ខេត្តបាត់ដំបង ៖ បុរសចិត្តក្ដៅដូចភ្លើងម្នាក់បានចោទប្រកាន់ឪពុក និងម្ដាយក្មេកថា បានព្យាយាមពង្រត់ប្រពន្ធហេងស៊យរបស់ខ្លួន ហើយក្ដៅក្រហាយក៏យកភ្លើងដុតផ្ទះឪពុក-ម្ដាយក្មេកឆេះខ្ទេចឆេះខ្ទីរអស់គ្មានសល់ កាលពីរសៀលថ្ងៃទី០៦ កក្កដា នៅចំណុចភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី តែជននេះក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗដែរ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនដៃដល់រូបនេះឈ្មោះ ធុយ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិ-ឃុំកើតហេតុ ។ ជននេះ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃាត់ខ្លួន ក្រោយដុតផ្ទះឪពុកក្មេងឆេះគ្មានសល់ ព្រោះតែខឹងនឹងឪពុកក្មេកដែលជននេះចោទថា បានព្យាយាមពង្រត់កូនស្រី (ប្រពន្ធហេងស៊យ)ចេញពីទ្រូងខ្លួន ។
លោក រើន សុខរ៉ាវ នាយប៉ុស្ដិ៍នគរបាលឃុំព្រៃត្រឡាចបានប្រាប់ពីប្រវត្តិសង្ខេបរបស់ជនសង្ស័យថា តាមពិតជនដៃដល់ឈ្មោះ ធុយ សំណាង នេះ ទើបនិងបានកូនស្រីជនរងគ្រោះ ជាប្ដីប្រពន្ធប្រហែល៤ទៅ៥ខែប៉ុណ្ណោះ តែត្រឹមប្ដីប្រពន្ធហេងស៊យប៉ុណ្ណោះ ដែលនាងជាស្ត្រីម៉េម៉ាយកូន០១ ។នេះបើតាមការបំភ្លឺពីគ្រួសារខាងស្រី ។
លោកនាយប៉ុស្ដិ៍ថា ការចាប់ផ្ដើមទំនាក់ទំនងស្នេហាគ្រាដំបូង ធុយ សំណាង និងស្ត្រីម៉េម៉ាយកូន០១នោះ គឺស្គាល់គ្នាតាមរយៈទូរស័ព្ទ រហូតដល់ចាប់ដៃគ្នាជាប្ដីប្រពន្ធក្រៅច្បាប់ ។ បុរសនេះបាននាំនាងទៅរស់នៅឯស្រុកកំណើតនៅខេត្តត្បូងឃ្មុំ តែមិនបានប៉ុន្មានខែផង ស្រាប់តែបុរសនេះចាប់ផ្ដើមវាយដំធ្វើបាបនាង រហូតនាងទ្រាំមិនបានក៏រត់ត្រឡប់មកផ្ទះនៅជាមួយឪពុកម្ដាយវិញនៅស្រុករុក្ខគិរី ។
ក្រោយពេលនាងមកដល់ផ្ទះវិញ ស្រាប់តែក្រោយមក ធុយ សំណាង ក៏បានមកតាមនាងដល់ផ្ទះ តែមិនបានហៅនាងទៅវិញទេ ដោយបានស្នាក់នៅទៅផ្ទះជាមួយគ្នាទាំងចម្រូងចម្រាស់មិនល្អប្រសើរដូចមុនទេ រីឯឪពុកម្ដាយនាង ក៏ហាក់មិនសូវពេញចិត្តនឹងបុរសនេះដែរ ព្រោះជននេះធ្វើបាបកូនស្រីគាត់ពេក ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ជននេះហាក់ចេះតែក្ដៅក្រហាយរករឿងឪពុកម្ដាយក្មេកមិនឈប់ដោយចោទប្រកាន់ថា ឪពុក ម្ដាយក្មេងបានព្យាយាមបំបែកប្រពន្ធខ្លួន មិនឲ្យជួបខ្លួន ។
ជននេះហាក់ចិញ្ចឹមចិត្តក្ដៅក្រហាយនេះមិនស្ងប់ រហូតទ្រាំមិនបានក៏ដុតផ្ទះឪពុកក្មេកចោលតែម្ដង។ តាមរបាយការណ៍សមត្ថកិច្ច ក្រៅពីផ្ទះមួយខ្នងធ្វើពីឈើប្រក់ស័ង្កសីទំហំ ៥ម៉x៧ម៉ បានក្លាយជាចំណីព្រះអគ្គីទាំងស្រុង នៅមានទ្រព្យសម្បត្តិជាច្រើនទៀតក៏ក្លាយជាផេះដែរ ។ ដូចជា អង្ករ៥០គីឡូក្រាមទូរទស្សន៍០១គ្រឿង អាំភ្លី ធុងប៉ាស់០១ឈុត និងសម្ភារនៅផ្ទះមួយចំនួនធំទៀត ដែលមិនអាចជួយសង្គ្រោះបានឡើយ ។
យ៉ាងណាក្ដី បើតាមលោក រើន សុខរ៉ាវ នាយប៉ុស្ដ៏រដ្ឋបាល ឃុំព្រៃត្រឡាច បានបញ្ជាក់ថា ពេលនេះកម្លាំងជំនាញបាននាំខ្លួនជនដៃដល់ ឈ្មោះ ធុយ សំណាង ទៅកាន់អធិការស្រុករុក្ខគិរីហើយ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