ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ដេក​យល់សប្ដិ ការ​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​មិនមែន​កែប្រែ​ឬ​លុប​ចោល​នោះ​ឡើ​យ

14 ឆ្នាំ មុន

នៅ​ថ្ងៃទី៣០ និង៣១ ឧសភា ខាង​មុខនេះ តុលា​ការ​យុត្តិធម៌​អន្តរ​ជាតិ​ក្រុង​ឡាអេ បាន​កំណត់​​​ការ​ធ្វើ​​សវ​នា​ការ​មួយ​ទៅ​តាម​សំណើ​របស់​​ប្រទេសកម្ពុជា​ ដែលសុំ​ឱ្យ​តុលាការ​នេះ​ធ្វើ​ការ​បក​ស្រាយ​សាលដីកាឆ្នាំ១៩៦២ ស្តីពី​ប្រាសាទ​ព្រះវិហារ ​ដោយសារ​តែ​នយោ​បាយ​អនុត្តរភាព​និយម របស់ប្រទេស​សៀម ដែលនៅតែ​មិន​បោះ​បង់​​​ការ​ឈ្លាន​ពាន​មក​លើប្រាសាទ​ខ្មែរ​តកូន​តទៅ

នៅ​ថ្ងៃទី៣០ និង៣១ ឧសភា ខាង​មុខនេះ តុលា​ការ​យុត្តិធម៌​អន្តរ​ជាតិ​ក្រុង​ឡាអេ បាន​កំណត់​​​ការ​ធ្វើ​​សវ​នា​ការ​មួយ​ទៅ​តាម​សំណើ​របស់​​ប្រទេសកម្ពុជា​ ដែលសុំ​ឱ្យ​តុលាការ​នេះ​ធ្វើ​ការ​បក​ស្រាយ​សាលដីកាឆ្នាំ១៩៦២ ស្តីពី​ប្រាសាទ​ព្រះវិហារ ​ដោយសារ​តែ​នយោ​បាយ​អនុត្តរភាព​និយម របស់ប្រទេស​សៀម ដែលនៅតែ​មិន​បោះ​បង់​​​ការ​ឈ្លាន​ពាន​មក​លើប្រាសាទ​ខ្មែរ​តកូន​តទៅ​ ទោះបី​សាលដីកា​ឆ្នាំ​១៩៦២បានប្រកាស​មកមាន​រយៈ​ពេល​ជាង​៤៩ឆ្នាំមកហើយក្តី ។

​លោកឡុង​ សុគុណ ​អ្នកស្រាវជ្រាវ​រឿង​​ក្តី​​ស្តី​ពីប្រាសាទ​ព្រះវិហារ​​ បានផ្តល់​អត្ថ​បទមួយរបស់​លោក​នៅ​ថ្ងៃទី៩ ឧសភា ដោយ​ចង់បញ្ជាក់​ថា តុលា​ការ​យុត្តិធម៌​​អន្តរ​ជាតិ​នឹងបកស្រាយ​សាល​ដីកា​​ឆ្នាំ១៩៦២ស្តីពីប្រាសាទ​ព្រះវិហារ ​​មិន​មែន​កែប្រែ ឬ​លុបចោល​ឡើយ។ ​បានជា​បញ្ជាក់បែបនេះដោយ សារ​ថា ពួកសៀម​មួយចំនួន​កំពុង​តែដេក​យល់សប្តិ​ជុំវិញ​ការបកស្រាយ​​សាល​​ដីកាឆ្នាំ១៩៦២ ។ លោក​បាន​ធ្វើការរំលឹក​ថា នៅ​ថ្ងៃ​ទី​២៨ មេសា ​២០១១ រាជ រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​យុត្ដិធម៌​អន្ដរ​ជាតិ​បកស្រាយ​សាលដីកា​របស់​ខ្លួន​ឆ្នាំ​១៩៦២​។ សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ឈ្លានពាន និង​ការកាន់កាប់​របស់​កងទ័ព​ថៃ​លើ​តំបន់​ក្បែរ​ប្រាសាទ​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ និង​អំពើ​ឈ្លា​នពានរបស់​កងទ័ព​ថៃ​ម្ដង​ហើយ​ម្ដងទៀត​ប្រឆាំង​នឹង​កម្ពុជា ដោយ​រំលោភ​ទាំងស្រុង​ទៅ​នឹង​សាលដីកាតុលាការឆ្នាំ​១៩៦២ និង​ច្បាប់​អន្ដរជាតិ​។
បណ្ឌិតសំ​ប៉ង ស៊ូ​ចា​រិ​ទ​គុន ជា​អតីត​មេធាវី​ថៃ ដែល​បាន​អម​សេនី​ប្រា​មូ​ច នៅ​ពេល​ដែលសេនី​ប្រា​មូ​ច​បាន​ដឹកនាំ​ការ​តស៊ូ​ក្ដី​នៅ​តុលាការ​យុត្ដិធម៌​នៅ​ក្នុង​ឆ្នាំ​១៩៦២​ ។

