក់ផង បើកយ៉ាងលឿនមកពីទិសភ្នំពេញ ។ លុះមកដល់ចំណុចខាងលើ ក៏បុកគូទរថយន្តបែនដែលកំពុងរៀបចំបែនចាក់ដី បណ្តាលឱ្យរថយន្តនីស្សាន់ដែលបុកគូទរថយន្តបែននោះខ្ទេចមុខទាំងស្រុង ហើយអ្នកបើកបរបានរងរបួសជាទម្ងន់ត្រូវបានព្រូដែលជិះជាមួយគ្នាដឹកតាមរថយន្តឈ្នួលនាំទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ រីឯអ្នកបើកបររថយន្តបែនក្រោយពីមានហេតុការណ៍កើតឡើងដូច្នេះបានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
មន្ត្រីប៉ូលិសចរាចរខេត្តក្រោយពីពិនិត្យវាស់វែងរួចបានឱ្យដឹងថា រថយន្តទាំង២គ្រឿងមានកំហុសដូចគ្នា មួយសម្អាងផ្លូវត្រង់បើកក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នមើលការដ្ឋានខាងមុខ រីឯរថយន្តកំពុងធ្វើសកម្មភាពបែនចាក់ដីក៏ខ្វះការប្រុងប្រយ័ត្នមើលតាមកញ្ចក់មកក្រោយ ដែរ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់នេះកើតឡើង។ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចចរាចរណ៍ខេត្តអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត រង់ចាំការដោះស្រាយតាមច្បាប់រវាងម្ចាស់ក្រុមហ៊ុនទាំងពីរ ៕
ចែករំលែកព័តមាននេះ