កាសែតឌឹណេស្សិននៅថ្ងៃទី៩ ឧសភា ចេញផ្សាយដោយដកស្រង់សម្តីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពដែលថ្លែងកាលពីថ្ងៃទី៨ ឧសភា នេះថា លោកនឹងវិលត្រឡប់មកកាន់ប្រទេសថៃវិញនៅក្នុងខែវិច្ឆិកាខាងមុខនេះ ។ ប៉ុន្តែទោះបីជាបែបណា ក្នុងការអះអាងពីការវិលត្រឡប់មកកាន់ប្រទេសថៃវិញនេះ លោកថាក់ស៊ីន មិនបានឱ្យដឹងថា លោកអញ្ជើញមកក្នុងគោលបំណងអ្វីនោះទេ ប៉ុន្តែប្រភពមួយដែលស្និទ្ធជាមួយលោកឱ្យដឹងថា លោកថាក់ស៊ីន អញ្ជើញមកកាន់ប្រទេសថៃនាពេលនោះដើម្បីត្រៀមចូលរួមប្រារព្ធពិធីចូលឆ្នាំសាកលថ្មី និងប្រកាសពីសង្គ្រាមប្រឆាំងគ្រឿងញៀន ។
ប្រភពមួយឱ្យដឹងទៀតថា លោកថាក់ស៊ីន នៅចំកណ្តាលនៃភាពចម្រូងចម្រាស់ចំពោះការកាត់ទោសជនសង្ស័យជាច្រើនពាន់នាក់ពីបទចោទប្រកាន់ជាប់ពាក់ព័ន្ធជាមួយនឹងការជួញដូរគ្រឿងញៀនក្នុងអំឡុងពេលលោកនៅកាន់តំណែងនាយករដ្ឋមន្ត្រី។
លោកថាក់ស៊ីន បានថ្លែងអះអាងពីការវិលត្រឡប់មកកាន់ប្រទេសថៃវិញ ក្នុងអំឡុងពេលលោកថ្លែងទៅកាន់អង្គសិក្ខាសាលាមួយរៀបចំឡើងដោយគណបក្សភឿថៃ ជាផ្នែកមួយនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន ។ លោកថាក់ស៊ីន ថ្លែងថា ប្រសិនបើគណបក្សភឿថៃឈ្នះឆ្នោតគណបក្សនេះនឹងប្រកាសពីសង្គ្រាមប្រឆាំងគ្រឿងញៀនជាលើកទី២ ។ លោកថាក់ស៊ីន ថ្លែងថា យើងនឹងមិនដោះស្រាយបញ្ហាគ្រឿងញៀនក្នុងរយៈពេល១២ខែប៉ុណ្ណោះ ហើយយើងនឹងបញ្ជាឱ្យប៉ូលិសសម្លាប់អ្នកណាម្នាក់ឡើយ ។ ជាមួយគ្នានេះ លោកថាក់ស៊ីន ក៏ថ្លែងផងដែរថា លោកនឹងថ្លែងទៅកាន់ប្រទេសជិតខាងឱ្យជួយបញ្ចប់បញ្ហានេះ ពីព្រោះនៅពលខ្ញុំកាន់តំណែងនាយករដ្ឋមន្ត្រីខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសទាំងនោះ ។
អតីតនាយករដ្ឋមន្ត្រីថៃរូបនេះថ្លែងទៀតថា«ខ្ញុំពិតណាស់នឹងវិលត្រឡប់ទៅកាន់ប្រទេសថៃ វិញនៅចុងឆ្នាំនេះ គឺថាគ្រាន់តែយន្តហោះរបស់ខ្ញុំចុះចតនៅព្រលានយន្តហោះសុវណ្ណភូមិភ្លាម អ្នកជួញដូរគ្រឿងញៀននឹងបញ្ឈប់សកម្មភាពរបស់ពួកគេភ្លាម ៕
ចែករំលែកព័តមាននេះ