ជំនួបពិភាក្សាត្រីភាគីលើកទី២ រវាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកអាប់ភីស៊ីត វ៉េចាជីវ៉ា នាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីឥណ្ឌូណេស៊ី លោកបណ្ឌិតស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ នៅក្រៅវេទិកានៃថ្ងៃបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ នៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៨ ឧសភា កន្លងមក ធ្វើឡើងរយៈពេល១ម៉ោងទៀត ប៉ុន្តែលទ្ធផលនៃជំនួបពិភាក្សាក្រៅផ្លូវការនេះមិនត្រូវបានប្រកាសឱ្យដឹងនោះទេ ដោយសម្តេចតេជោហ៊ុន សែន និងលោកអាប់ភីស៊ីត បានឯកភាពគ្នាអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរបន្តស្នាក់នៅក្នុងទីក្រុងហ្សាការតាទៀត ដើម្បីបន្តពិភាក្សាគ្នាដែលរៀបចំឡើងដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកម៉ាទី ណាតាឡេហ្គាវ៉ា ដើម្បីស្វះស្វែងរកដំណោះស្រាយជម្លោះព្រំដែន ។ គេបានកត់សម្គាល់ឃើញថា នៅក្នុងជំនួបពិភាក្សាត្រីភាគីលើកទី២នេះ ហាក់ដូចជាមានភាពស្វិតស្វាញជាងជំនួបពិភាក្សាលើកទី១ ដោយមេដឹកនាំទាំងពីរហាក់ដូចជាពុំមានភាពស្រស់ស្រាយដាក់គ្នាឡើយ ។
ក្រោយពីជំនួបពិភាក្សានេះលោកអាប់ភីស៊ីត ថ្លែងថា ការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា នៅតែមានការលំបាក ប្រសិនបើកម្ពុជានៅមិនព្រមដកទ័ពពីតំបន់មានជម្លោះផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រ
ក្រឡា ។ ដូចជំនួបពិភាក្សាត្រីភាគីលើកទីមួយ ដែរជំនួបពិភាក្សាលើកទី២នេះ ធ្វើឡើងមុនការប្រជុំកំពូលអាស៊ាន ។ ថ្លែងទៅកាន់អ្នកកាសែតក្រោយពីជួបពិភាក្សាជាមួយលោកអាប់ភីស៊ីត ជាលើកទី២ សម្តេចតេជោហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌូណេស៊ី មានតួនាទីជាប្រធានអាស៊ានដែលបានព្យាយាមសម្របសម្រួលឱ្យមានដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
កាសែតឌឹណេស្សិនបានដកស្រង់សម្តីលោកអាប់ភីស៊ីត ដែលថ្លែងថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបពិភាក្សាជាមួយសម្តេចតេជោហ៊ុន សែន ទាំងទ្វេភាគី និងត្រីភាគី ហើយលោកថ្លែងថា ថៃតែងតែមានឆន្ទៈដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជាដោយសន្តិវិធី ។
តាមប្រភពព័ត៌មានពីទីក្រុងហ្សាការតា ឱ្យដឹងថា ក្រោយពីជំនួបពិភាក្សាគ្នាត្រីភាគីជាលើកទី២ សម្តេចតេជោហ៊ុន សែន និងលោកអាប់ភីស៊ីត បានបើកធ្វើសន្និសីទកាសែតដាច់ដោយឡែកពីគ្នា។
ក្នុងសន្និសីទកាសែតនោះសម្តេចតេជោហ៊ុន សែន បានអំពាវនាវដល់ប្រទេសថៃឱ្យចុះហត្ថលេខាលើលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី នៅតំបន់មានជម្លោះព្រំដែន រវាងប្រទេសទាំងពីរ ដើម្បីត្រួតពិនិត្យបទឈប់បាញ់គ្នា ។ ចំណែកលោកអាប់ភីស៊ីត វិញថ្លែងក្នុងសន្និសីទកាសែតថា ការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរនឹងនៅតែមានការលំបាកប្រសិនបើកម្ពុជានៅតែមិនព្រមដកទ័ព និងពលរដ្ឋរបស់ខ្លួនចេញពីតំបន់មានជម្លោះនោះ ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ដែលរៀបចំឡើងនៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី រយៈពេល២ថ្ងៃបានបញ្ចប់កាលពីថ្ងៃទី៨ ឧសភា កន្លងមក ។ ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨នេះ លោកបណ្ឌិតយូដូយ៉ូណូ ថ្លែងថា លោកបានស្នើដល់សម្តេចតេជោហ៊ុន សែន និងលោកអាប់ភីស៊ីត នូវដំណោះស្រាយជាច្រើនក្នុងនោះមានដូចជា ការបង្កើតកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះដើម្បីដោះស្រាយជម្លោះព្រំដែនរបស់ប្រទេសទាំងពីរដោយសន្តិវិធីជាដើម ៕
ចែករំលែកព័តមាននេះ