ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំ​វិញជំនួប​ត្រីភាគី​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​នៅ​ក្រុងហ្សាការតា​

14 ឆ្នាំ មុន

​ជំនួបពិភាក្សា​ត្រីភាគី​​រវាង​ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង ​​ជា​មួយ​​​​​ប្រមុខការ​ទូត​​ថៃ លោក​កាស៊ីត ភិរម្យ ​​និង​ប្រមុខការទូត​​​ឥណ្ឌូណេស៊ី​​ លោក​ម៉ាទី ណា​តា​ឡេ​ហ្គាវ៉ា ត្រូវ​​បានរៀបចំ​​ឡើង​ជាលើកទី​២ នៅ​ក្នុង​​ទីក្រុង​​ហ្សាការតា ​រដ្ឋធានី​​សាធារណរដ្ឋ​​​ឥណ្ឌូ​ណេ​ស៊ី ​កាលពី​ថ្ងៃទី​៩ ឧសភា ​​កន្ល​ងមក ​ដោយ​ធ្វើ​​​រយៈ​ពេលជាង​​២ម៉ោង

​ជំនួបពិភាក្សា​ត្រីភាគី​​រវាង​ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង ​​ជា​មួយ​​​​​ប្រមុខការ​ទូត​​ថៃ លោក​កាស៊ីត ភិរម្យ ​​និង​ប្រមុខការទូត​​​ឥណ្ឌូណេស៊ី​​ លោក​ម៉ាទី ណា​តា​ឡេ​ហ្គាវ៉ា ត្រូវ​​បានរៀបចំ​​ឡើង​ជាលើកទី​២ នៅ​ក្នុង​​ទីក្រុង​​ហ្សាការតា ​រដ្ឋធានី​​សាធារណរដ្ឋ​​​ឥណ្ឌូ​ណេ​ស៊ី ​កាលពី​ថ្ងៃទី​៩ ឧសភា ​​កន្ល​ងមក ​ដោយ​ធ្វើ​​​រយៈ​ពេលជាង​​២ម៉ោង ។ ​ជំនួប​ពិភាក្សា​​នេះ​ធ្វើ​ឡើង​ក្រោយពី​​ជំនួប​ពិភាក្សា​​ត្រីភាគី​​ក្រៅ​ផ្លូវ​ការ​​​លើកទី​២ ​​រវាង​សម្តេច​​អគ្គមហា​សេនា​បតី​តេជោ​​​​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​​​នៃព្រះរាជាណា​ច​ក្រ​កម្ពុជា ជាមួយ​លោកអាប់ភីស៊ីត ​វ៉េ​ចាជីវ៉ា នាយក​រដ្ឋ​​មន្ត្រីថៃ និង​ប្រធានាធិបតី​​ឥណ្ឌូណេស៊ី​ លោក​បណ្ឌិត​​ស៊ូស៊ីឡូ បាំ​បាង​​យូដូ​យ៉ូណូ ដែល​រៀបចំ​​ឡើង​​​​នៅ​ក្រៅ​​​កិច្ច​ប្រជុំ​កំពូលអាស៊ាន​​​លើក​ទី​១៨ ​ដែល​មិនទទួល​បាន​​លទ្ធ​ផល​អ្វីគឺ​​មិនអា​ចស្វែង​​​​រក​ដំណោះស្រាយ​​​ជម្លោះ​​បច្ចុប្បន្ន​​រវាង​ប្រទេស​ទាំង​ពីរ​។​

សូ​​ម​រំឭក​ឡើងវិញ​​​ថា ជំនួប​ពិភាក្សា​​ត្រីភាគី​លើកទី​២ ​រវាង​សម្តេច​​តេជោ​​ហ៊ុន សែន ​​ជាមួយ​លោកអាប់ភីស៊ីត ​​​និង​លោក​​​បណ្ឌិត​​យូដូយ៉ូណូ ​ធ្វើឡើង​នៅ​​​មុន​​ពេល​បញ្ចប់​​​​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​​​លើកទី​១៨ ដោយ​ជំនួប​ពិភាក្សា​​នេះធ្វើ​ឡើង​​រយៈ​​ពេល​ជាង​មួយម៉ោង​​។ ​ជា​លទ្ធ​ផល​​សម្តេច​តេជោ​ហ៊ុន សែន ​​និង​លោក​​​អាប់​ភីស៊ីត បាន​ឯកភាពគ្នា​​អនុញ្ញាត​​​ឱ្យ​រដ្ឋ​មន្ត្រី​​​ការ​បរទេស​​ប្រទេស​ទាំង​ពីរ​បន្តការ​​ស្នាក់នៅ​ក្នុង​ទីក្រុង​​ហ្សាការតា ​ដើម្បី​បន្តការពិភាក្សា​​​​ ​ស្វែង​រក​ដំណោះស្រាយ​​សម្រាប់​​បញ្ហាជម្លោះ​​​ព្រំ​ដែន​​បច្ចុប្បន្ន​​​រវាង​ប្រទេសទាំង​ពីរ​។​

