ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីប្រគល់​​រថយន្តគិលានសង្គ្រោះ​ដល់​មន្ទីរពេទ្យ​​បង្អែក​​ស្រុក​​​រមា​សហែក​

14 ឆ្នាំ មុន

​ខេត្តស្វាយរៀង​ ៖ នៅ​​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​រមាស​ហែក​កាលពីព្រឹក​ថ្ងៃទី​៨ ឧសភា មាន​រៀប​ចំ​​​ពិធីប្រគល់​​​រថយន្ត​គិលាន​សង្គ្រោះ​ក្រោម​អធិបតី​​ភាព​​លោកជំទាវ​ម៉ែន សំអន ​​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​​ ដោយមាន​ការចូលរួម​​​ពី​​តំណាង​រាស្ត្រ​​​​មណ្ឌល​​​ស្វាយរៀង​​ អភិបាលរង​ខេត្ត ​អភិបាល​-អភិបាលរងស្រុក ​​ប្រធាន-អនុ​ប្រធាន​​មន្ទីរ​សុខាភិបាល​​​ខេត្ត​​ ​

​ខេត្តស្វាយរៀង​ ៖ នៅ​​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​រមាស​ហែក​កាលពីព្រឹក​ថ្ងៃទី​៨ ឧសភា មាន​រៀប​ចំ​​​ពិធីប្រគល់​​​រថយន្ត​គិលាន​សង្គ្រោះ​ក្រោម​អធិបតី​​ភាព​​លោកជំទាវ​ម៉ែន សំអន ​​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​​ ដោយមាន​ការចូលរួម​​​ពី​​តំណាង​រាស្ត្រ​​​​មណ្ឌល​​​ស្វាយរៀង​​ អភិបាលរង​ខេត្ត ​អភិបាល​-អភិបាលរងស្រុក ​​ប្រធាន-អនុ​ប្រធាន​​មន្ទីរ​សុខាភិបាល​​​ខេត្ត​​ ​ក្រុមប្រឹក្សា​ឃុំ​​ ​គិលានុបដ្ឋាក-គិលា​នុបដ្ឋាយិកា ​សរុបជិត​​២០០​នាក់ ។ ​​

លោក​វេជ្ជបណ្ឌិត​ភាវ ​សុសត្តា ​នាយ​ក​មន្ទីរ​ពេទ្យ​​បង្អែក​​​ស្រុករមាស​ហែក បាន​ថ្លែង​ឱ្យ​ដឹង​ថា ​មន្ទីរ​​ពេទ្យបង្អែក​​​ស្រុក​​ប្រតិបត្តិ​​​រមា​សហែក ​មាន​បុគ្គ​លិក​​សរុប​​​​៣៩នាក់ ​​ក្នុង​នោះ​វេជ្ជបណ្ឌិត​​​​២​នាក់ គ្រូ​ពេទ្យ​មធ្យម​​​៣នាក់ ឆ្មប​មធ្យម​​​១​នាក់ ​​ឆ្មប​​បឋម​​​១នាក់ ​អ្នកបច្ចេកទេស​​​​មន្ទីរ​ពិសោធន៍​​២នាក់ គិលានុប​ដ្ឋាក-​គិលានុប​ដ្ឋាយិកា​​មធ្យម​​៦​នាក់ ​គិលានុប​​ដ្ឋាក-​គិលានុប​ដ្ឋាយិកា​​​បឋម​​៧​នាក់ និង​បុគ្គលិក​​បណ្តែត​​​១៧​នាក់ ​​មានគ្រែ​សម្រាប់​​​​ឱ្យ​អ្នក​​ជំងឺ​ចូល​មកសម្រាក​ព្យាបាល​ចំនួន​​៧០​។ ​​ក្នុងឆ្នាំ​​២០១០ ​អ្នកជំងឺ​​ចូលសម្រាក​ព្យា​បាល​​​សរុប​​២.០០៩​នាក់ ​​អត្រា​ស្លាប់ក្នុង​មន្ទីរ​ពេទ្យ​​​​មាន​២៦ករណី ។ ​​មន្ទីរពេទ្យ​​​នេះ​គ្រប​ដណ្តប់​​​សេវា​សុខាភិបាល​២ ​ស្រុក គឺ​​​ស្រុក​រមាស​ហែក ​និង​ស្រុក​​​រំដួល ​​ស្មើ​​​១៨ឃុំ ​​​២១៩ភូមិ ​​​៣០.៤៥៧​គ្រួសារ គិតជា​មនុស្ស​សរុប​​​១៤៩.១២៥​នាក់ ​មាន​មណ្ឌលសុខភាព​​ចំនួន​៩កន្លែង ​​មានបុគ្គលិក​ក្រប​ខណ្ឌ៧៨នាក់ មន្ត្រី​ជាប់​​​កិច្ចសន្យា​ និង​ពល​ករ​​​​បណ្តែត​​​៧៨នាក់ ។​

