កងកម្លាំងរបស់លោកមូអាម៉ា កាដាហ្វី កាលពីថ្ងៃទី៨ ឧសភា កន្លងមកនេះ បានបង្កើនការវាយប្រហារដោយគ្រាប់រ៉ុក្កែតប្រឆាំងពួកឧទ្ទាមនៅតំបន់ទាំងឡាយជាប់ភ្នំភាគខាងលិចប្រទេស ក្រោយពីការវាយប្រហារដោយទម្លាក់គ្រាប់បែកពីលើយន្តហោះប្រឆាំងកន្លែងស្តុកប្រេងដ៏សំខាន់ក្នុងទីក្រុងមីស្ត្រាតាបណ្តាលឱ្យធុងស្តុកប្រេងចំនួន៦ ត្រូវបំផ្លាញទាំងស្រុង ។ ទន្ទឹមនឹងនេះ ពួកឧទ្ទាមនិយាយថា ប្រទេសអ៊ីតាលីនឹងផ្តល់ដល់ពួកគេនូវអាវុធទំនើបៗក្នុងនោះមានអាវុធការពារខ្លួន ហើយទីប្រឹក្សា៤០នាក់មកពីប្រទេសបារាំង អ៊ីតាលី និងអង់់គ្លេស នឹងជួយប្រែក្លាយពួកបះបោរដែលមិនទាន់ទទួលបានការបណ្តុះបណ្តាលឱ្យទៅជាកងកម្លាំងប្រយុទ្ធសម្រាប់ក្រុងបេនហ្គាហ្ស៊ី ។
ពួកឧទ្ទាមយ៉ាងហោចណាស់៩នាក់បានត្រូវស្លាប់ និងជាង៥០នាក់ទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវកាលពីថ្ងៃទី៨ ឧសភា នោះនៅក្នុងទីក្រុងហ្ស៊ីនតាន ភាគពាយ័ព្យលីប៊ី នៅពេលកងកម្លាំងស្ម័គ្រស្លាប់របស់លោកកាដាហ្វី វាយរុញច្រានពួកបះបោរនៅជួរមុខ ។ ពួកឧទ្ទាមលីប៊ីនិយាយថា កងទ័ពបានទម្លាក់គ្រាប់បែកលើកន្លែងស្តុកប្រេង នៅក្នុងទីក្រុងមីស្ត្រាតា ដែលស្ថិតក្រោមការឡោមព័ទ្ធដោយកងកម្លាំងរបស់លោកកាដាហ្វី រយៈពេល២លើកមកហើយ ហើយទម្លាក់គ្រាប់បែកលើកំពង់ផែដោយប្រើឧទ្ធម្ភាគចក្រដែលមានស្លាកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ។ ការវាយប្រហារនេះអាចបង្កឱ្យមានការខ្វះខាតប្រេង ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ភ្លើងអគ្គិសនី និងការធ្វើដំណើរ ៕
ចែករំលែកព័តមាននេះ