ខេត្តកំពង់ឆ្នាំង ៖ លោកអៀរ ប៊ុនធឿន នាយការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមេសា កន្លងទៅបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលបណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ២២នាក់។
លោកបញ្ជាក់ថា រយៈពេល១ខែគិតពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៩ករណី លើសខែមីនា ដែលមានត្រឹមតែ១៧ករណី។ សម្រាប់ខែមេសា បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ២២នាក់ឯណោះ ក្នុងនោះស្រី១១នាក់ របួសធ្ងន់៣០នាក់ ក្នុងនោះស្រី៩នាក់ របួសស្រាល៣២នាក់ ខូចរថយន្តចំនួន១៤គ្រឿង ក្នុងនោះធ្ងន់៧គ្រឿង ម៉ូតូចំនួន៣០គ្រឿង និងកង់ចំនួន២គ្រឿង។
លោកបន្តថា ក្នុងខែមេសាគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សដល់ទៅ២២នាក់ របួសធ្ងន់ និងស្រាលដល់ទៅ៦២នាក់នេះ គឺច្រើនជាងឆ្នាំកន្លងទៅ។ កត្តានេះគឺដោយសារក្នុងខែមេសា ជាខែប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលធ្វើឱ្យអ្នកបើកបរភាគច្រើនមានជាតិស្រវឹងក្នុងខ្លួន ភ្លេចគោរពច្បាប់ចរាចរ បើកបរក្នុងល្បឿនលឿនហួសការកំណត់ បើកវ៉ាមិនគិតពីឧបសគ្គចំពោះមុខ និងបត់មិនឱ្យភ្លើងសញ្ញាជាដើម។
លោកនាយការិយាល័យបន្ថែមថា បើទោះជាការិយាល័យចរាចរផ្លូវគោកប្រឹងប្រែងចាត់វិធានការអនុវត្តច្បាប់ចរាចរផ្លូវគោកតាមបទបញ្ជារបស់លោកស្នងការ លោកអភិបាលខេត្ត ដែលជាគណៈបញ្ជាការឯកភាពខេត្តក្តី ក៏បទល្មើសចរាចរផ្លូវគោកនៅតែកើតមានឡើង គ្រាន់តែថយចុះតិចប៉ុណ្ណោះ ដូចជាបើកក្នុងពេលស្រវឹង បើកបរមិនពាក់មួកសុវត្ថិភាព និងដឹកសំពីងសំពោងជាដើម៕
ចែករំលែកព័តមាននេះ