កងកម្លាំងសន្តិសុខស៊ីរីកំពុងប្រើប្រាស់ពហុកីឡដ្ឋាននានាជាពន្ធនាគារបណ្តោះអាសន្ននៅក្នុងទីក្រុងធំ២គឺទីក្រុង Banias និងទីក្រុង Daraa ក្រោយពីវាយឆ្មក់លើលំនៅឋានជាច្រើន ហើយចាប់ខ្លួនពលរដ្ឋជាច្រើនរយនាក់។ លើសពីនេះទៀតកងកម្លាំងសន្តិសុខនោះក៏បានវាយឆ្មក់លើលំនៅឋានច្រើនទៀត ហើយចាប់ពលរដ្ឋដាក់ពន្ធនាគារនៅតំបន់ Rami Abdul-Rahman ជាយក្រុងដាម៉ាល់ ដែលនៅទីនោះក៏មានសេចក្តីរាយការណ៍អំពីការបាញ់ប្រហារផងដែរ។
ចំណែកនៅក្នុងទីក្រុង Homs វិញ វេជ្ជបណ្ឌិតនិយាយថា រថក្រោះជាច្រើនគ្រឿងត្រូវបំបែកជួរគ្នា ហើយប៉ុស្តិ៍ឆែកឆេរសន្តិសុខត្រូវបានបង្កើតឡើងនៅតាមច្រកចូលតំបន់ជាយក្រុងនានា ហើយកងកម្លាំងសន្តិសុខដែលគាំទ្រដោយប៉ូលិសសម្ងាត់កំពុងតាមដានអ្នកដែលឆ្លងកាត់ប៉ុស្តិ៍ឆែកឆេរទាំងនោះ ។ សាក្សីនៅក្នុងទីក្រុង Homs និយាយថា មនុស្សជាច្រើននាក់បានត្រូវស្លាប់នៅក្នុងអំឡុងពេលនៃការធ្វើបាតុកម្មកាលពី២៣ថ្ងៃកន្លងមក ហើយសពអ្នកទាំងនោះមិនត្រូវបានគេយកទៅបញ្ចុះទេ ពីព្រោះកងកម្លាំងសន្តិសុខមិនអនុញ្ញាតឱ្យធ្វើបុណ្យសព ដោយសារខ្លាចអ្នកចូលរួមបុណ្យសពធ្វើបាតុកម្មប្រឆាំងពួកគេ ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិនិយាយថា ក្រុមវាយតម្លៃពីជំនួយមនុស្សធម៌ អង្គការសហប្រជាជាតិ ដែលគ្រោងចូលក្នុងប្រទសស៊ីរី ត្រូវបញ្ឈប់ បើទោះបីជាធ្លាប់ទទួលបានការអនុញ្ញាតពីអាជ្ញាធរស៊ីរីក៏ដោយ ។ ក្រុមនោះគ្រោងទៅកាន់ទីក្រុង Daraa ដែលនៅទីនោះហ្វូងបាតុកររងការបង្ក្រាបដោយកងកម្លាំងរបស់រដ្ឋាភិបាល ។
តាមប្រភពព័ត៌មានថា មនុស្សជាង៤០០នាក់ ត្រូវចាប់ខ្លួននៅក្នុងទីក្រុង Banias ចាប់តាំងពីថ្ងៃទី៧ ឧសភា មក ហើយអាជ្ញាធរប្រែក្លាយពហុកីឡដ្ឋានឱ្យទៅជាមន្ទីរឃុំឃាំងដើម្បីឃុំខ្លួនពួកគេ ៕
ចែករំលែកព័តមាននេះ