សារព័ត៌មាន​ថៃ​បាន​ដក​ស្រង់​បទវិចារណកថា​ របស់​លោក​បណ្ឌិតសំ​ប៉ង​ស៊ូ​ចា​រិ​ទ​គុន នៅ​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​១៩៦១​ដែល​ថា «ថៃ​ត្រូវ​តែ​ជំទាស់​ទៅ​នឹង​យុត្ដាធិការ​របស់​តុលាការ»​។ «​ការ​ពង្រីក​វិសាលភាព​នៃ​រឿង​ក្ដី​របស់​កម្ពុជា​នាំ​ទៅរក​ការ​បើក​រឿង​ក្ដី​ថ្មី​​»។ «​ថៃ​គូរ​តែ​ស្នើ​សុំ​ឱ្យ​តុលាការ​លុប​ចោល​សាល​ដីកា ឬថៃ​គួរតែ​មិន​ចូល រួម​ក្នុងសវនាការ​ដើ​ម្បី​បង្ហាញ​ថា​ថៃ​ទាត់​ចោល​យុត្ដាធិការ​របស់​តុលា​ការ និង​សាល​ដីកា​នោះ» ។

បណ្ឌិតសំ​ប៉ង ​ចា​រិ​ទ​គុន​គួរ​ចង​ចាំ​ថា នៅ​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​១៩៦១ តុលាការ​បាន​ទទួល ស្គាល់​​សមត្ថកិច្ច​របស់​ខ្លួន​ ដើម្បី​វិនិច្ឆ័យ​លើ​រឿង​ក្ដី​ដាក់​ជូន​ដោយ​ប្រទេស​កម្ពុជា ហើយ​នៅ​ពេល​នោះ​ថៃ​បានទទួលយក​យុត្ដាធិកា​របស់​តុលាការ​។ ប​ណ្ទិ​តសំ​ប៉ង​បានដឹង​យ៉ាង​ច្បាស់​ថា ​ថៃ​បាន​ចាញ់​ក្ដី​ក្នុង​ឆ្នាំ​១៩៦២​ ។ ថៃ​អាច​ស្នើ​សុំ​សើរើ​សាល​ដីកា​នោះ​ក្នុង​រយៈពេល​១០​ឆ្នាំ ប៉ុន្ដែថៃ​បាន​ខក​ខានមិនបាន​ស្នើ​សុំ​ឱ្យ​តុលាការសើរើ​សាល​ដីកា​នោះ​ឡើយ​។

ការ​ស្នើ​សុំ​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​ជា​ដំណើ​រការ​បន្ថែម​មួយ​ដើម្បី​ពន្យល់ ប៉ុន្ដែ​មិនមែន ដើម្បី​កែប្រែ ឬលុប​ចោល​អ្វី​ដែល​តុលា​ការ​បាន​សម្រេច​ក្នុង​ឆ្នាំ​១៩៦២​ឡើយ​ ។ គោល​បំណង​ពិតប្រាកដ​នៃការ​បកស្រាយ ​គឺ​ត្រូវ​បំភ្លឺ​អ្វី​ដែល​តុលាការ​បាន​សម្រេច​ដោយ​ជាប់​កាតព្វកិច្ច​ក្នុង​ការ​សម្រេច​របស់​តុលាការ​ មិនមែន​ដើម្បី​ស្នើ​សុំ​ឱ្យ​តុលាការ​សម្រេច​ដោយ​សំអាង​លើ​អង្គ​ហេតុ ឬការ​លើក​ឡើង​ថ្មី​ឡើយ​ ។ ហើយ​ការស្នើ​សុំ​ការ​បក ស្រាយ​នឹង​មិនមែនជា​ការ​បើក​រឿង​ក្ដី​ថ្មី​មួយ​ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ថៃ​ដើម្បី​ស្នើ​សុំ​កែប្រែ ឬលុបចោល​​សាលដីកា​ឆ្នាំ​១៩៦២​បាន​ឡើយ ប៉ុន្ដែ​វា​គ្រាន់តែ​ជា​ការ​ស្នើ​សុំ​មួយ​ដើម្បី​ឱ្យ​តុលា​ការ​បក​ស្រាយលើ​ភាព​មិន​ច្បាស់លាស់​ទាំង​ឡាយ​​ដែល​អាច​មាននៅ​ក្នុង​សាលដីកា​ឆ្នាំ​១៩៦២​​ប៉ុណ្ណោះ​។

