ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោយន្ត​ដឹកដី​​ក្រឡាប់​​ចូល​ស្រះ​​​ទឹកជម្រៅ១ម៉ែត្រ​សង្កត់​​អ្នកបើកបរ

14 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ យុវជន​​ម្នាក់​​​ខណៈ​កំពុង​​បើក​​បរ​គោយន្ត​ដឹកដី​បានជួបគ្រោះ​អកុសល​ក្រឡាប់​​ចូល​ស្រះ​ទឹក​ជម្រៅ១​ម៉ែត្រ​​ក្បែរផ្លូវ​​​លំ​ ធ្វើ​ឱ្យ​​​ទ្រុង​​គោយន្ត​​រុញពី​​​ក្រោយ​សង្កត់​​​ទ្រូង​​កៀប​​​​ជាប់​នឹង​ដៃ​ចង្កូត​​បណ្តាល​ឱ្យ​ឈ្លក់​ទឹក​ហើយ​​ប្រជា​ពលរដ្ឋ​​​នាំគ្នា​ជួយគាស់​​​អស់​រយៈ​​ពេល​ជិតកន្លះ​​ម៉ោង​​​ទើប​​យក​ជន​រងគ្រោះ​បាន​ រួច​ហើយ​​ដឹក​យក​ទៅ​​សង្គ្រោះ​​នៅមន្ទីរ​​ពេទ្យ​​ខេត្ត

ខេត្ត​ស្វាយ​រៀង ៖ យុវជន​​ម្នាក់​​​ខណៈ​កំពុង​​បើក​​បរ​គោយន្ត​ដឹកដី​បានជួបគ្រោះ​អកុសល​ក្រឡាប់​​ចូល​ស្រះ​ទឹក​ជម្រៅ១​ម៉ែត្រ​​ក្បែរផ្លូវ​​​លំ​ ធ្វើ​ឱ្យ​​​ទ្រុង​​គោយន្ត​​រុញពី​​​ក្រោយ​សង្កត់​​​ទ្រូង​​កៀប​​​​ជាប់​នឹង​ដៃ​ចង្កូត​​បណ្តាល​ឱ្យ​ឈ្លក់​ទឹក​ហើយ​​ប្រជា​ពលរដ្ឋ​​​នាំគ្នា​ជួយគាស់​​​អស់​រយៈ​​ពេល​ជិតកន្លះ​​ម៉ោង​​​ទើប​​យក​ជន​រងគ្រោះ​បាន​ រួច​ហើយ​​ដឹក​យក​ទៅ​​សង្គ្រោះ​​នៅមន្ទីរ​​ពេទ្យ​​ខេត្ត តែលោក​គ្រូពេទ្យ​និយាយថាមាន​​​​សង្ឃឹមតិចតួច​​​បំផុត​ ។​គ្រោះ​ថ្នាក់​​​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​៨ ឧសភា ​វេលា​ម៉ោង​​៧​ព្រឹក ​​នៅតាមផ្លូវ​លំ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​​ឆ្លាក់​ សង្កាត់​ព្រៃឆ្លាក់​ ក្រុង​​ស្វាយ​រៀង ។

បើ​តាម​​បុរស​ឈ្មោះ​​ណុប សារ៉ាន់ ​អាយុ​៤៨​ឆ្នាំ​ ត្រូវ​ជាឪពុក​​មា​​បាន​ប្រាប់​ថា យុវជន​រង​គ្រោះ​​​​​​ឈ្មោះ​ប្រាក់ រ៉ាឌី អាយុ​២០​ឆ្នាំ ​មុខរបរ​ជាអ្នក​បើក​​​គោយន្ត​ដឹកដី​លក់ ​​មាន​ទីលំនៅ​​ភូមិ​​កណ្តាល​ សង្កាត់​​​ចេក ក្រុង​ស្វាយ​រៀង។ មុន​ពេល​​​​កើត​ហេតុ​​ ជនរងគ្រោះ​​បាន​បើក​គោយន្ត​ទៅដឹកដី​​​យក​ទៅ​​ចាក់​​លើក​ភូមិ​ឱ្យគេ លុះ​ពេល​​ដាក់ដី​​​​ពេញ​ទ្រុង​ហើយ​ក៏​បើក​​​ឡើង​​ពី​ស្រែ​មក​តាម​ផ្លូវ​​លំពី​​​​ខាង​ជើង​មក​ខាង​ត្បូង​ ។ ខណៈ​មក​ដល់​​ផ្លូវ​លំ​ខាង​ជើង​វត្ត​ព្រៃឆ្លាក់​ ក៏​បត់​ស្តាំ​​មក​ទិស​ខាង​លិច តែដោយ​ផ្លូវ​លំ​​តូច​​ចំណុច​កែង​​ក៏តូច​ហើយ​ម្យ៉ាង​ទៀត​ផ្លូវ​លំ​​​ទើប​នឹង​លើក​ថ្មី​​ដី​នៅ​ជ្រាយ​​ផង​ក៏ផុង​​ស្រុតរអិល​​ជើង​មុខ​ធ្លាក់​​ទៅ​ខាង​ស្តាំ​ ចុះក្នុង​ស្រះ​ទឹក​ក្បែរ​ថ្នល់​​ ធ្វើ​ឱ្យ​​ទ្រុង​គោយន្ត​​ដែល​មាន​ដីពេញ​​រុញ​ទៅ​មុខ​សង្កត់​​ជាប់​ទ្រូង​​អ្នក​បើកបរ​ទៅនឹង​ចង្កូត​គោយន្ត​​ធ្វើ​ឱ្យ​ជនរងគ្រោះ​​​ឈ្លក់​​​​ទឹក​ម្តងៗ​។​

