ខេត្តស្វាយរៀង ៖ មាតា បិតាសិស្សបានសម្តែងការអបអរសាទរចំពោះសមត្ថកិច្ចប៉ូលិស និងអាជ្ញាធរភូមិ-សង្កាត់ដែលបង្ក្រាបផ្ទះបើកទូហ្គេមមួយនៅភូមិមេភ្លើងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កាលពីថ្ងៃទី៧ ឧសភា វេលាម៉ោង៨ និង៤៥នាទីព្រឹក និងបានឃាត់ខ្លួនក្មេងៗលេងហ្គេមចំនួន៩នាក់ និងទូរទស្សន៍១៩អ៊ីញ ២គ្រឿង កុំព្យូទ័រ៤គ្រឿង សំភារលេងហ្គេម៦គ្រឿង និងឌីសហ្គេមមួយចំនួន។
លោកអនុសេនីយ៍ឯកប្រាក់ ជុត អធិការរងនគរបាលក្រុងស្វាយរៀងប្រាប់កោះសន្តិភាពថា ការបង្ក្រាបផ្ទះបើកហ្គេមនេះ គឺដោយសារមាតា បិតាសិស្សប្តឹង និងចោទថា មានផ្ទះបោកអ៊ុតមួយនៅខាងត្បូងសាលាបឋមសិក្សាព្រះសីហនុបើកទូហ្គេមឱ្យក្មេងចូលលេងធ្វើឱ្យកូនចៅពួកគាត់គេចសាលាមិនចូលរៀនដូច្នេះទើបលោកអធិការនគរបាលក្រុងដាក់បទបញ្ជាឱ្យរូបលោកដឹកនាំកម្លាំងទៅសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង លោកមេភូមិមេភ្លើង លោកចៅសង្កាត់ស្វាយរៀងដើម្បីបង្ក្រាប។
ម្ចាស់ផ្ទះបើកហ្គេមនេះឈ្មោះទិន សារ៉ាន់ ហៅតាក់ ភេទស្រី អាយុ៤៨ឆ្នាំ ប្រកបមុខរបរបោកអ៊ុត និងលួចដាក់ទូហ្គេមនៅខាងក្រោយផ្ទះចំនួន៦ទូ។ ចំពោះកុមារ៩នាក់ហៅឪពុកម្តាយមកធ្វើកិច្ចសន្យា និងអប់រំឱ្យនាំកូនត្រឡប់ទៅផ្ទះវិញ ។ ដោយឡែកម្ចាស់ផ្ទះហ្គេមបន្ទាប់ពីឃាត់ខ្លួនសាកសួរ និងអប់រំរួចឱ្យធ្វើកិច្ចសន្យា និងឱ្យត្រឡប់ទៅផ្ទះវិញ។ រីឯទូរទស្សន៍ និងកុំព្យូទ័រសំភារហ្គេមរក្សាទុកដោះស្រាយតាមច្បាប់។
អ្នកស្រីទិត សារ៉ាន់ ម្ចាស់ហ្គេមនិយាយទាំងទឹកភ្នែកថា រូបគាត់រកស៊ីបោកអ៊ុតចិញ្ចឹមកូន៣នាក់ ។ កូនប្រុស និងកូនស្រីច្បងបានរៀនរហូតដល់មហាវិទ្យាល័យឆ្នាំទីបីហើយ។ រូបគាត់មានជំងឺ ឯកូនៗពុំមានប្រាក់ដើម្បីបន្តការសិក្សាក៏បានសុំព្យួរត្រឡប់មករកស៊ីវិញ។ គាត់ជាស្រ្តីមេម៉ាយមានកូនរៀនផ្នែកIT ក៏យកកុំព្យូរទ័រ និងទូរទស្សន៍បើកហ្គេមទៅ ៕
ចែករំលែកព័តមាននេះ