មាត្រា​៦០ លក្ខន្ដិកៈ​តុលាការ​ចែង​ថា ​សាល​ដីកា​សម្រេច​ជា​ស្ថាពរ និង​បិទផ្លូវ​ឧ​ទ្ធ​រណ៍​។ មាត្រា​​នេះចែង​ថា ករណី​មាន​ជម្លោះ​ចំពោះ​អត្ថ​ន័យ ឬវិសាលភាព​នៃ​សាលដីកា​នោះ តុលាការ​នឹង​ត្រូវ​បកស្រាយតាម​សំណើ​របស់​ភាគី​ណាមួយ ​។ ប៉ុន្ដែ ការ​ស្នើ​សុំ​ត្រូវ​ទាក់ទង​តែ​លើ​ផ្នែក​ប្រតិបត្ដិ និង​មូល​ហេ​តុ​ដែលមិន​អាច​បំបែក​បាន​នៃ​សាលដីកា​នោះ​ ។ ដោយសារ​តែ​ការ​បក​ស្រាយ​​នឹង​ត្រូវ​បាន​សម្រេច​ដោយ​តុលាការ តាម​​​សំណើ​របស់​កម្ពុជា​ នឹង​បំភ្លឺ​ឱ្យ​កាន់តែ​ច្បាស់​លើ​អ្វីដែល​តុលាការ​បាន​សម្រេច​ក្នុង​ឆ្នាំ១៩៦២​នោះ ការ​បកស្រាយ​នៅ​តែ​មាន​កាតព្វ កិច្ច​ចាប់​បង្ខំ​ដូច​សាលដីកា​ឆ្នាំ​១៩៦២​ដែរ ដែល​ភាគី​ក្នុង​ជម្លោះ​ត្រូវ​តែ​អនុវត្ដ​តាមកាតព្វកិច្ច​ដែល​បាន​ចែង​ក្នុង​ការ​បកស្រាយ​នោះ​។

ឥឡូវនេះ ​ខ្សែបន្ទាត់​ព្រំដែន​លើ​ផែនទី​ឧ​ប​សម្ព័ន្ធ​១​ត្រូវ​បាន​តុលាការ​​ប្រើប្រាស់​ដើម្បី​សម្រេច​រឿង​ក្ដី​ព្រះ​វិហារ​ក្នុង​ឆ្នាំ​១៩៦២ កំពុង​ត្រូវ​បាន​ថៃ​ជំទាស់​ដោយ​អះអាង​អំពី​ផែនទី​សម្ងាត់ ​និង​ឯកតោ ភាគី​របស់​ខ្លួនដែល​គេ​ឃើញ​ក្នុ​ងឆ្នាំ​២០០៧​ ។ ដោយ​ប៉ុនប៉ង​អនុវត្ដ​ផែនទី​សម្ងាត់​ឯកតោភាគី​នោះ កងទ័ព​ថៃ​បាន​ឆ្លងកាត់​ព្រំដែន​អន្ដរជាតិ​ហើយ​បាន​កាន់កាប់​តំបន់​ក្បែរ​ប្រាសាទ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ ដោយ​រំលោភ​ទាំងស្រុង​ទៅ​នឹង​សាល ដីកា​ឆ្នាំ១៩៦២​ ។ លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០០៨​ របស់​តំណាង​អចិន្ដ្រៃយ៍របស់​ថៃ​នៅ​សហប្រជាជាតិ​បាន​អះ​អាង​ថា ថៃ​អនុវត្ដ​ពេញ លេញ​សាលដីកា​ឆ្នាំ១៩៦២​។ ទោះបី​យ៉ាងណា​ក៏ដោយ ​ក៏​ថៃ​អះ​អាង​ថា​ តុលាការ​សម្រេច​ដាក់​តែ​តួរ​ប្រាសាទ​ក្នុង​ប្រទេស​កម្ពុជា ហើយ​តុលាការ​មិន​បាន​សម្រេច អំពី​តំបន់​ជុំវិញ​ប្រាសាទ​ឡើយ​ ។ យោង​តាម​ការ​អះអាង​របស់​ថៃ តុលាការ​មិន​បាន​ដោះស្រាយ​ព្រំដែនរវាង​កម្ពុជា និង​ថៃ​ឡើយ​។ នេះ​ជា​ជម្លោះ​មួយ​លើ​ទស្សនៈ​ចំពោះ​អត្ថន័យ និង​វិសាលភាព​នៃ​សាលដីកា​នោះ​ ហើយ​ទស្សនៈ​របស់​ថៃ​បាន​បង្ហាញ​កាន់តែ​ច្បាស់​ក្នុង​គ្រប់​ដំណាក់​កាល​ចរចា​ទ្វេភាគី​រវាង​កម្ពុ​​ជា និង​ថៃ ​តាម​រយៈ​ការ​បន្ដ​ទាម​ទារ​របស់​ថៃ​លើ​អ្វីដែល​មាន​លើ​ផែនទី​ឯកតោ​ភាគី​​របស់​ខ្លួន ​ហើយ​ការ​ចរចា​ត្រូវបាន​ថៃ​អូស​បន្លាយ​ដោយ​គ្មាន​ទី​បញ្ចប់ ហើយ​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ​ជា​ស្ថាពរ​ និង​ដោយ​សន្ដិវិធី​តាមការ​រំពឹង​ទុក​របស់​កម្ពុជា​នោះ​ទេ​។

