ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ជាប់ចោទពីបទរត់ការទាក់ទងរកម៉ូយលក់និងចែកចាយគ្រឿងញៀននិងជាអ្នកសេពគ្រឿងញៀន និងស្ត្រី២នាក់ទៀតជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀនបានត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ ដឹកនាំដោយលោកម៉េង ចន្ថា អធិការរងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៦ ឧសភា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី ។
លោកសួន ផាន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន១-ឈ្មោះប៉ាន់ ថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាប់ចោទធ្វើជាអ្នករត់ការរកម៉ូយលក់និងចែកចាយគ្រឿងញៀន និងជាអ្នកសេពគ្រឿងញៀនផងដែរ ២-ឈ្មោះថៃ ចាន់ថា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ និង៣-ឈ្មោះជាំង វិនអាន់គីម ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ស្ត្រីទាំង២នាក់ជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀន ។ ជនសង្ស័យទាំង៣នាក់នេះបានជួលផ្ទះស្នាក់នៅបណ្តោះអាសន្នរួមគ្នា ។
លោកសួន ផាន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ ក៏ដូចជាលោកម៉េង ចន្ថា អធិការរងនគរបាលក្រុងព្រះសីហនុបានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងមហាផ្ទៃអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក៏ដូចជាទទួលបានបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញក្រោមបទបញ្ជាដ៏តឹងរ៉ឹងរបស់លោកឧត្តមសេនីយ៍ត្រីតាក វណ្ណថា ស្នងការនគរបាលខេត្តព្រះសីហនុ និងមានកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋដែលជាកម្លាំងប្រជាការពារបានរាយការណ៍ពីចំណុចទីតាំងស្នាក់នៅរបស់ជនសង្ស័យខាងលើថាបាននាំគ្នាប្រើប្រាស់គ្រឿងញៀន ។ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានចុះឡោមព័ទ្ធនិងធ្វើការឆែកឆេររកឃើញថង់ប្លាស្ទិកសម្រាប់ច្រកម៉ាទឹកកកចំនួន២០ ដបច្នៃសម្រាប់ជក់១ ដែកកេះ៥ ប័ណ្ណប្រើប្រាស់អាវុធខ្លីលេខ១៦៦០ ចុះថ្ងៃទី១ ខែ សីហា ឆ្នាំ២០១០ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប៉ុន្តែរកអាវុធពុំឃើញ ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកគេពិតជាបាននាំគ្នាសេពគ្រឿងញៀននិងជាអ្នកទំនាក់ទំនងរកម៉ូយលក់គ្រឿងញៀនប្រាកដមែន ។ ចំពោះប័ណ្ណប្រើប្រាស់អាវុធខ្លីនោះពួកគេមិនបានដឹងទេ ព្រោះបន្ទប់ជួលនោះមានភ្ញៀវចេញចូលជាញឹកញាប់។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យនិងវត្ថុតាងដែលដកហូតបាន សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕
ចែករំលែកព័តមាននេះ