ប្រទេសថៃទទួលបានភ្ញៀវទេសចរអន្តរជាតិ១៥លាននាក់ត្រឹមរយៈពេលជិត៧ខែនៃឆ្នាំ២០២៣។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោកស្រីរ៉ាឆាដា (Rachada Dhnadirek)។ កាលពីថ្ងៃព្រហស្បតិ៍, លោកស្រីថ្លែងថាដោយសារពេលនេះជាអំឡុងពេលឈប់សម្រាកវិស្សមកាលរដូវក្ដៅនៅបណ្ដាប្រទេសស្ថិតនៅអឌ្ឍគោលខាងជើង ដូចនេះ ពួកគេសម្រុកធ្វើដំណើរទៅកម្សាន្តនៅប្រទេសចិន។
លោកស្រីរ៉ាឆាដា (Rachada) អ្នកនាំពាក្យរដ្ឋាភិបាលដើម្បីឆក់យកឱកាសនេះ, អាជ្ញាធរទេសចរណ៍ថៃក៏បើកយុទ្ធនាការផ្សព្វផ្សាយដើម្បីស្រូបទាញអ្នកទាំងនេះ។ យុទ្ធនាការនេះមានគោលដៅអូសទាញអ្នកដែលចង់ធ្វើដំណើរកម្សាន្តផង និងស្វែងរកសេវាព្យាបាលជំងឺ ឬពិនិត្យសុខភាពផង។ សម្រាប់អ្នកទេសចរជាតិ, អាជ្ញាធរផ្សព្វផ្សាយអំពីតំបន់គោលដៅទេសចរដែលទាក់ទាញជាច្រើននៅក្នុងប្រទេសថៃដើម្បីឱ្យពួកគេចំណាយលុយទៅលើចំណីអាហារ និងរបស់របរផ្សេងៗ និងជួយផ្ដល់ប្រាក់កម្រៃសម្រាប់អ្នករស់នៅតាមមូលដ្ឋាន។

យោងតាមលោកស្រីរ៉ាឆាដា, អាជ្ញាធររំពឹងថាអាចរកប្រាក់ចំណូលពីវិស័យទេសចរណ៍បីទ្រីលានបាតសម្រាប់ឆ្នាំ២០២៤។ ក្នុងនោះ, ១,៩២ទ្រីលានបាតបានមកពីភ្ញៀវទេសចរបរទេស និង១,០៨ទ្រីលានបាតបានមកពីភ្ញៀវទេសចរក្នុងស្រុក។ ក្រៅពីជាតំបន់គោលដៅទេសចរក្រោយសម័យកូវីដ១៩, ប្រទេសថៃមានទីតាំងល្អៗសម្រាប់ការថតខ្សែភាពយន្ត។ នាយកដ្ឋានទេសចរណ៍ថ្លែងថាផលិតកម្មភាពយន្តជាង២រយក្រុមហ៊ុនមកពី៣២ប្រទេសបានទៅទាក់ទងប្រទេសថៃដើម្បីថតកុន។

ក្រុមហ៊ុនភាពយន្តរបស់អាមេរិកសម្រុកទៅថតកុននៅប្រទេសថៃច្រើនជាងគេ ដោយចំណាយថវិកាជាង៥រយលានបាតលើគម្រោងថតកុន១៤រឿង។ បន្ទាប់មក, ប្រទេសចិនឈរលំដាប់ទី២ ចំណាយជាង៣រយលានបាតថតកុន១៧រឿង។ ហុងកុងចំណាយជាង៣រយលានបាតដែរ ថតកុន១១រឿង។ ក្រៅពីនេះ មានអង់គ្លេស អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត។

រដ្ឋាភិបាលប្រើប្រាស់វិធីអូសទាញផលិតកម្មភាពយន្តបរទេសទៅថតកុននៅប្រទេសថៃ ដោយផ្ដល់ប្រាក់ត្រឡប់ទៅវិញពី១៥%-២០%សម្រាប់អ្នកចាយលុយថតកុនចាប់ពីហាសិបលានបាតឡើងទៅ។ ម៉្យាងទៀត រដ្ឋាភិបាលផ្ដល់លក្ខខណ្ឌងាយស្រួលសម្រាប់ជនជាតិបរទេសដែលចង់បានលិខិតអនុញ្ញាតចូលថតកុននៅប្រទេសថៃ។

ជាទូទៅ, សម្រាប់ការផលិតស្ពត់ពាណិជ្ជកម្ម ឬផលិតចម្រៀងកាយវិកា អឹមវី (MV) ពួកគេរង់ចាំត្រឹមរយៈពេលបីថ្ងៃអាចទទួលបានទិដ្ឋាការសម្រាប់ចូលថតនៅប្រទេសថៃ។ សម្រាប់ផលិតកម្មភាពយន្ត, ភាពយន្តឯកសារ ឬកម្មវិធីសម្ដែងពីជីវិតពិត (reality show) ពួកគេរង់ចាំចាប់ពី៥-១០ថ្ងៃអាចទទួលបានទិដ្ឋាការ៕
ប្រភព៖ កាសែតបាងកកប៉ុស្តិ៍ (Bangkok Post)
https://www.bangkokpost.com/thailand/general/2614990/15m-foreign-visitors-arrive-by-mid-year





ចែករំលែកព័តមាននេះ