ដូច្នេះ​ហើយ​ការ​បកស្រាយ​របស់​តុលាការ​មាន​សារសំខាន់ និង​ចាំបាច់​ដែល​កម្ពុជា​សម្លឹង​មើល ឃើញថា ​ជា​មធ្យោបាយ​ផ្លូវ​ដែល​អាច​នាំ​ទៅ​រក​ដំណោះ​ស្រាយ​ដោយ​សន្ដិវិធី​និង​ជា​ស្ថាពរ ព្រោះ​ថា នៅ​ក្នុង​ឆ្នាំ​១៩៦២ តុលាការ​បាន​ដោះ​ស្រាយ​បញ្ហា​ព្រំដែន និង​បាន​កំណត់​ទីតាំង​ច្បាស់​លាស់​នៃ​ព្រំដែន​ដូច​ខាងក្រោម ៖

​នៅ​ថ្ងៃ​ទី​១៥ កក្កដា​ ឆ្នាំ​១៩៦២​​ តុលាការ​បាន​​ពិចារណា​ថា​ ថៃ​ក្នុង​ឆ្នាំ​១៩០៨-០៩ បាន​ទទួល​យក ផែនទី​ឧ​ប​សម្ព័ន្ធ​១​ថា​ជា​លទ្ធផល​ការងារ​របស់​គណៈកម្មការ​កំណត់ព្រំដែន ហើយ​បាន​ទទួលស្គាល់​ខ្សែបន្ទាត់លើ​ផែនទី​ថា​ ជា​ខ្សែ​បន្ទាត់​ព្រំដែនដែល​អានុភាព​នៃ​ការ​ទទួលយក​នោះ​ដាក់ប្រាសាទ ព្រះវិហារ​ ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​។

ភាគី​ទាំង​ពីរ ដោយ​ឥ​រិ​​យា​ប​ថ​របស់​ខ្លួន​បាន​ទទួលស្គាល់​ខ្សែបន្ទាត់ ហើយ​អានុភាព​នៃការ​ទទួលស្គាល់​នោះ​បាន​យល់ព្រម​ចាត់​ទុក​ខ្សែ​បន្ទាត់​នោះ​ថា ​ជា​ខ្សែបន្ទាត់​ព្រំដែន​ ។ ​តុលាការ​ក៏​បាន​ពិចារណា​ថា​ ការ​ព្រម​ទទួលយក​ផែនទី​ឧ​ប​សម្ព័ន្ធ​១​ដោយ​ភាគី​ទាំង​ពីរ​នាំ​ឱ្យ​ផែនទី​ចូល​ក្នុង​ដំណោះ ស្រាយ​សន្ធិសញ្ញា និង​ក្លាយជា​ផ្នែក​ទាំង​ស្រុង​ដែល​មិន​អាច​កាត់​ផ្ដាច់​ចេញពី​សន្ធិសញ្ញា​។

ម្យ៉ាងទៀត ភាគី​ទាំង​ពីរ​នៅ​ពេល​នោះ​បាន​សម្រេច​ទទួលយក​ការ​បកស្រាយ​មួយ​នេះក្នុង​ដំណោះស្រាយ​សន្ធិសញ្ញា​ដែល​ថា ក្នុង​ករណី​មាន​ការ​ខុស​គ្នា​ជាមួយនឹង​ខ្សែ​បែងចែក​ទឹក​ ខ្សែ​ដែល​បា​នគូស​នៅ​លើផែនទី​នេះ​មាន​អានុភាព​លើស​លប់លើ​បទប្បញ្ញត្ដិ​ផ្សេង​ទៀត​របស់​សន្ធិ​សញ្ញា​។

