រាជធានីភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ ដែលជាអ្នកចាត់ចែង និងភ្នាក់ងារលេងល្បែ.ងស៊ីសងដោយខុសច្បាប់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់។
ជនសង្ស័យខាងលើនេះមានឈ្មោះ សែម ផល្លា ហៅ សីលា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហ្គេមឡូតូ ស្នាក់នៅបន្ទប់ជួលលេខ២ ផ្លូវបេតុង ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមដីកាបង្គាប់ឲ្យឃុំខ្លួនបានដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.អ្នកចាត់ចែង និងភ្នាក់ងារលេងល្បែ.ងស៊ីសងខុសច្បាប់ ដែលប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៥១៤ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិ មាត្រា ៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែ.ងស៊ីសង។
សូមជម្រាបផងដែរថា កាលពីពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនស្ត្រីមា្នក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងករណីចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នគរបាលព្រហ្មទណ្ឌ បានចុះបង្ក្រាបទីតាំងបើកលេងល្បែ.ងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ) មួយកន្លែង ដោយធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ដែលបានការអនុញ្ញាតិពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន ៖ ១- ម៉ូនីទ័រ ម៉ាក DELL ពណ៌ខ្មៅ ចំនួន០២គ្រឿង និងម៉ាក ១-O-DATA.CPU ពណ៌ខ្មៅ ចំនួន០១គ្រឿង, ២- ឃីបត ពណ៌ខ្មៅ ចំនួន០១.ម៉ៅ ចំនួន០១, ៣- ដុំវាយហ្វាយ ចំនួន០១ និងប្រាក់ ចំនួន ៤៥ ០០០ រៀល ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