សមាជិកអាល់កៃដាដែលជាប់ឃុំឃាំង១១នាក់ និងប៉ូលិសអុីរ៉ាក់៦នាក់បានត្រូវស្លាប់ កាលពីយប់ថ្ងៃទី៧ ឧសភា នៅក្រុងបាដាដ បន្ទាប់ពីការបះបោរក្នុងពន្ធនាគារមួយ បង្កឡើងដោយពួកអ្នកទោសដែលទទួលការចោទប្រកាន់ពីបទវាយប្រហារព្រះវិហារកាតូលិកមួយនៅរដ្ឋធានីអ៊ីរ៉ាក់កាលពីខែតុលាកន្លងមកនេះ ។ ការបាញ់តគ្នាកើតឡើងខណៈពេលកងកម្លាំងសន្តិសុខមានការសង្ស័យលើការជ្រើសរើសជនសកម្មប្រយុទ្ធនៃសាខាអ៊ិស្លាមជ្រុលនិយមមួយក្នុងពន្ធនាគារអ៊ីរ៉ាក់នេះ ក្រោយការស្លាប់របស់ប្រមុខរបស់ពួកគេ អូសាម៉ា ប៊ីនឡាដេន ។ ការបះបោរដែលមានរយៈពេលជាច្រើនម៉ោងក្នុងមជ្ឈមណ្ឌលឃុំឃាំងរបស់កងឯកភាពប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បណ្តាលឱ្យស្លាប់ជាពិសេសនូវមេប៉ូលិស៤នាក់ ក្នុងនោះមានឧត្តមសេនីយ៍ម៉ាវយេដ អាល់សាយេដ ប្រមុខកងឯកភាពនេះ ។ ឧប្បត្តិហេតុនេះត្រូវបានរៀបចំយ៉ាងល្អទុកជាមុន ។ ពួកឧក្រិដ្ឋជនគឺជាសមាជិកនៃក្រុមរដ្ឋអ៊ិស្លាមនៅអ៊ីរ៉ាក់ ។ នាយករដ្ឋមន្ត្រីបានចេញបញ្ជាឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ។ នាយប់ថ្ងៃទី៧ ឧសភានេះ វេលាម៉ោង២២ អ្នកទោសជាសមាជិកអាល់កៃដា ឈ្មោះ BATAOUI អាចដណ្តើមអាវុធពីប៉ូលិសពាក់ស័ក្តិ២ម្នាក់ ហើយបាញ់សម្លាប់នាយប៉ូលិសនោះ រួចរំដោះគ្នាគេជាច្រើននាក់ដែលជាអ្នកត្រូវចាប់ខ្លួនកាលពីខែវិច្ឆិកា កន្លងមកនេះ ។ ពួកបះបោរបន្ទាប់មកបានសម្លាប់ឧត្តមសេនីយ៍ម៉ាវយេដ និងមេប៉ូលិសជាច្រើននាក់ទៀត ។ អ្នកទោសបះបោរ៤នាក់ប៉ុនប៉ងរត់គេចខ្លួន ក៏ប៉ុន្តែត្រូវបាញ់សម្លាប់ដោយកងកម្លាំងជំនួយរបស់កងកម្លាំងសន្តិសុខដែលលើកមកដល់ទីនេះ ៕
ចែករំលែកព័តមាននេះ