​ការ​ចង្អុលបង្ហាញ​ខ្សែ​បែងចែក​ទឹក​នៅ​ក្នុង​មាត្រា​១​នៃ​អនុសញ្ញាឆ្នាំ​១៩០៤ គឺ​គ្រាន់តែ​ជា​មធ្យោបាយជាក់ស្ដែង​ និង​ងាយស្រួល​ប៉ុណ្ណោះ​ក្នុង​ការ​រៀបរាប់​នូវ​ព្រំដែន​មួយ​ប្រក​ដ​ដោយ​សន្យា​​នុ​ម័ត ទោះជា​តាមលក្ខខណ្ឌ​ទូទៅ​ក្ដី​។ ប៉ុន្ដែ​ពុំ​មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​យក​មក​ពិចារណា​ថា​ភាគី​ទាំង​ពីរ​បានឱ្យសារសំខាន់​ពិសេស​ណាមួយ​ទៅ​នឹង​ខ្សែ​បែងចែក​ទឹក​បែប​នេះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​សារសំខាន់ដែល​មាន​អាទិភាព ពោល​គឺ​ផលប្រយោជន៍​នៃ​ដំណោះ​ស្រាយ​ជា​ស្ថាពរ​ក្នុង​ការ​គោរព​តាម​ខ្សែ​នៅ​លើផែនទី​ដូចដែល​ត្រូវ​បាន​កំណត់​និង​ត្រូវ​បាន​ព្រម​ទទួលយក​ដោយ​ភាគី​ទាំង​ពីរ​រួច​ហើយ​។ នេះ​ជា​ការ​សម្រេចពេញលេញ​របស់​តុលាការ​ដែល​ថៃ​មិន​ត្រូវ​មើល​រំលង ហើយ​ក៏​មិន​ត្រូវ​ធ្វើការ​បកស្រាយ​ដោយ​ភ័​នច្រឡំឡើយ​ ដើម្បី​គេច​ចេញ​ពីកា​ត​ព្វ​កិច្ច​អន្ដរជាតិ​ឡើយ​។

​ហេតុ​ដូចនេះ តុលាការ​យល់​ថា តាម​ទស្សនៈ​នៃ​ការ​បកស្រាយ​សន្ធិសញ្ញា​ត្រូវ​សម្រេច​យក​ខ្សែ បន្ទាត់​ព្រំដែន​ដូចដែល​បាន​គូស​នៅ​លើ​ផែនទី​ក្នុង​តំបន់​ជម្លោះ​។

​ដើម្បី​បំភ្លឺ​ឱ្យ​បាន​ច្បាស់​ថា ខ្សែបន្ទាត់​ព្រំដែន​លើ​ផែនទី​ឧ​ប​សម្ព័ន្ធ​១​ត្រូវ​បាន​អនុម័ត​យក​ដោយ​តុលាការ​ថា​ជា​ខ្សែ​ព្រំដែន​អន្ដរជាតិ​នោះ នៅ​ថ្ងៃ​ទី​២៨ មេសា ឆ្នាំ​២០១១ កម្ពុជា​បាន​ស្នើ​សុំ​ការ​បកស្រាយ​ពីតុលាការ​លើ​សាលដីកា​ដែល​ខ្លួន​បាន​​សម្រេច​ ហើយ​វា​ត្រូវ​បាន​គេ​ស​ង្ឃឹម​ថា​ការ​ឆ្លើយ​តប​របស់​តុលាការនឹង​លុប​ចោល​នូវ​ការ​មិន​ច្បាស់ លាស់​ ដើម្បី​បញ្ជាក់​ថា​ ថៃ​នឹង​មិន​អាច​បន្ដ​ធ្វើ​ពុត​អាក្រក់​ថា​មាន​មូលដ្ឋាន​ច្បាប់​ណាមួយ ដើម្បី​ឱ្យ​ខ្លួន​ច្រាន​ចោលការ​ទទួល​ស្គាល់​​ព្រំដែន​ដែល​ខ្លួន​បាន​ទទួលយក​អស់​រយៈ​ពេល​ជាង​១០០ឆ្នាំ​មក​ហើយ​នោះ​បាន​ឡើយ ៕