រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបន្តឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុ ចាប់ពីថ្ងៃ៥ ដល់១១ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបន្តមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យមលាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ការលើកឡើងរបស់ក្រសួងធនធានទឹកនេះ បន្ទាប់ពីនៅថ្ងៃទី៤ កក្កដាកន្លងមកនេះ នៅភ្នំពេញមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យបណ្តាផ្លូវមួយចំនួនក្នុងក្រុងភ្នំពេញលិចពិបាកធ្វើដំណើរ ពិសេសនោះទឹកភ្លៀងបានហូរចូលផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែង ។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា សប្ដាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ។

ក្រសួងលើកឡើងថា លក្ខណ:បែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមាន សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៤-៣៦អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។

ចំណែកនៅតំបន់ខ្ពង់រាបមាន សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៣-៣៥អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤ងង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងបានលើកឡើងទៀតថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅទីណាមកណា ៕



ចែករំលែកព័តមាននេះ