ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើស​រត់​ចេញ​ពី​ទ្រុង​ក្នុង​វត្ត​ដេញ​វ័ធ​អ្នក​ភូមិ​ស្លា.ប់​ម្នាក់​របួស​ម្នាក់​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ប្រើសឈ្មោល១ក្បាល​​មានទម្ងន់ជាង២០០គីឡូក្រាម បានរួចចេញ​ពី​ក្នុង​ទ្រុងដែលព្រះចៅអធិការវត្ត​សន្ធរ​រង្សីចិញ្ចឹម ស្ថិតនៅភូមិអន្លង់សំឡី ឃុំខ្ពប​តាងួន ស្រុក​ស្ទឹង​ត្រង់ កាលពីវេលាម៉ោង​៨និង​៤៥​នាទីព្រឹក ថ្ងៃទី​៨ ឧសភា ២០១១ ។ ពេល​រួច​ចេញ​ពី​ទ្រុង​​នោះ​សត្វ​ប្រើស​ឈ្មោល​មួយ​ក្បាល​នេះ ប្រៀប​បាន​ទៅ​នឹងដំរីចុះប្រេង​

ខេត្ត​កំពង់​ចាម ៖ ប្រើសឈ្មោល១ក្បាល​​មានទម្ងន់ជាង២០០គីឡូក្រាម បានរួចចេញ​ពី​ក្នុង​ទ្រុងដែលព្រះចៅអធិការវត្ត​សន្ធរ​រង្សីចិញ្ចឹម ស្ថិតនៅភូមិអន្លង់សំឡី ឃុំខ្ពប​តាងួន ស្រុក​ស្ទឹង​ត្រង់ កាលពីវេលាម៉ោង​៨និង​៤៥​នាទីព្រឹក ថ្ងៃទី​៨ ឧសភា ២០១១ ។ ពេល​រួច​ចេញ​ពី​ទ្រុង​​នោះ​សត្វ​ប្រើស​ឈ្មោល​មួយ​ក្បាល​នេះ ប្រៀប​បាន​ទៅ​នឹងដំរីចុះប្រេង​ដេញវ័ធ​មនុស្ស​ក្មេងចាស់​ប្រុសស្រី​បណ្តាល​ឱ្យ​អ្នក​ភូមិ​នាំគ្នារត់​បាត​ជើង.ស​ព្រាត និង​បណ្តាលឲ្យប្រជាពលរដ្ឋម្នាក់ស្លាប់ និង​ម្នាក់​របួស ហើយ​ដោយខ្លាចមានបញ្ហា​គ្រោះ​​ថ្នាក់​កាន់តែធ្ងន់ធ្ងរនោះ​ប្រជាពលរដ្ឋ​ក៏​សំណូម​ពរឲ្យសមត្ថកិច្ចបាញ់ប្រហារប្រើស​នោះ​សម្លាប់​ចោល​តែម្តង ។

តាមលោក​អនុសេនីយ៍​ទោ ខេង សុខណា នាយ​ប៉ុស្តិ៍​រដ្ឋបាលឃុំខ្ពប​តា​ងួន បានប្រាប់ឲ្យដឹង​ថា ប្រជាពលរដ្ឋដែល​ត្រូវ​ប្រើសដេញវ័ធធ្លាយ​ពោះ​ស្លាប់ឈ្មោះ​ឌុច ស៊ន ភេទប្រុស អាយុ៦០​ឆ្នាំ និងអ្នករងរបួសឈ្មោះ​ម៉ុន លីន ភេទប្រុស អាយុ​៦០ឆ្នាំ​ដូចគ្នា​ ត្រូវភ្លៅ​ខាងឆ្វេង រស់នៅ​ភូមិ​ខ្ពបតាងួន ឃុំខ្ពបតាងួន ​មានចម្ងាយពីវត្ត​ប្រហែល​ជិត១​គីឡូ​ម៉ែត្រ។ លោកនាយប៉ុស្តិ៍​បន្ត​ថា សត្វ​ប្រើសដែលរត់រួចចេញពីក្នុងទ្រុងនោះ​​ត្រូវ​បានព្រះចៅអធិការវត្តយកមកចិញ្ចឹម​តាំង​ពី​នៅ​​តូចម៉្លេះ រហូតមកដល់ពេលនេះ៤ទៅ៥ឆ្នាំ​ហើយ។ ​ដោយ​ឡែក​នៅព្រឹកថ្ងៃទី៨ ឧសភា ដោយ​​សារតែប្រើសឡើងកវារមាស់ស្បែក និង​ស្នែង​​​ក៏​បានវ័ធទ្រុងសំណាញ់​រហូតដល់​ធ្លាយ​​រួច​បោល​ចេញ​មក​ខាងក្រៅវត្ត រំពេចនោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ក៏​នាំគ្នារត់ដេញតាម​ពី​ក្រោយ​កៀង​​ឲ្យចូលទ្រុងវិញ តែវា​មិនព្រមចូលសោះបែរ​ជា​រត់ចេញទៅកាន់តែឆ្ងាយទៅៗ។