លោកវេជ្ជបណ្ឌិត​​​បន្តទៀត​ថា ​​ចំណុច​ខ្លាំង​​គឺ​មាន​ការ​គាំទ្រពី​​ក្រសួងសុខាភិបាល និង​មន្ទីរ​​សុខាភិបាល​​​​​ខេត្ត ​មានគោល​នយោបាយ​​​ជាតិ និង​មាន​ការ​ណែនាំ​ពីក្រសួង មន្ត្រី​​​មាន​ឆន្ទៈ ​និង​​ការ​សាមគ្គី ​ឯកភាពគ្នា ​​មាន​ការសហការ​​​គាំទ្រ​ពី​អាជ្ញាធរ និង​អង្គការ​​សង្គមស៊ីវិល​បានល្អ ។ ​​ប៉ុន្តែ​​​ក៏នៅមាន​​​ចំណុច​ខ្វះខាត និងការ​លំបាក​​ដោយ​​​នៅ​មាន​បញ្ហា​ប្រឈម​​​ គឺខ្វះ​​ធនធាន​មនុស្ស​​​​ទាំង​មន្ទីរ​​​ពេទ្យស្រុក និង​មណ្ឌល​សុខភាព​ ការ​អប់​រំ​​ផ្សព្វ​ផ្សាយពីបញ្ហា​​​​​សុខភាពប្រជា​ពលរដ្ឋ​​​ដល់​សហ​គមន៍​​​នៅមិនទាន់បាន​ល្អប្រសើរ ការអប់រំ​​ និង​ការ​ផ្តល់​​ប្រឹក្សា​​​ផ្នែក​សុខភាពដល់​កុមារ និង​ស្ត្រី​​ដែលមក​ទទួល​​​សេវា​នៅ​មណ្ឌលសុខភាព​​​ពុំ​ទាន់​​បាន​ល្អ ។ ​ការ​សម្រាលកូន​​​នៅ​តាម​​ផ្ទះ​ដោយ​​​ឆ្មប​បុរាណ​​នៅ​មានប្រមាណ​​​១៤% ។ លទ្ធ​ភាព​នៃការផ្តល់​​សេវា​នៅមន្ទីរពេទ្យ​​​បង្អែក ​និង​ការ​ស្តារ​​នីតិ​​សម្បទា​​ឡើងវិញ ​ដោយ​ជំងឺ​​មិនឆ្លង​ដូច​ជា ជំងឺទឹកនោម​ផ្អែម ​ជំងឺ​បេះ​ដូង ​​សរសៃ​ឈាម​ មហារីក​​​ ​សុខ​ភាព​​មាត់​ធ្មេញ ​នៅមានកម្រិត​។ល។ ​​ប្រជា​ជន​នៅ​​មានកម្រិត​​​ជីវ​​ភាពទាប ​និងចំណេះ​ដឹង​​មាន​កម្រិត​​​ ប្រជា​ជន​មាន​ចំណាក​ស្រុក​​​ច្រើន ​ការ​ផ្តល់​​សេវា​​មូលដ្ឋាន ​និង​ការបញ្ជូន​​មានការ​លំបាក​នៅ​​​រដូវវស្សា​ ពេលមានអ្នកជំងឺ​​​ត្រូវ​​​ការសង្គ្រោះ​​បន្ទាន់ត្រូវការសែង​​​ចេញពីផ្ទះ​​មក​រក​ផ្លូវលំ ​​។ ខ្វះ​រថយន្តសង្គ្រោះ​​​ធ្វើ​ឱ្យហួស​​ពេល​សង្គ្រោះ​ ប្រជា​ជន​មួយចំនួន​មាន​​​ជំនឿ​​​អរូបី ​និង​ទម្លាប់​ផ្សេងៗ​តាមភូមិ ។ សេវា​សុខភាព​​ឯក​ជន​​ខុសច្បាប់​​នៅ​មិន​​ទាន់​លុប​បំបាត់នៅ​ឡើយ ។

លោកវេជ្ជបណ្ឌិត​​​ភាវ ​សុសត្តា ​បានថ្លែង​​​អំណរគុណ​​​យ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ​​​ឧបនាយករដ្ឋ​មន្ត្រី​​​ម៉ែន សំអន ដែល​ផ្តល់​​​​រថយន្ត​​គិលានសង្គ្រោះ​​​១​គ្រឿង ដើម្បី​បម្រើ​ការ​​​ជួយ​សង្គ្រោះ​​អ្នកជំងឺ​​​ក្នុង​ស្រុក​​ប្រតិបត្តិ​​​រមាស​ហែក​នេះ និង​​​ថ្លែង​​អំណរ​គុណដល់​​រាជ​រដ្ឋាភិបាល​ដែល​មាន​​សម្តេច​​អគ្គមហាសេនាបតីតេជោហ៊ុន​ សែន ​ជា​​ប្រមុខ​ដឹកនាំ​​ដ៏ឆ្នើម​​ប្រកប​ដោយ​​គត​ិបណ្ឌិត​​​បានផ្គត់​ផ្គង់​​​​សេវា​ហិរញ្ញ​ប្បទាន​​​ដល់ប្រជា​ពលរដ្ឋ​ក្រីក្រ​នូវ​​សេវា​សុខាភិបាល​​​​ដោយ​​ឥតគិតថ្លៃ​ ផ្តល់​អំណោយជា​​អង្ករ​ជា​ប្រចាំ​​ក្នុង​​១ខែ​​២០០គីឡូ​ក្រាម ព្រម​ទាំង​​ថវិកា និង​​​ម្ហូប​​ផ្គត់​ផ្គង់​​អ្នកជំងឺ ។

