ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាមរីស៊េរីទំនើបមួយគ្រឿងដែលផលិតឆ្នាំ២០០៧ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដេញស្ទាក់ចាប់ជាច្រើនម៉ោងរហូតបែកកង់ក្រោយខាងឆ្វេង ទើបចាប់បាន ខណៈដែលរថយន្តនោះបានដឹកឈើគ្រញូង ហើយព្យាយាមបើករត់ពីការតាមចាប់នេះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលារសៀលថ្ងៃទី៧ឧសភា ត្រង់ចំណុចភូមិថ្នល់-ឃុំពេជចង្វា ស្រុកបរិបូណ៍។
តាមព័ត៌មានពីលោកអនុសេនីយ៍ឯកលឹម ហាក់ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា មុនពេលមានការដេញស្ទាក់រថយន្តទំនើបដឹកឈើប្រណីតនេះ លោកទទួលសេចក្តីរាយការណ៍ថា មានរថយន្តម៉ាកកាមរីស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខបណ្តោះអាសន្ន២០១៤ បើកពីទិសខាងលិចទៅកើតឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ភ្លាមនោះលោកក៏បានឆ្លងយោបល់ និងទទួលបញ្ជាពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបានសហការជាមួយមន្ត្រីជំនាញ ក៏បានស្ទាក់ហៅរថយន្ត នេះឱ្យឈប់ ប៉ុន្តែរថយន្តមិនព្រមឈប់ ថែមទាំងបើកគេចចុះឡើងរាប់សិបគីឡូម៉ែត្រ តាមផ្លូវលំក្នុងខេត្តទៀត
ផង ។ ទីបំផុតពេលដល់ចំណុចភូមិថ្នល់រថយន្ត បែកកង់រត់លែងរួច ទើបអ្នកជិះក្នុងរថយន្តចំនួន៤នាក់នាំគ្នាចុះរត់គេចខ្លួនបាត់អស់ ។
លោកបានបន្តថា ខណៈដែលរថយន្តរបស់លោកដេញជាប់ពីក្រោយរថយន្តជនល្មើសដែលមានអ្នកជិះខាងក្រោយ៤នាក់ បានលើកឈើគ្រញូងលើរថយន្តបោះស្ទាក់ផ្លូវ ដើម្បីបង្អាក់ដំណើររបស់លោក ប៉ុន្តែទោះជាយ៉ាងណា រថយន្តនេះបានបែកកង់រត់លែងរួចទើបយើងចាប់បាន ហើយក្រុមល្មើសមានគ្នា៤នាក់នាំគ្នារត់គេចខ្លួនអស់ ។ រថយន្តត្រូវបានយកមករក្សាទុកនៅទីបញ្ជាការដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកឈើគ្រញូងដែលនៅក្នុងរថយន្តនេះមានជាង៣ផ្លានត្រូវបានប្រគល់ជូនមេព្រៃជំនាញ។
បទល្មើសឈើគ្រញូងនេះ តែងកើតឡើងឥតឈប់ឈរលើផ្លូវជាតិលេខ៥ ដែលពេលនេះបានឈានដល់យករថយន្តមានតម្លៃថ្លៃរាប់ម៉ឺនដុល្លារ ដើម្បីប្រព្រឹត្តបទល្មើសនេះ ។ ដូចករណីដាច់ដោយឡែកមួយទៀតដែលបានកើតឡើងក្នុងសបា្តហ៍មុននេះ មានសមត្ថកិច្ចមួយក្រុមបានចាប់រថយន្តយ៉ាងទំនើបម៉ាកអេស្កាឡែតមួយគ្រឿងដែលដឹកឈើគ្រញូង ហើយក៏បានដោះលែងទៅវិញក្រៅប្រព័ន្ធតុលាការជាថ្នូរនឹងប្រាក់ជាង៦ពាន់ដុល្លារដែលព័ត៌មាននេះកោះសន្តិភាពនឹងបន្តផ្សាយលេខក្រោយ ៕
ចែករំលែកព័តមាននេះ