ខេត្តបាត់ដំបង ៖ សកម្មជនគណបក្សប្រជាជនកម្ពុជាមួយចំនួនបានរិះគន់យ៉ាងចាស់ដៃចំពោះទីតាំងល្បែង«អនឡាញ»នានា ដែលកំពុងរីកដូចផ្សិតស្ទើរគ្រប់ទីកន្លែង ទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ នៅតាមមូលដ្ឋាន ហើយទីតាំងខ្លះត្រូវបានគេដាក់នៅក្បែរសាលារៀន ។ រីឯអាជ្ញាធរ និងសមត្ថកិច្ចហាក់មិនអើពើ ឬមានវិធានការទប់ស្កាត់បន្តិចសោះ ដែលមើលទៅហាក់ទើសភ្នែកយ៉ាងខ្លាំង ចំពោះទីតាំងល្បែង«អនឡាញ»ទាំងនេះ រហូតសំណូមពរសុំឲ្យអាជ្ញាធរមូលដ្ឋានអន្តរាគន៍ផ្អាកសកម្មភាពល្បែងទាំងនោះ ជាបណ្ដោះអាសន្នទៀតផង តែមិនទទូលបានលទ្ធផលឡើយ ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៧ កក្កដា នេះ ក្រុមការងារគណបក្សប្រជនកម្ពុជាចុះជួយស្រុកមោងប្ញស្សី បានចុះឃោសនាបោះឆ្នោតដល់មូលដ្ឋាន ហើយបានប្រទះឃើញទីតាំងល្បែង«អនឡាញ»ដ៏មមារញឹកមួយកន្លែងនៅចំណុចខាងមុខវត្តអន្លង់កូប ស្ថិតក្នុងភូមិអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ដែលបង្ហាញពីសកម្មភាពដ៏អាក្រក់បំផុត នៅក្បែរសាលាបឋមសិក្សា«អន្លង់កូប» ។
ដោយសង្កេតឃើញ និងទើសភ្នែកពេក ពីសកម្មភាពចេញចូលប្រព្រឹត្តល្បែងទាំងនេះ ក្រុមការងារក៏បានរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីសូមឲ្យជួយអន្តរាគមន៍ផ្អាកសកម្មភាពទីតាំងល្បែង«អនឡាញ»នេះ ជាបណ្ដោះអាសន្នមួយរយៈសិន ក្នុងឱកាសបក្សនយោបាយនានា ចុះឃោសនាបោះឆ្នោត តែពុំមានសមត្ថកិច្ច ឬអាជ្ញាធរឆ្លើយតបទេ បើទោះជាគេឃើញសមត្ថកិច្ចមូលដ្នានជិះម៉ូតូតាក់ទីតាំងល្បែងទៅមកៗក្ដី ។
ប្រភពពីក្រុមការងារបក្សបាននិយាយថា ក្រុមការងារបានចុះឃោសនាបោះឆ្នោត ហើយបានប្រទះឃើញទីតាំងល្បែង «អនឡាញ» ដ៏ធំមួយកន្លែងនេះ ។ គេបានចូលទៅសួរនាំ ហើយបានស្នើឲ្យផ្អាកមួយរយៈសិន តែម្ចាស់ទីតាំងដែលមានចរិតខែងរ៉ែងនេះ ហាក់មិនស្វាគមន៏ ឬស្ដាប់ការណែនាំនេះទេ។ មិនតែប៉ុណ្ណោះ សូម្បីតែអាជ្ញាធរដែនដី ឬសមត្ថកិច្ចក៏មិនអើពើតាមសំណូមពរឲ្យជួយអន្តរាគម៍ដែរ ។ តាមការពិនិត្យលើរូបភាពប៉ុន្នានប្លង់ ដែលកោះសន្តិភាពទទួលបានពីទីតាំងល្បែង«អនឡាញ»នេះ គេឃើញមានបំពាក់កុំព្យូទ័រខ្នាតធំចំនួន០២គ្រឿងនៅក្បែរគ្នា និងមានរៀបតុសម្រាប់ឲ្យអតិថិជនអង្គុយភ្នាល់ល្បែង អង្គុយលេង ឬមើលនៅក្នុងតូបមួយកន្លែងនៅខាងមុខវត្តអន្លង់កូប ដែលមានសាលារៀននៅក្បែរនោះផង ។
គេមិនទាន់ដឹងច្បាស់ថា តើទីតាំងនេះបើកលែងល្បែងអ្វីខ្លះទេ ? ប៉ុន្តែតាមប្រភពព្រាវៗ បានឲ្យដឹងថា ទីតាំងល្បែងនេះមានល្បែងបញ្ជល់មាន់តាម «អនឡាញ» ល្បែងឡូតូ និងល្បែងផ្សេងៗទៀត ដែលគេមិនសូវស្គាល់ដែលមានគ្រប់សមាសភាពមកលេងល្បែងនៅទីតាំងខាងលើនេះ ។ ជាពិសេស កូនសិស្សសាលានៅក្បែរនោះតែម្ដងដែលមមារញឹកជាងគេ ។

