ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រែក​ដើម​ពោធិ៍​សុំ​ឱ្យ​អ្នក​ចិត្ត​ធម៌​​មេត្តា​ជួយ​ព្រោះ​​ខ្លាច​គេ​កា.ប់​

14 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ដើម​ពោធិ៍​មួយ​ដើម​ត្រូវបាន​មនុស្ស​អគតិ​នាំគ្នា​គាស់​​យក​ទៅ​លក់​ឱ្យ​យួន​ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​ជា​ពុទ្ធ​សាសនិកដែល​ចាត់​ទុក​រុក្ខ​ជាតិ​នេះ​ថា ​ជា​​កន្លែង​សក្ការៈ​​មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​​ព្រោះ​​ភ័យ​​ខ្លាច​អស់​ដើម​ពោធិ៍​ពី​ទួល​បុរាណ​ដែល​ប្រជា​ពល​រដ្ឋ​ធ្លាប់​ទៅ​ធ្វើ​បុណ្យ​​ ហើយ​សុំ​ឱ្យ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ជួយ​​ទប់​ស្កាត់​ ជា​ពិសេស​​ក្រសួង​​ធម្ម​ការ​ និង​សាសនា​​ គួរតែ​មាន​វិធាន​ការ​ចាប់​ជន​ប្រព្រឹត្ត​​​ល្មើស​យក​ទៅ​ផ្តន្ទា​ទោស​ ។

ខេត្តស្វាយរៀង ៖ ដើម​ពោធិ៍​មួយ​ដើម​ត្រូវបាន​មនុស្ស​អគតិ​នាំគ្នា​គាស់​​យក​ទៅ​លក់​ឱ្យ​យួន​ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​ជា​ពុទ្ធ​សាសនិកដែល​ចាត់​ទុក​រុក្ខ​ជាតិ​នេះ​ថា ​ជា​​កន្លែង​សក្ការៈ​​មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​​ព្រោះ​​ភ័យ​​ខ្លាច​អស់​ដើម​ពោធិ៍​ពី​ទួល​បុរាណ​ដែល​ប្រជា​ពល​រដ្ឋ​ធ្លាប់​ទៅ​ធ្វើ​បុណ្យ​​ ហើយ​សុំ​ឱ្យ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ជួយ​​ទប់​ស្កាត់​ ជា​ពិសេស​​ក្រសួង​​ធម្ម​ការ​ និង​សាសនា​​ គួរតែ​មាន​វិធាន​ការ​ចាប់​ជន​ប្រព្រឹត្ត​​​ល្មើស​យក​ទៅ​ផ្តន្ទា​ទោស​ ។

កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ​វេលាម៉ោង​៧​​ព្រឹក​នៅភូមិ​ធ្មល់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ប្រជា​ពល​រ​ដ្ឋ​ឈ្មោះ​ហេង យ៉ែម ​អាយុ​៦៣ឆ្នាំ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ដើម​ពោធិ៍​មួយ​ដើម​​មាន​អាយុ​កាល​​ជិត​៤០​ឆ្នាំ​មក​ហើយ ដែល​មាន​ទំហំ​មុខ​កាត់​ប្រមាណ​១,២០​ម៉ែត្រ កម្ពស់​១៥​ម៉ែត្រ​ មាន​​មែក ​សាខា​​ដុះ​នៅ​លើ​ទួល​ភូមិ​ចាស់​ពី​បុរាណ​ ជា​ទី​កន្លែង​​​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ទុក​ជាទី​សក្ការ​​បូជា​ ​បាន​ត្រូវ​គេ​ជីក​គាស់ ។ ប្រជា​ពល​រដ្ឋ​មាន​ជំនឿ​ថា ដើម​ពោធិ៍​​មួយ​ដើម​នេះ​មាន​​ទេវតា​ថែរក្សា​​មាន​អ្ន​កតា​ម្ចាស់​​ស្រុក​នៅ​ក្រោម​ដើម​ពេល​មាន​មនុស្ស​ឈឺ​​តែង​តែ​ទៅ​បន់​ស្រន់​ដោយ​យក​​តង្វាយ​​មាន​ចេក ​ស្រា​ មាន់​​ស្ងោរ ​ក្បាល​ជ្រូក ទៀន​ធូប​ទៅ​ថ្វាយ​នៅ​ក្រោម​ដើម​ពោធិ៍ ​ដើម្បី​​​សុំ​​សេចក្តីសុខ​​ និង​សុំ​ឱ្យ​​ជា​សះ​ស្បើយ​​ ។ លុះ​ពេល​ធ្វើ​ការ​បន់​ស្រន់​ហើយ​​តែង​ជា​​សះ​ស្បើយ​​ ពេល​ធ្វើ​បុណ្យឡើង​​អ្ន​កតា​សុំ​ទឹក​​ភ្លៀង​តែង​​មាន​ទឹក​ភ្លៀង​​ធ្លាក់​គ្រប់​គ្រាន់​ផល​ស្រូវមាន​ទិន្ន​ផល​​ខ្ពស់​ ស្រុក​ភូមិ​សម្បូរសប្បាយ ។
​គាត់​បន្ត​ថា ​ម្យ៉ាង​ទៀត​​ដើម​ពោធិ៍​គឺជា​រុក្ខ​ជាតិ​សក្ការ​បូជា​តំណាង​ឱ្យ​​ព្រះ​ពុទ្ធ​​បរម​គ្រូ គង់​ផ្សព្វ​ផ្សាយ​​ព្រះ​ធម៌​ដល់​ពុទ្ធ​បរិស័ទ​ដែល​មិន​គួរ​មនុស្ស​អគតិ ​មក​គាស់​បំផ្លាញ​យក​ទៅ​លក់​​ឱ្យ​​បរទេស​​ដូច្នេះ​ទេ ។

