ខេត្តកំពត ៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបុកបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈពេលបុរសរងគ្រោះរូបនោះជិះម៉ូតូបត់បម្រុងចូលផ្ទះមេភូមិដើម្បីធ្វើច្បាប់ការកូន ។ ហេតុការណ៍ដ៏អកុសលនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣៥នាទីព្រឹកថ្ងៃទី៧ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ត្រង់ចំណុចខាងលិចរោងលោកយាយម៉ៅភ្នំទ្វារចម្ងាយប្រមាណ៧០០ម៉ែត្រ ទល់មុខផ្ទះមេភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ។
តាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា នៅព្រឹកនោះគេឃើញរថយន្តក្រុងដឹកអ្នកដំណើរបើកបរមកពីទិសខាងលិចយ៉ាងលឿន ឯបុរសម្នាក់ជិះម៉ូតូហុងដា ពណ៌ខ្មៅ ស៊េរី២០០៤ មកពីទិសខាងកើត លុះមកដល់ចំណុចខាងលើ ក៏បត់ម៉ូតូមកខាងឆ្វេងដៃ ដោយពុំបានមើលរថយន្តរត់បញ្ច្រាសទិសគ្នាមកពីមុខដែលកំពុងមានល្បឿនលឿននោះទេ ។ ពេលបុរសជិះម៉ូតូនោះបត់បានបន្តិច រថយន្តក៏គេចមកខាងឆ្វេងដៃ រីឯបុរសដែលជិះម៉ូតូពេលឮរថយន្តស៊ីផ្លេ ក៏ស្ទាក់ស្ទើរបត់ក្រោយវិញ ចំណែករថយន្តឃើញចន្លោះម៉ូតូឃ្លាតពីស្តាំដៃ ក៏ងាកចង្កូតដើម្បីគេចឱ្យផុតពីម៉ូតូ តែដោយម៉ូតូបត់ក្រោយវិញក៏ បណ្តាលឱ្យបុកម៉ូតូពេញទំហឹងធ្វើឱ្យបុរសជិះម៉ូតូខ្ទាតធ្លាក់ទៅក្នុងស្នាមភ្លោះរងរបួសបែកក្បាល បាក់ចង្កេះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ រីឯម៉ូតូជនរងគ្រោះនៅកល់ជាប់ក្រោមរថយន្តអូសចម្ងាយជាង១០ម៉ែត្រ ទើបទៅមុខលែងរួច ។
កូនប្រុសរបស់ជនរងគ្រោះបានឱ្យដឹងថា ឪពុកខ្លួនឈ្មោះម៉ៅ ម៉ាន់ អាយុ៤០ឆ្នាំ ជាកសិករ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ។ គាត់បានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៤ ពាក់ស្លាកលេខកំពត 1A 7360 មកផ្ទះមេភូមិ ដើម្បីសុំច្បាប់ការកូននៅថ្ងៃទី២២ ឧសភា ខាងមុខនេះ លុះមកដល់មុខផ្ទះលោកមេភូមិក៏ជួបនឹងគ្រោះអកុសលនេះតែម្តង ។ ប៉ូលិសចរាចរបានឱ្យដឹងដែរថា គ្រោះថ្នាក់រវាងរថយន្ត និងម៉ូតូនេះបណ្តាលមកពីខ្វះការប្រុងប្រយ័ត្នដូចគ្នា រថយន្តបើមកពីខាងលិចបញ្ច្រាសទិសស៊ីផ្លេដែរ តែមិនបន្ថយល្បឿន រីឯម៉ូតូមុននឹងបត់ពុំបានមើលរថយន្តមកពីខាងមុខដែលកំពុងលឿន ពេលបត់បានបន្តិចហើយរថយន្តមកដល់ស៊ីផ្លេស្លន់ ក៏ងាកមកខាងឆ្វេងដៃ តែស្ទាក់ស្ទើរបកក្រោយវិញក៏ត្រូវរថយន្តបុកតែម្តង ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់បន្សល់ទុកអ្នកដំណើរនៅពេញរថយន្តបន្តិចក្រោយមក ទើបគេឃើញរថយន្ត របស់ក្រុមហ៊ុនមួយគ្រឿងផ្សេងទៀតមកសាងយកអ្នកដំណើរទៅភ្នំពេញបន្ត ។ មន្ត្រីប៉ូលិសបន្តទៀតថា រថយន្តដែលជួបគ្រោះថ្នាក់នេះ ជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរពណ៌ឆ្នូតក្រហម ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3B 0238 ជារថយន្តដឹកអ្នកដំណើរភ្នំពេញ-កំពត ។ ក្រោយពីធ្វើការពិនិត្យវាស់វែងរួច ប៉ូលិសបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូនិងរថយន្តនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានខេត្តរង់ចាំ ក្រុមគ្រួសារជនរងគ្រោះចូលមកដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