ទាក់ទិន​​ទៅនឹង​ជំនួប​ពិភាក្សា​​​ត្រីភាគីនេះ ប្រភព​ព័ត៌​មាន​​ពីទីក្រុង​​​ហ្សាការតា​ឱ្យ​ដឹង​ថា ​​រដ្ឋ​មន្ត្រី​​ការបរទេស​កម្ពុជា និង​​រដ្ឋ​មន្ត្រី​​ការបរទេស​​​​ថៃ បានឯកភាពគ្នាលើ​កិច្ច​ព្រមព្រៀង​​​មួយ​ដែល​​​គេ​ហៅ​ថា ​«ដំណោះស្រាយ​​ជាកញ្ចប់​» ​​ដើម្បី​អនុ​ញ្ញាត​​​ឱ្យមាន​ការដាក់​​ពង្រាយ​​អ្នក​សង្កេត​ការណ៍​​​ឥណ្ឌូណេស៊ី​​​នៅ​តំបន់​​​មានជម្លោះ​​​ព្រំ​ដែន​​រវាង​ប្រទេសទាំង​ពីរ​ដើម្បី​ត្រួតពិនិត្យ​​បទ​ឈប់​បាញ់​គ្នា​។​

រដ្ឋមន្ត្រី​​​ការបរទេស​​ឥណ្ឌូណេស៊ី លោក​ម៉ាទី ណាតាឡេហ្គាវ៉ា ដែលជា​​ប្រធានអាស៊ាន​​​ថ្លែង​​​ក្រោយ​ពី​​​ជំនួប​ត្រីភាគី​លើកទី​​​២ រវាង​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​និង​​លោកកាស៊ីត ភិរម្យ ​​ថា ជំនួប​​ពិភាក្សា​នេះ​​ទទួលបា​នលទ្ធ ផល​​​លើសពីការ​រំពឹងទុក​​​​របស់​លោក​ទៅទៀត ។ ​​លោករដ្ឋមន្ត្រី​​ការបរទេស​​ថ្លែងទៀត​ថា ​​«ខ្ញុំ​មិន​​​បាន​យល់ពី​​វិសាល​ភាគ​នៃ​បញ្ហា​​រវាង​ប្រទេសទាំង​ពីរ ​​(ថៃ​-កម្ពុជា)​​​ ទេ ប៉ុន្តែ​​​ពួកគេ​អាច​​ជំនះ​​​ការទាមទារ​​​ចំពោះគ្នាទៅវិញ​ទៅមក​»។​

ទីភ្នាក់ងារ​​​ព័ត៌មាន​ជប៉ុន​ក្យូដូ​​រាយការណ៍​​​ដោយដកស្រង់​​​​សម្តី​លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​​ដែលថ្លែង​ថា ​កម្ពុជា និង​ថៃ បាន​ឯកភាព​​គ្នាទទួល​​ដំណោះស្រាយ​​ជា​កញ្ចប់ ស្តីអំពី​​ការបញ្ជូន​អ្នកសង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​​ទៅ​កាន់​តំបន់មានជម្លោះ​ព្រំដែន​រវាង​ប្រទេសទាំងពីរ ។ លោក​ឧប​​នាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​ថ្លែង​ទៀត​ថា ​​ដំណោះស្រាយ​​នេះគឺ​​លាយ​បញ្ចូល​​គ្នា​នូវ​​រូប​​​មន្ត​ចំនួន​៦​ឱ្យ​ទៅជា​​​​វិធានការ​​តែមួយ​ប៉ុណ្ណោះ ដែលនោះគឺ​​ភាគី​​ទាំង​ពីរ​កម្ពុជា​­-ថៃ ​​នឹង​ត្រូវ​តែ​​ផ្តល់​​​ឱ្យគ្នា​ទៅវិញ ទៅមក​​នូវ​លិខិត​​សម្រាប់​​លក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់​ក្រុម​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ​(IOT) ហើយ​ក្នុង​អំឡុង​ពេលនេះដែរ ប្រមុខការទូតទាំង​ពីរ​​​ក៏​បាន​ប្រកាស​​ពី​កាលបរិច្ឆេទ​​សម្រាប់កិច្ចប្រជុំ​គណៈ​កម្មាធិការ​​ព្រំដែន​​ទូទៅ (GBC) និងកិច្ចប្រជុំ​​​គណៈ​កម្មាធិការ​ព្រំដែន​ច​ម្រុះ (JBC) កម្ពុជា-​ថៃ។​

