បណ្តាញព័ត៌មានថៃនៅថ្ងៃទី១០ ឧសភា ផ្សាយឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា បានប្រតិកម្មយ៉ាងខ្លាំងចំពោះការស្តីបន្ទោសដល់ប្រទេសថៃ ដោយអនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលថា ថៃជាអ្នកបង្កជម្លោះជាមួយកម្ពុជា ។ កាសែតថៃមួយបានដកស្រង់សម្តីលោកអាប់ភីស៊ីត ដែលថ្លែងថា ម៉ាឡេស៊ីមិនយល់អំពីបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃ និងប្រទេសកម្ពុជានោះទេ។
ក្នុងឱកាសនោះដែរ លោកអាប់ភីស៊ីត នៅតែប្រកាន់គោលជំហថា ប្រសិនបើកម្ពុជាមិនដកទ័ពចេញពីតំបន់មានជម្លោះព្រំដែននោះ ថៃមិនអាចអនុញ្ញាតឱ្យមានការបញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ទៅកាន់តំបន់នោះដែរ ។
កាលពីថ្ងៃទី៩ ឧសភា កន្លងមក ប្រទេសម៉ាឡេស៊ី បានស្តីបន្ទោសយ៉ាងចាស់ដៃ ចំពោះការប៉ះទង្គិចគ្នាដោយអាវុធជាថ្មីរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់ព្រំដែនរបស់ប្រទេសទាំងពីរ ហើយនិយាយថា ថៃភ្លេចការសន្យារបស់ខ្លួនចំពោះកិច្ចព្រមព្រៀងស្តីអំពីការ ទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី។
អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោករីឆាត វីអ៊ុតជែម ថ្លែងប្រាប់អ្នកកាសែតថា កិច្ចព្រមព្រៀងស្តីអំពីការដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី សម្រេចបានហើយ ដូច្នេះថៃត្រូវតែគោរពពាក្យសម្តីរបស់ខ្លួន៕
ចែករំលែកព័តមាននេះ