នាយករដ្ឋមន្ត្រីជប៉ុនលោកណាអូតូកានបានអំពាវនាវឱ្យបញ្ឈប់មជ្ឈមណ្ឌលនុយក្លេអ៊ែរហាម៉ាវកា ស្ថិតនៅភាគកណ្តាលជប៉ុនចម្ងាយ ២០០ គ.ម ភាគនិរតីក្រុងតូក្យូ ។ ពួកអ្នកជំនាញការវាយតម្លៃថា មានលទ្ធភាព៨៧% នៃគ្រោះថ្នាក់រញ្ជួយដីកម្លាំង៨រីស្ទ័រមួយនៅតំបន់ហាម៉ាវការយៈពេល៣០ឆ្នាំខាងមុខនេះទៀត ។ ក្រុមហ៊ុនថាមពលជប៉ុនធំជាងគេទី៣ គឺក្រុមហ៊ុន CHUBU ELECTRIC POWER CO អាចប្រកាសពីការបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរនោះ ។ កិច្ចប្រជុំមួយរបស់បណ្តាមេដឹកនាំក្រុមហ៊ុន CHUBU បានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី៩ ឧសភា ដើម្បីពិភាក្សាពីការសម្រេចចិត្តចុងក្រោយមួយទាក់ទិនដល់ការបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរនេះ ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន CHUBU បានធ្លាក់ចុះយ៉ាងខ្លាំងដល់ ១១% នារសៀលថ្ងៃទី៩ ឧសភា នៅទីផ្សារភាគហ៊ុនក្រុងតូក្យូ ។
ប្រទេសជប៉ុនប្រឈមមុខនឹងវិបត្តិនុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងរបំផុតមួយចាប់តាំងពីគ្រោះមហន្តរាយនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ TCH-ERNOBYL កាលពីឆ្នាំ១៩៨៦ មក ។ រងការខូចខាតដោយសារការរញ្ជួយដីកម្លាំង៩រីស្ទ័របង្កឱ្យមានស៊ូណាមី កាលពីថ្ងៃទី១១ មីនា កន្លងមកនេះ នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ភាគឦសានប្រទេសជប៉ុនមានការធ្លាយវិទ្យុសកម្មចាប់តាំងពីថ្ងៃទី១១ មីនា នោះមក ៕
ចែករំលែកព័តមាននេះ