លោកជំទាវ​ម៉ែន​ សំអន ​​ឧបនាយករដ្ឋ​មន្ត្រី​​​ប្រចាំ​ការ​​ បានមានប្រសាសន៍​​​សំណេះសំណាល​​​នា​ឱកាសនោះថា ​ក្នុងនាម​រាជ​រដ្ឋាភិបាល​​ លោក​ជំទាវ​​​មាន​ចំណាប់អារម្មណ៍​​​ចំពោះ​​​​របាយការណ៍​​របស់លោកវេជ្ជបណ្ឌិត​​ភាវ សុសត្តា ​​អំពីសេវា​សុខាភិបាល​នេះ​ដែល​មាន​ការគាំទ្រពីក្រសួង​​ និង​មន្ទីរ​​សុខា​ភិបាល​ មានការ​​​សហការ​ល្អពីអាជ្ញាធរ​​​​ពាក់​ព័ន្ធ​​ និង​អង្គការ​នានា ​ផ្តល់​​​សេវា​​បាន​ល្អ​ប្រសើរ។ អ្វី​ដែលរាជ​រដ្ឋាភិបាល​​​ចាប់អារម្មណ៍​គឺ​ចំណុច​​លំបាក ឬ​​បញ្ហា​ប្រឈម​​​ដើម្បី​យើង​រួមគ្នា ​​រក​ដំណោះស្រាយ​​ ជាពិសេស​​សុខភាពមាតា និង​ទារក ​​ដែល​ការសម្រាល​​កូននៅ​តាម​ផ្ទះដោយ​ឆ្មប​​​បុរាណ​នៅ​មានប្រមាណ​​​១៤% ​ប្រជា​ជន​នៅ​មាន​​កម្រិត​​ជីវភាព​ទាប និង​​​​ចំណេះ​​ដឹង​​​​នៅ​មាន​កម្រិតទាប ។ ​​​​ទាំងនេះគឺ​​សុទ្ធ​សឹង​ជា​ចំណុច​ដែល​​រាជ​រដ្ឋាភិបាល​​កំពុងគិតគូរ​​​នៅក្នុង​​​យុទ្ធ​សាស្ត្រ​​​​ចតុកោណ ជាពិសេស​​លោក​ជំទាវ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ​គិតគូរ​យ៉ាង​ខ្លាំង​ចំពោះ​​សុខ​​​ភាព មាតា​និងទារក ​និង​សុខ​ភាព​ប្រជាជន​ទូទៅ​ ​ព្រោះ​ដើម្បី​​ធ្វើ​ការអភិ​​​វឌ្ឍ​ទៅបានត្រូវ​​មាន​ធន​ធាន​មនុស្ស ប្រជា​​ជន​មានសុខ​​ភាពល្អ ទើប​ឈាន​ទៅ​​​​​កាត់​បន្ថយ​​​​ភាពក្រីក្រ​​មាន​ប្រសិទ្ធ​
ភាព ។

ក្រោយពី​​ការសំណេះសំណាល​ ​​គឺ​ពិធីប្រគល់​​​រថយន្តគិលាន​​សង្គ្រោះ​​​១គ្រឿង ដែលបំពាក់​សម្ភារ​​បច្ចេកទេស​​​មួយកំប្លេ និង​មាន​ឆ្នាំង ចាន ​ទូរទស្សន៍​២១អ៊ីញ ​មួយគ្រឿង ​​ព្រមទាំង​បរិក្ខារ​​ពេទ្យ​មួយ​ចំនួន​។ ផ្តល់​អំណោយ​​ដល់​​​អ្នកជំងឺ​​​​២៨​នាក់ ​ក្នុងម្នាក់​ៗ​​ទទួលបាន​​ស្ករស​១គីឡូក្រាម ​ទឹក​ដោះគោ​​២​កំប៉ុង ​ទឹកបរិសុទ្ធ១​ដប មី៥កញ្ចប់ ថវិកា​​២០.០០០​រៀល ។ មន្ត្រី​ក្រុម​ប្រឹក្សា​​ស្រុក​​៧នាក់ ​ក្នុង​ម្នាក់​​​​ៗ​១ម៉ឺន​រៀល មន្ត្រី​​​​ក្រុមប្រឹក្សា​​ឃុំ​​១៦នាក់ ​ម្នាក់ៗ១ម៉ឺនរៀល ​​មេ​ភូមិ​​១០នាក់ ​​គ្រូ​ពេទ្យ​​៣៩នាក់​​ ម្នាក់​ៗ​​១ម៉ឺនរៀល ៕