ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើសសរមូល ប្រភេទឈើកកោះ ២៤ដើម និងតុក្កតា ១០គ្រាប់ សង្ស័យបម្រុង​ឆ្លងដែន តែត្រូវប៉េអឹម ចាប់បាននៅស្រុករមាសហែក​

9 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ មានឈ្មួញលួចដឹកឈើសសរប្រភេទកកោះ ចំនួន ២៤ដើម និងតុក្កតា ចំនួន ១០គ្រាប់ យកមកទម្លាក់នៅក្នុងចំការកៅស៊ូ ក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍​ជូនសមត្ថកិច្ចកងរាជអាវុធហត្ថស្រុករមាស​ហែក។…

ខេត្តស្វាយរៀង៖ មានឈ្មួញលួចដឹកឈើសសរប្រភេទកកោះ ចំនួន ២៤ដើម និងតុក្កតា ចំនួន ១០គ្រាប់ យកមកទម្លាក់នៅក្នុងចំការកៅស៊ូ ក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍​ជូនសមត្ថកិច្ចកងរាជអាវុធហត្ថស្រុករមាស​ហែក។ គេសង្ស័យថា ឈ្មួញបម្រុងដឹកឈើទាំងនោះ ឆ្លងដែនទៅប្រទេសវៀតណាម តាមប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនខ្សែដែក ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។

ទាក់ទិនករណីនេះ​ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុ.ធហត្ថ ខេត្តស្វាយរៀង បានឱ្យដឹងថា កាលនៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុករមាសហែក បានទទួលព័ត៌មានពីប្រជាពលរដ្ឋ​ថា មានគេយកឈើមកទម្លាក់ទុក នៅក្នុងចម្ការ.កៅស៊ូ ស្ថិតនៅភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ត្រី បន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម ថ្នាក់ដឹកនាំ បានបញ្ជាកម្លាំង​ជំនាញ​នគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអម​សាលាដំបូង​ខេត្តស្វាយរៀង បានទៅដល់ទីតាំង រកឃើញឈើសសរមូល ប្រភេទឈើកកោះចំនួន ១៤ដើម និងតុក្តា ចំនួន ១០គ្រាប់។

លុះនៅវេលាម៉ោង ៣ និង ៣៧នាទី រសៀលថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃើញ​រថយន្តមួយ​គ្រឿង ម៉ាក Hyundai ពណ៌-ស ពាក់ស្លាកលេខ បាត់ដំបង ៣A ១៩៤៩ ដែលបានចតនៅផ្ទះរបស់​ឈ្មោះ អ៊ុក សឿន ភេទប្រុស មានចម្ងាយ ៥០០ម៉ែត្រ ពីទីកន្លែងទម្លាក់ឈើ។

ដោយមានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យរថយន្ត​ខាងលើ រកឃើញឈើសសរមូល ប្រភេទឈើកកោះចំនួន ១០ដើមបន្ថែមទៀត សរុបសរសរមូលចំនួន ២៤ដើម មានមុខកាត់ ៤០cm និង៤២cm (មុខកាត់៤តឹក ទៅ ៤តឹក ២ហ៊ុន)បណ្តោយជាង ៤ម៉ែត្រ និងតុក្កតា ១០គ្រាប់ ព្រមទាំងឃាត់ខ្លួនអ្នកបើកបររថយន្តដឹកឈើ បានម្នាក់។

ប្រភពបានឲ្យដឹងថា វត្ថុតាង និងអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ប្រគល់ឲ្យ មន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការ​អមសាលាដំបូងខេត្តស្វាយរៀងតាមនីតិវិធី។

ទាក់ទិននឹងការសង្ស័យរបស់មហាជនថា ឈ្មួញឈើបម្រុងដឹកឆ្លងដែន ទៅប្រទេសវៀតណាម តាមប៉ុស្ត៍ច្រកទ្វាតំបន់ព្រំដែនខ្សែដែកនោះ ត្រូវបាន​លោកមេប៉ុស្ត៍ច្រកទ្វារតំបន់ព្រំដែនខ្សែដែក បានឆ្លើយបដិសេធទាំងស្រុង ដោយលោកប្រាប់កោះសន្តិភាពថា លោកបានអនុវត្តតាមប្រកាស​របស់​រាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានការនាំចេញបទល្មើសព្រៃឈើទេ។ កន្លងមកគឺធ្លាប់មាន​អនុញ្ញាតឲ្យប្រជាពលរដ្ឋ នាំដើមឬស្សីពីងពង់ ទៅប្រទេសវៀតណាម​ដែរ ក៏ប៉ុន្តែបានផ្អាក និងបិទ​ឈប់​ឲ្យនាំចេញទៀតហើយ។

ទាក់ករណីនេះដែរ មិនអាចរកការបំភ្លឺពីសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក បានទេ​។ តែឯកឧត្ត ខាំ ផារី ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តស្វាយរៀង បានប្រាប់កោះសន្តិភាព នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះថា ករណីសមត្ថកិច្ចបង្ក្រាប និងចាប់ឃាត់សសរ​ប្រភេទឈើកកោះ ២៤ដើម និងតុកក្កតា ១០គ្រាប់នោះ នៅក្នុងដៃសមត្ថកិច្ចសង្កាត់រដ្ឋបាល​ព្រៃឈើ កំពុងកសាងសំណុំរឿង តាមនីតិវិធីហើយ៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