ខេត្តស្វាយរៀង ៖ បុរសម្នាក់មានជំងឺជាទម្ងន់ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តសង្គ្រោះពីរាជធានីភ្នំពេញទៅប្រទេសវៀតណាម តែអកុសលត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តសង្គ្រោះដែលដឹកបុរសនោះបុកជាមួយរថយន្តហាយឡិនឌ័រ វិល២-៣ជុំ និងខ្ទាចចម្ងាយប្រមាណ១០ម៉ែត្រ ធ្វើឱ្យអ្នកជំងឺក្នុងរថយន្តធ្លាក់ពីលើប្រង់ការ រីឯអ្នកបើកបរ គ្រូពេទ្យ និងអ្នកកំដរបានរងរបួសទាំងអស់គ្នា ធ្វើឱ្យគេលាន់មាត់ថា នេះពិតជាគ្រោះលើគ្រោះមែន។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៦ ឧសភា វេលាម៉ោង៣និង២០នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។ បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តសាមុយបើកបរពីទិសខាងលិចទៅទិសខាងកើតយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុពេលរថយន្តសាមុយបើកវ៉ារថយន្តហាយឡិនឌ័រ ក៏វ៉ាក់ជាមួយរថយន្តកុងតឺន័រដែលបើកបញ្ច្រាសទិសគ្នាធ្វើឱ្យអ្នកបើកបរបួងចង្កូតមកស្តាំវិញ បណ្តាលឱ្យបុកគូទរថយន្តហាយឡិនឌ័រ ពេញទំហឹងលាន់ដូចរន្ទះតែម្តង ។
ក្នុងហេតុការណ៍នេះបានបណ្តាលឱ្យរថយន្តហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-5238 រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណាំ រីឯរថយន្តសាមុយពណ៌ស ពាក់ស្លាកលេខ 2L-2829 ភ្នំពេញ របស់គ្លីនិក២១៥ ខ្ទាតចេញមកក្រោយវិលខ្ញាល់បីបួនជុំចម្ងាយប្រមាណ១០ម៉ែត្រទើបឈប់ស្ងៀម ធ្វើឱ្យអ្នកបើកបរឈ្មោះយឹម គឹមហៃ អាយុ២៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសត្រង់ចិញ្ចើម យ៉ាងដំណំសន្លប់នៅលើចង្កូតរថយន្ត ដោយឡែកអ្នកជំងឺធ្លាក់ពីលើប្រង់ការ និងគ្រូពេទ្យម្នាក់ ព្រមទាំងអ្នកកំដរម្នាក់រងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅរថយន្តសាមុយមន្ទីរពេទ្យខេត្តស្វាយរៀង មកដឹកអ្នកជំងឺទៅកាន់ប្រទេសវៀតណាមដើម្បីសង្គ្រោះ។ រីឯរថយន្តទាំងពីរគ្រឿងត្រូវប៉ូលិសការិយាល័យចរាចរណ៍ខេត្ត យកមករក្សាទុករង់ចាំការដោះស្រាយ ។ សមត្ថកិច្ចបានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តសាមុយខ្វះការប្រុងប្រយ័ត្ន ពេលបើកជែងមិនមើលមុខមើលក្រោយ ទើបបណ្តាលឱ្យបុករថយន្តគេពីក្រោយយ៉ាងដូច្នេះ តែសំណាងល្អរថយន្តសាមុយនោះរលត់ម៉ាស៊ីនកុំអីមិនដឹងទៅជាយ៉ាងណាទេ។ រីឯរថយន្តហាយឡិនឌ័របើកបរម្នាក់ឯងគ្រាន់តែរបួសស្រាល ដូច្នេះសមត្ថកិច្ចបានយករថយន្តទាំងពីរគ្រឿងមករក្សាទុក ដើម្បីឱ្យម្ចាស់គ្លីនិក២១៥ ភ្នំពេញ ចូលមកដោះស្រាយតាមច្បាប់ ។ ដោយឡែកអ្នកជំងឺបានសន្លប់ស្តូកស្តឹងមិនដឹងជាមានជំងឺអ្វីទេ ហើយមករងគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត មិនដឹងថាគ្រូពេទ្យអាចសង្គ្រោះបានឬយ៉ាងណាទេ ៕
ចែករំលែកព័តមាននេះ