បើទោះជាម្ចាស់ទីតាំងល្បែងនេះអះអាងថា មានច្បាប់អនុញ្ញាតក្ដី តែបើពិនិត្យលើសម្ភារដែលបំពាក់នៅទីនោះ គឺអាចចាត់ទុកថា បំពានច្បាប់អនុញាតទៅហើយ។ នេះបើតាមការពន្យល់របស់សមត្ថកិច្ច។ សមត្ថកិច្ចបានប្រាប់ថា ក្រុមហ៊ុនល្បែង«អនឡាញ»ទាំងឡាយណាដែលមានច្បាប់អនុញាត គឺហាមដាច់ខាតមិនឲ្យបង្កើតទីតាំងធំដុំ នៅក្បែរសាលារៀន មិនឲ្យបំពាក់កុំព្យូទ័រខ្នាតធំទេ គឺបានត្រឹមតែប្រើប្រាសកុំព្យូទ័រឡិបថបប្រភេទយូរដៃតែប៉ុណ្ណោះ តែបើពិនិត្យលើកុំព្យូទ័រ ដែលមាននៅក្នុងទីតាំងខាងលើនេះ គឺល្មើសច្បាប់ហើយ ។
ទីតាំងខាងលើនេះ បំពាក់កុំព្យូទ័រខ្នាតធំ ហើយបង្កើតទីតាំងនៅក្បែរសលារៀនបំពានច្បាប់យ៉ាងព្រហើន រីឯសមត្ថកិច្ចនិងអាជ្ញាធរទៀត ក៏នាំគ្នាសំងំយ៉ាងស្ងៀមស្ងាត់ ដែលគេសង្ស័យថា ទំនងអាចទទូលបានចំណែកខ្លះៗពីម្ចាស់ល្បែងនេះដែរហើយ ទើបមិនអើពើនឹងការសុំអន្តរាគមន៏ពីក្រុមការងារប្ស ចុះឃោសនាបោះឆ្នោតបែបនេះ។
បើតាមក្រុមការងារបក្សបានលើកឡើងថា ពួកគាត់គ្មានសិទ្ធិចុះត្រូតពិនិត្យឬបញ្ជាឲ្យបិទទីតាំងល្បែងស៊ីសងនេះទេ តែក្រុមការងារគ្រាន់តែសំណូមពរសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ផ្អាកសកម្មភាពប្រព្រឹត្តល្បែងនេះមួយរយៈនៃឱកាសចុះឃោសនាបោះឆ្នោតនេះសិន ព្រោះមើលទៅសកម្មភាពនេះវាអាក្រក់មើលពេក ។ ពេលបោះឆ្នោតរួច បើកដំណើរការវិញក៏មិនហូសពេលដែរ តែពុំមានអ្នកខ្វល់ខ្វាយទេ។

បើតាមការកត់សម្គាល់បច្ចុប្បន្ន ល្បែងស៊ីសងតាមប្រព័ន្ធ «អនឡាញ» នេះបាននិងកំពុងរីកដូចផ្សិតស្ទើរគ្រប់ទីកន្លែង មិនថា នៅតាមទីក្រុង ឬ នៅតាមទីជនបទស្រុកស្រែចំការឡើយ ក្រោយពីរាជរដ្ឋាភិបាល ប្រើកណ្ដាប់ដៃដែកបង្ក្រាបបានមួយដង្ហើមចង្រិតកាលពីជាងមួយមុន ។ ល្បែងស៊ីសង ដែលកំពុងនាំមុខគេក្រោយដូលសន្លប់មួយដង្ហើមចង្រិត នាសព្វថ្ងៃនេះ គឺ ល្បែង«ឆ្នោត» ដែលជ្រកក្រោមស្លាកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនស្របច្បាប់ និងល្បែង«អនឡាញ» ដែលជ្រកក្រោមស្លាកអាជីវកម្ម«អ៊ីនធឺណិត» ។ តាមប្រភពព័ត៌មាន ល្បែងទាំងនេះត្រូវគេដឹងថា ភាគច្រើនបន្តផ្ទាល់ពីល្បែងស៊ីសង នៅតាមបណ្ដាកាស៊ីណូនានានៅក្នុងប្រទេសកម្ពុជា។ គេសង្កេតឃើញទីតាំងល្បែងទាំងនេះ បាននិងកំពុងកើតមានស្ទើរគ្រប់ទីកន្លែង។
ជាពិសេស នៅក្នុងក្រុងបាត់ដំបងតែម្ដង ដែលកំពុងដំណើរការយ៉ាងរលូនក្រោមខ្សែការពារយ៉ាងរឹងមាំពីមន្ត្រីខិលខូចមួយចំនួននៅក្នុងខេត្ត ។ ដូច្នេះហើយ ទើបពុំមានសមត្ថកិច្ចក្នុងអង្គភាពណាមួយ ចុះបង្ក្រាបឡើយ ព្រោះពួកគេចេះចែករំលែកគ្នាលេបជាប្រព័ន្ធតែម្ដង៕
ចែករំលែកព័តមាននេះ