ក្រុមប្រឆាំងយេម៉ែននិយាយកាលពីថ្ងៃទី៨ ឧសភា ថា ខ្លួននឹងផ្តល់ពេល២ថ្ងៃដល់លោកប្រធានាធិបតិអាលីអាប់ឌុលឡាហ៍ សាឡេហ៍ ដើម្បីចុះហត្ថលេខាលើផែនការផ្ទេរអំណាច ជាកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលបានដោយក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) បើមិនដូច្នេះទេ ខ្លួននឹងទុកឱ្យលោកសាឡេហ៍ ប្រឈមមុខនឹងជម្រើសរបស់ពលរដ្ឋ។ អ្នកនាំពាក្យក្រុមប្រឆាំងនោះ លោក Mohamed Gahtan និយាយប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ក្រុមប្រឆាំងកាលពីថ្ងៃទី៨ ឧសភា បានសម្រេចចិត្តផ្តល់ពេល២ថ្ងៃ ដល់លោកសាឡេហ៍ ដើម្បីចុះហត្ថលេខាលើផែនការផ្ទេរអំណាចដែលបង្កើតឡើងដោយ GCC បើមិនដូច្នេះទេ យើងនឹងចូលរួមគាំទ្រជម្រើសរបស់ពលរដ្ឋដែរ ។
លោក Qahtan មិនបានបរិយាយឱ្យបានក្បោះក្បាយបន្ថែមទៀតនោះទេ ប៉ុន្តែលោកបានប្រលយពាក្យថា នឹងជំរុញឱ្យបង្កើនការធ្វើបាតុកម្មនៅតាមផ្លូវដើម្បីច្រានចោលគំនិតផ្តួចផ្តើមដែលផ្តល់ឱ្យលោកសាឡេហ៍ នូវអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោសជាជាងការទាមទារឱ្យលោកបញ្ចប់ការកាន់អំណាចជាបន្ទាន់ ។ ដោយឡែកកាលពីថ្ងៃទី៨ ឧសភា នោះដែរ ក្រុមប្រឆាំងយេម៉ែន ក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយអះអាងបញ្ជាក់ថា ពួកគេនឹងប្រកាន់យកគំនិតផ្តួចផ្តើមរបស់ GCC ដែលប្រកាសដាក់ចេញកាលពីថ្ងៃទី២១ មេសា កន្លងមក ។ ទោះបីជាបែបណា ការធ្វើបាតុកម្មនៅប្រទេសយេម៉ែននៅបន្តធ្វើទៀតកាលពីថ្ងៃទី៨ ឧសភា នោះនៅតាមបណ្តាក្រុងធំៗរបស់យេម៉ែន ក្នុងនោះមានរដ្ឋធានីសាណាផងដែរ ដើម្បីបន្តការច្រានចោលនូវផែនការផ្ទេរអំណាចរបស់ GCC ហើយទាមទារឱ្យលោកសាឡេហ៍ លាលែងចេញពីតំណែងប្រធានាធិបតីជាបន្ទាន់ ។
ជាមួយគ្នានេះ កងកម្លាំងសន្តិសុខនៅទីក្រុង Taiz របស់យេម៉ែន បានបាញ់រះលើការហែក្បួនបាតុកម្មរបស់គ្រូបង្រៀនជាច្រើនពាន់នាក់ បណ្តាលឱ្យស្លាប់គ្រូបង្រៀន៣នាក់ និង៥០នាក់ទៀតរងរបួស ។
គ្រូបង្រៀននៅប្រទេសយេម៉ែនជាច្រើនពាន់នាក់បានហែក្បួនធ្វើបាតុកម្មដើម្បីទាមទារការដំឡើងប្រាក់ខែ និងទាមទារឱ្យលោកសាឡេហ៍ លាលែងចេញពីតំណែងប្រធានាធិបតីជាបន្ទាន់៕
ចែករំលែកព័តមាននេះ