ប្រភព​ដដែល​​​បន្តទៀត​ថា ពេល​​នោះ​​អ្នក​ភូមិ​នៅជិត​កន្លែង​​កើត​ហេតុុ​​​បាន​មក​ជួយ​ក្រៀក​​ក្បាល​​ឱ្យ​ងើប​ផុតពី​ទឹក​ហើយអ្នក​ខ្លះ​រត់​ទៅ​ហៅ​គ្នីគ្នា​​ឱ្យ​មក​​ជួយ​គាស់ទាញ​​ជនរងគ្រោះ​​​ចេញពី​​គោយន្ត​​ តែដោយ​​​នៅ​ក្នុង​ទឹក​​ជម្រៅ​​ប្រហែល​មួយ​ម៉ែត្រ​​ពិបាក​​មើល​ក្នុង​ការ​ដាក់​ឈើ​គាស់​​រហូត​ដល់​​ជិត​កន្លះ​​​ម៉ោង​​ទើប​គាស់​​ទាញ​យក​​ជនរង​គ្រោះ​បាន​ ធ្វើ​ឱ្យ​​ជនរងគ្រោះ​​សន្លប់​​​​និង​​បាន​បញ្ជូន​​ទៅ​មន្ទីរ​​ពេទ្យ​​​ខេត្ត ។ ក្រោយ​ពេល​​ក្រុម​គ្រូពេទ្យ​​​​ថត​មើល​ដើមទ្រូង​ឃើញ​ថា​ ឆ្អឹង​ជំនីរ​​កៀប​ទៅ​លើ​​សួត​បណ្តាល​ឱ្យ​​​បែក​ជាំសួត​​ធ្ងន់​ធ្ងរ​ និយាយ​មិន​រួច​ ស្រវាំង​ភ្នែក ពិបាក​ដក​ដង្ហើម​ ម្យ៉ាង​ពុំ​មាន​ឧបករណ៍​​សង្គ្រោះ​​គ្រប់​គ្រាន់​​ គ្រូ​ពេទ្យ​​ពុំ​មាន​លទ្ធភាព​​សង្គ្រោះ​​​បាន​ក៏​បញ្ជូន​ទៅ​​​កាន់​មន្ទីរ​ពេទ្យ​​នៅឯ​រាជធានីភ្នំពេញទៀត​ ដោយ​​សារ​ជន​រងគ្រោះ​​របួស​ធ្ងន់​ធ្ងរ​ពេក ។​

ជនរងគ្រោះ​​​ចេះតែថយកម្លាំង​ខ្សោយ​ទៅៗ​​​​ដែល​សង្ឃឹម​តិចតួច​​ណាស់​​​។ រីឯសមត្ថ​កិច្ច​និយាយ​ថា ​គ្រោះ​ថ្នាក់​នេះ​​ដោយសារ​ជនរង​គ្រោះ​​​មាន​ការ​ធ្វេស​ប្រហែស​​​បើក​បរ​លឿន​​ លុះ​មក​ដល់​ផ្លូវ​បំបែក​​​តូចចង្អៀត​​បត់​ ក៏បណ្តាល​ឱ្យ​ជ្រុល​ចង្កូត​មក​ស្តាំ​​ដៃ​ធ្លាក់​គោយន្ត​ដាំដូង​​ចូល​ក្នុង​ស្រះទឹក​ ។ ម្យ៉ាង​អ្នក​បើកបរ​គោយន្ត​ភាគ​ច្រើន​មិន​បាន​​រៀន​​ដៃចង្កូត​ទេ ៕