ខេត្តព្រះសីហនុ ៖ មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតរងរបួសធ្ងន់ ដោយសារត្រូវរថយន្តបុក កាលពីថ្ងៃទី៥ ឧសភា វេលាម៉ោង៦ល្ងាច នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ។ លោកអនុសេនីយ៍ឯក សេង ចំរើន អធិការរងប៉ូលិសស្រុកព្រៃនប់ទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាកទីកូ ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ ២A-៧៥១០ មានទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះលី កុសល្យ ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិរកា ឃុំសំបូរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិវាលមាស ឃុំវាលរេញ ។
រថយន្តនេះបានជ្រុលទៅបុកម៉ូតូមួយគ្រឿងធុនសេ១០០ ស៊េរី២០០២ ពណ៌ខៀវ គ្មានស្លាកលេខ ដែលកំពុងបើកបរនៅលើចិញ្ចើមផ្លូវក្រួសក្រហមបណ្តាលឱ្យអ្នកជិះម៉ូតូមានគ្នា៣នាក់ គឺ១-ឈ្មោះថុង មករា ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកបររបួសធ្ងន់ ២-ឈ្មោះថុង ស្រីវីន ភេទស្រី អាយុ១៦ឆ្នាំ ជាអ្នករួមដំណើរ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ និង៣-ឈ្មោះថុង ស្រីដា ភេទស្រី អាយុ១៦ឆ្នាំ របួសធ្ងន់ អ្នកទាំងបីនាក់ជាសិស្សនិងមានទីលំនៅក្នុងភូមិវាលមាស។
លោកអធិការរងបានឱ្យដឹងទៀតថា មុនពេលកើតហេតុអ្នកបើកបររថយន្តខាងលើនេះ បានផឹកស្រានៅក្បែរចំណុចខាងលើអស់ចំនួន៤លីត្រមានគ្នា៥នាក់ ផឹករួចក៏ឡើងបើករថយន្តរបស់ខ្លួនតាមបណ្តោយផ្លូវជាតិ លុះចេញបានបន្តិចក៏បាត់បង់ស្មារតីបញ្ជារថយន្តលែងបានធ្វើឱ្យរថយន្តធ្លាក់ចិញ្ចើមផ្លូវជាតិទៅបុកជនរងគ្រោះដែលកំពុងជិះម៉ូតូនៅលើផ្លូវក្រួសក្រហមយ៉ាងពេញទំហឹងតែម្តង។ អ្នកបើកបររថយន្តមានភាពស្រវឹងខ្លាំង មានជាតិអាល់កុលដល់ទៅ០,៨៥មិល្លីលីត្រក្នុងមួយលីត្រខ្យល់ គឺជាកម្រិតខ្ពស់ដែលច្បាប់ហាមជាដាច់ខាតមិនឱ្យបើកបរ ហើយជាងនេះទៅទៀត គឺពុំមានប័ណ្ណបើកបរទៀតផង។ អ្នកបើកបររួមនឹងរថយន្ត និងម៉ូតូត្រូវបានបញ្ជូនទៅស្នងការដ្ឋានខេត្តចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