លោក​នាយ​ប៉ុស្តិ៍​​រៀប​រាប់​​ទៀត​ថា ​លុះ​ពេល​បោល​​មកដល់ភូមិខ្ពបតាងួន ​សត្វ​ប្រើស​នេះ​បានដេញ​ជល់​ក្មេងៗដែលកំពុង​ដើរ​តាមផ្លូវ ។ បន្ទាប់​មក​​បុរសចំណាស់​ម្នាក់​ឈ្មោះ​ស៊ន ​បាន​កាន់ដំបងឈើ​ដេញ​កំញើញ​ឲ្យ​ប្រើសចេញ តែមិន​ចេញ​​បែរ​ជា​ដេញ​វ័ធ​បុរស​​រូប​នេះ​ត្រូវ​ឆ្អឹងជំនីរខាងស្តាំរយះ​ហូរឈាម​ស្រោច​ពេញ​ខ្លួ​ន​ប្រាណ ហើយព្យាយាមរត់​មក​ឡើង​ជណ្តើរ​ផ្ទះ​ក៏ត្រូវប្រើសកំណាចនោះដេញវ័ធត្រូវ​ពោះ​ថែម​ទៀត​បណ្តាល​ឱ្យ​ស្លាប់​។ ​ពេល​នោះ​ប្រជា​ពល​រដ្ឋនៅ​ក្នុង​ភូមិជា​ច្រើន​នាក់បានយកកំណាត់ឈើ និង​ដំបង​វែងៗដេញប្រើសនោះ ឯបុរសចំណាស់​ឈ្មោះ​លីន បាន​យក​ដងចបទៅរុញដេញក៏ត្រូវ​​ប្រើស​វ័ធ​ត្រូវភ្លៅខាងឆ្វេង​រងរបួសហូរឈាម​ផង​ដែរ ហើយ​បច្ចុ​ប្បន្ន​កំពុង​សម្រាកព្យាបាលនៅ​ផ្ទះ។

លោក​ខេង សុខណា បានបញ្ជាក់ថា ប្រើស​ឈ្មោល១ក្បាលនេះ មិន​ព្រម​បោល​ទៅណា​ទៀត​ទេ ​ដែល​ធ្វើឲ្យប្រជាពលរដ្ឋ​ខ្លាចរអាគ្រប់ៗគ្នា ដោយ​វា​នៅតែក្រវែលត្រង់​ឈាម​ដែលវ័ធ​ត្រូវ​មនុស្សស្លាប់។ ក្នុងស្ថាន​ភាព​បែបនេះ រូប​លោក (សុខណា) ក៏​បាន​ទូរស័ព្ទសុំ​គោលការណ៍​ពីលោកអធិការនគរបាលស្រុកស្ទឹង​ត្រង់ និង​លោក​គ្រូ​ព្រះចៅអធិការ​វត្តសន្ធររង្សី ​ហើយ​ត្រូវ​បាន​អនុញ្ញាតឲ្យបាញ់ប្រើសនោះសម្លាប់ចោល​តែម្តង ដើម្បីជៀសវាងកុំឲ្យគ្រោះថ្នាក់ដល់ប្រជា​ពល​រដ្ឋផ្សេងទៀត។ ខណៈទទួល​បានភ្លើង​ខៀវ​នេះហើយ រូបលោកនិងមន្ត្រីប៉ុស្តិ៍​ក៏​បានបាញ់​ប្រើស​នោះត្រូវចំក្បាល១គ្រាប់ជា​ហេតុបណ្តាល​ឲ្យ​ដួលប្រកាច់ងាប់១រំពេច៕