ទាក់​ទិននឹង​​ករណី​ខាង​លើ​ លោក​ចៅ​សង្កាត់​ចេកបាន​ឱ្យ​ដឹង​ថា ​ក្រុម​ជន​ល្មើស​បាន​ធ្វើ​សកម្ម​ភាព​តាំង​ពី​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០១១ វេលា​ម៉ោង​៧​ព្រឹក រហូតដល់​​ម៉ោង​​​​១​រសៀល ដោយ​ជួល​កម្ម​ករ​​ជីក​ក្រឡឹង​គស់ រួច​យក​ត្រង់​​សឺ​ន័រ​​អារ​កាត់​ផ្តាច់​ឫស ​ហើយ​ទាល់​តែ​មក​ដល់​ថ្ងៃ​ទី​៤ ឧសភា ទើប​ប្រជា​ពល​រដ្ឋ​ដឹង​​ប្តឹង​មក​លោក​មេ​ភូមិ​និង​​ប្តឹង​រូប​លោក​ជាចៅសង្កាត់ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​​លោក​ក៏​បាន​​​ដឹក​នាំ​កម្លាំង​ទៅ​​បញ្ឈប់​សកម្ម​ភាព​នោះ​​ជា​បន្ទាន់​ ដោយ​ក្រុម​ជន​ល្មើស​ជួល​អេស្កាវ៉ាទ័រ​ស្ទូច​ដើម​ពោធិ៍​ដាក់​លើ​រថយន្ត​កាម៉ាស់​ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀត​​ណាម តែ​ត្រូវសមត្ថ​កិច្ច​ភូមិ​ឃុំ​​ទប់​ស្កាត់​មិន​ឱ្យ​ស្ទូច ។ ​ពេល​នោះ​​ក្រុម​ឈ្មួញ​ក៏​បាន​បញ្ឈប់​សកម្ម​ភាព ​​តែ​គួរ​ឱ្យ​​ស្តា​​យយ៉ាង​ខ្លាំង​ ព្រោះ​ដើម​ពោធិ៍​ដាច់​ឫស​អស់​ទៅ​ហើយ ​ទោះ​បី ជា​យ៉ាង​ណា​លោក​បាន​ឱ្យ​ឈ្មួញ​កាយ​ដី​លប់​កប់​ដើម​ពោធិ៍​​នេះ​វិញ ហើយ​ក៏​​​រាយ​ការណ៍​​ជូន​ទៅ​អាជ្ញា​ធរ​​ក្រុង-ខេត្ត​​រួច​ហើយ​ដែរ ។ ​លោក​ចៅ​សង្កាត់​​បាន​បញ្ជាក់ថា ដើម​ពោធិ៍​នេះ​ដុះ​លើ​ដី​​កម្ម​សិទ្ធិ​​របស់​ឈ្មោះ​ម៉ូញ ជា​អ្នក​ថែរក្សា ​​ទើប​គេ​​លក់​ឱ្យ​ឈ្មួញ​​ក្នុង​តម្លៃ​​ប្រមាណ​ជាង​៣.០០០​ដុល្លារ​ ហើយ​បើ​ដឹក​ចូល​​ដល់​ប្រទេស​វៀត​ណាម​ បាន​តម្លៃ​៥.២០០​ដុល្លារ។ ដោយ​សារ​តែ​ឈ្មួញ​​ហ៊ាន​​ឱ្យ​តម្លៃ​ថ្លៃ​នេះ​ហើយ​ទើប​ប្រជា​ពល​រដ្ឋ​ខ្លះ​លួច​គាស់​​លក់​បែប​នេះ ។

​ចំណែក​​ក្រុម​ប្រជា​ពល​រដ្ឋ​​វិញ​​បាន​សម្តែង​នូវការ​ខ​ក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ចំណាត់​ការ​របស់​លោក​ចៅ​ស​ង្កាត់​​ចេក ដែល​មិន​ព្រម​​ចាប់​ក្រុម​ជន​ល្មើស​​យក​ទៅ​ផ្តន្ទា​ទោស​​តាម​ច្បាប់ ជា​ពិសេស​ក្រុម​ឈ្មួញ​មួយ​ក្រុម​នេះ ពួក​គេ​​តែង​តែ​ដើរ​​ទិញ​ដើម​ពោធិ៍​​ ដើម​ជ្រៃ ​ដើម​រាំង​ភ្នំ ​តាម​ទី​ទួល​បុរាណ​​ តាម​វត្ត​អារាម​​ជា​ហូរ​ហែ​។ ពួក​គាត់​លើក​ឡើង​ថា ល្មម​ចាត់​វិធាន​ការ​បង្ក្រាប​​ក្រុម​ឈ្មួញ​ទាំង​នេះ​ហើយ​មិន​​គួរ​ដោះ​​លែង​ទេ ហើយ​​បើ​មិន​ទប់​ស្កាត់​​ទេ ដើម​ឈើ​ដ៏​កម្រ​អស់​នេះ​នឹង​ផុត​ពូជ​ជា​មិន​ខាន​ឡើយ៕