ខេត្តបន្ទាយមានជ័យ ៖ រយៈពេលតែជាង១ម៉ោងប៉ុណ្ណោះ មានមនុស្សស្លាប់២នាក់ ក្នុងហេតុការណ៍ដោយឡែកពីគ្នាគឺហេតុការណ៍ទី១-យុវជនម្នាក់បានចង.កធ្វើអត្តឃាតសម្លាប់ខ្លួនដោយគ្មាននរណាដឹងពីមូលហេតុទេ ។ សាកសពយុវជនរងគ្រោះត្រូវគេប្រទះឃើញចង.កសម្លាប់ខ្លួននឹងក្រមានៅលើដើមទ្រយឹង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០១១ នៅភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ និងហេតុការណ៍ទី២-ក្មេងប្រុសម្នាក់បានស្លាប់ដោយឆក់ចរន្តអគ្គិសនី នៅវេលាម៉ោង១១ និង១៥នាទីថ្ងៃដដែល ចំណុចភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។
តាមព័ត៌មានពីលោកអនុសេនីយ៍ឯកដួង ទុំ អធិការរងនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះសេង ធឿន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិកើតហេតុខាងលើ ។ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះប្រទះឃើញសាកសពយុវជនរងគ្រោះស្លាប់ដោយយកក្រមាចង.កភ្ជាប់ទៅនឹងដើមទ្រយឹង នៅលើផ្ទះចម្ងាយ២០ម៉ែត្រ ប៉ុន្តែគេពុំដឹងថា យុវជនរូបនោះបានធ្វើអត្តឃាតតាំងពីពេលណានោះទេ។
លោកអធិការរងបានបន្តថា តាមការស្រាវជ្រាវ និងការបំភ្លឺពីឪពុកម្តាយយុវជនរងគ្រោះពុំមាននរណាដឹងពីមូលហេតុនោះទេ ។ ប៉ុន្តែកាលពី២ឆ្នាំមុន យុវជនរូបនេះធ្លាប់បានដើរវង្វេងផ្ទះអស់រយៈពេល១សប្តាហ៍ម្តងដែរ ពេលត្រឡប់មកផ្ទះវិញនៅសល់តែស្បែកដណ្តប់ឆ្អឹង ។ ចំពោះការធ្វើអត្តឃាតនេះសមត្ថកិច្ចសង្ស័យថា ជនរងគ្រោះកើតនូវជំងឺសរសៃប្រសាទ ។ សពជនរងគ្រោះត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ។
រីឯករណីទី២ តាមប្រភពព័ត៌មានពីលោកអនុសេនីយ៍ឯកកែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា កុមារារងគ្រោះឈ្មោះលន់ សារ៉ាត់ អាយុ៦ឆ្នាំ ឪពុកឈ្មោះពៅ សួគ៌ អាយុ៤០ឆ្នាំ និងម្តាយឈ្មោះឆេង ចិន្តា អាយុ៤០ឆ្នាំ ។ បើតាមការបំភ្លឺពីឪពុកម្តាយកុមាររងគ្រោះបានឱ្យដឹងថា គាត់មានកូនចំនួន៣នាក់ ស្រីម្នាក់ ហើយឈ្មោះលន់ សារ៉ាត់ ជាកូនពៅ ។ មុនពេលកើតហេតុ កូនប្រុសពៅរបស់គាត់បានដើរទៅយកស្បែកជើងដែលទុកនៅលើកេសធ្វើពីដែកស័ង្កសីក្រាស់មកពាក់ ក៏ស្រាប់តែឆក់ខ្សែភ្លើងតែម្តង ពេលនោះគាត់បាននាំយកកូនទៅគ្លីនិកឯកជនដើម្បីជួយសង្គ្រោះ បញ្ចូលអុកហ្ស៊ីសែន ប៉ុន្តែដោយគ្រោះថ្នាក់នោះវាធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះជីវិតកូនប្រុសជាទីស្រឡាញ់របស់គាត់បាន។ តែដោយការមិនអស់ចិត្ត និងក្តីអាលោះអាល័យកូនពេកនោះ ពួកគាត់បានយកកូនប្រុសទៅកប់នឹងដីខ្សាច់តាមជំនឿចាស់ៗ ក្រែងបានរស់ឡើងវិញ ប៉ុន្តែទីបំផុតនៅតែមិនអាចជួយជីវិតកូនរបស់គាត់បានដដែល។
លោកអធិការបានបញ្ជាក់ថា ទាក់ទិននឹងករណីខ្សែភ្លើងឆក់កុមារាស្លាប់នោះ តាមការពិនិត្យគឺ កេសធ្វើពីស័ង្កសីនោះបានដាក់លើខ្សែភ្លើងដែលមានមុខតំណដែលតគ្មានបច្ចេកទេសត្រឹមត្រូវ ហើយប៉ះជាមួយស័ង្កសី ទើបឆ្លងចរន្តភ្លើង នៅពេលដែលកុមាររងគ្រោះដើរទៅយកស្បែកជើងពាក់ប៉ះនឹងកេសដែកនោះក៏បណ្តាលឱ្យឆក់តែម្តងទៅ។ នេះជាការធ្វេសប្រហែលរបស់អាណាព្យាបាលមិនប្រយ័ត្នមើលខ្សែភ្លើងតប្រើប្រាស់ក្នុងផ្ទះ ៕
ចែករំលែកព័តមាននេះ