លោក​ឧបនាយករដ្ឋមន្ត្រី​​​ហោ ណាំហុង ​ថ្លែង​ថា ​ក្នុងចំណោម​​​វិធានការ​​ទាំង​៦​នោះគឺ​​ វិធាន​​ការ​​៣ និង​​៤ គឺ​បញ្ជូន​ក្រុមអ្នកសង្កេតការណ៍​​ឥណ្ឌូ​ណេស៊ី​នៅកាន់​តំបន់​​​មានជម្លោះ​ព្រំដែន​​រវាង​ប្រទេស​ទាំង​ពីរ​​ និង​កោះបើក​កិច្ចប្រជុំ​​ GBC និង​កិច្ច​​ប្រជុំ JBC ក្នុង​រយៈ​ពេល​​​៥ថ្ងៃ ក្រោយពី​​ថៃ​ផ្ញើ​លិខិត​​ទទួល​យក​លក្ខខណ្ឌ​​​ប្រតិបត្តិ (TOR) ជូន​រដ្ឋ​​មន្ត្រី​​ការបរទេស​​​ឥណ្ឌូណេស៊ី​ ចំណែក​​វិធាន​ការ​ទី​៥ និងទី​៦ ​គឺត្រូវបញ្ជូន​ការវាយតម្លៃ​​​របស់​ក្រុម​​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​ (IOT) ហើយ​​តាមដាន​​លទ្ធ​ផល​ប្រជុំ GBC និង​ JBC ​​ក្នុងរយៈ​ពេល​​​១០ថ្ងៃ ​ក្រោយពី​ថៃ​​ផ្ញើ​​​លិខិត​​យល់ព្រម​ទទួល​​យក TOR ជូនរដ្ឋ​មន្ត្រី​​ការ​បរទេស​ឥណ្ឌូ​ណេស៊ី​។​

ទោះបីជា​បែបណា ​​ខាងភាគីកម្ពុជា​បាន​លើក​ឡើង​​​​ម្តងទៀត​ថា ​​ក្រុម​អ្នកសង្កេត​ការណ៍​​​ឥណ្ឌូណេស៊ី​​​ត្រូវតែ​​ដាក់​ពង្រាយ​​មុន​ការ​ចរចា​​ស្តី​​អំពី​ការ​​ដកកង​ទ័ព​ពី​តំបន់​មាន​ជម្លោះ ​។ ចំណែក​​​វិធានការ​ទី​១ និងទី​២ ​គឺ​១-ថៃ​​​ត្រូវតែ​​​ឆ្លើយ​តប​​ចំពោះ​​​លក្ខខណ្ឌ​​​ប្រតិបត្តិ​​ (TOR) ស្តីអំពី​​​​ការ​ដាក់ពង្រាយ​​​អ្នកសង្កេត​ការណ៍​​​ឥណ្ឌូណេស៊ី ។​​លោក​​រដ្ឋ​​មន្ត្រី​​​​ការបរទេស​​ឥណ្ឌូណេស៊ី​​​​ថ្លែង​ថា ​ស្ថិត​ក្រោម​​ការ​សម្របសម្រួល​​នេះ រដ្ឋ​មន្ត្រី​​ការ​បរទេស​​ថៃ និង​រដ្ឋ​មន្ត្រី​​​ការ​បរទេស​កម្ពុជា​​​បាន​ឯកភាព​​​គ្នា​ថា ការ​អនុម័ត​​ជាផ្លូវការ​​សម្រាប់​ការ​ដាក់ពង្រាយ​​​អ្នកសង្កេតការណ៍​​​ឥណ្ឌូណេស៊ី ​​នឹង​ធ្វើ​ឡើង​​នៅ​​​កាលបរិច្ឆេទ​​​ដូចគ្នានៃ​កិច្ចប្រជុំ​​លើក​​ក្រោយ​របស់​​​គណៈ​កម្មាធិការ​​ព្រំដែន​ទូទៅ GBC និងកិច្ចប្រជុំ​​​គណៈ​កម្មាធិការ​ព្រំដែន​ចម្រុះ JBC ។ ប៉ុន្តែ​ទោះបីជា​បែបណា កិច្ចព្រមព្រៀង​​​ដែលទទួល​​បាន​ពីជំនួប​ពិភាក្សា​នេះ​នៅត្រូវផ្តល់​​ការ​អនុម័ត​ពីប្រមុខ​​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ទៀត ។​ ពួកអ្នក​​វិភាគ​និយាយ​ថា ​ការ​យល់​ព្រម​​​របស់​ថៃ​​ចំពោះ​បញ្ហា​​​អ្នកសង្កេតការណ៍​​​ឥណ្ឌូណេស៊ី​​​មិន​ទាន់​​យកជា​ការ​​​បាននោះទេ ​​ព្រោះ​​ថៃ​អាច​ប្រែ​​ក្រឡាស់​វិញ​​បាននៅ​ពេលណា​មួយ ដូច្នេះ​​ត្រូវ​ឱ្យ​​អន្តរជាតិ​ដាក់​សម្ពាធ​​លើប្រទេស​នេះ​បន្ថែម​ទៀត៕
​​